រាជធានីភ្នំពេញ ៖ ខេត្តហឺណានរបស់ប្រទេសចិនបានចាប់អារម្មណ៍លើផលិតផលស្រូវ អង្ករដែលមានគុណភាពខ្ពស់របស់កម្ពុជា ដើម្បីយកទៅធ្វើការកែច្នៃទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនានា ។
ការចាប់អារម្មណ៍របស់ចិន ខណៈគណៈប្រតិភូក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន បានជួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយក្នុងការទទួលគណៈប្រតិភូចិន និងពិនិត្យលទ្ធភាពនូវអ្វីដែលអាចធ្វើបានជាមួយគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន ។
ជាពិសេសកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៃប្រទេសទាំងពីរជាកិច្ចសហប្រតិបត្តិការគំរូ ដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយជួយអោយវិស័យកសិកម្មមានភាពល្អប្រសើរឡើងតាមរយៈច្រករបៀងមច្ឆា និងអង្ករ ។ នៅក្នុងកិច្ចពិភាក្សានោះភាគីគណៈប្រតិភូចិន បានបង្ហាញចំណាប់អារម្មណ៍ទៅលើផលិតផលសក្តានុពលរបស់កម្ពុជា ដូចជាស្រូវអង្ករដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃ ស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវា.យតម្លៃខ្ពស់នូវការអភិវឌ្ឍខេត្តហឺ ណាន ប្រទេសចិន ដែលពោរពេញទៅដោយ បច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ជាមួយនឹងធនធានមនុស្សក្នុងវិស័យកសិកម្ម ព្រមទាំងធនធានហរិញ្ញវត្ថុដែលនេះជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាឱ្យមានភាពល្អប្រសើរ ។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមអំពីផលិតផល កសិកម្មរបស់កម្ពុជា ដែលមានសក្តានុពលមួយចំនួនទៀតដូចជា ស្វាយ ស្វាយចន្ទី មៀន និងម្ស៉ៅមី ជាដើម ដែលកម្ពុជាមានភាពរឹងមាំនូវផ្នែកដាំដុះដែលត្រូវការការវិនិយោគ លើការកែច្នៃ វេចខ្ចប់ និងភស្តុភារកម្មទៅកាន់ទីផ្សារអន្តរជាតិ ជំរុញខ្សែច្រវ៉ាក់តម្លៃឱ្យបានខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុ ងវិស័យកសិកម្ម គឺសហគមន៍កសិកម្មទំនើបដែលភាគីចិន អាចពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមគាំទ្រដែលសហគមន៍ទំនើបនេះអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារផលិតផលគុណភាពល្អ និងមានតម្លៃបន្ថែមខ្ពស់ ។
សូមជម្រាបជូនថា ជំនួបនេះមានគោលបំណងពិភាក្សាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដំណាំស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអនុវត្តកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុសម្រាប់ ឧស្សាហកម្មដំណាំស្រូវ តាមរយៈផែនការគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ខេត្តហឺណានលើវិស័យដំណាំស្រូវ ៕
ចែករំលែកព័តមាននេះ