ខេត្តកំពង់ចាម ៖ កូនប្រុសអកត្តញ្ញូម្នាក់ជាកូនទីបីក្នុងចំណោមបងប្អូនបួននាក់បានផឹកស្រាស្រវឹង ហើយបង្កជម្លោះពាក្យសម្ដីជាមួយនឹងម្ដាយរបស់ខ្លួន។ ដោយសារតែអំណាចស្រាចូលពេញខ្លួនក៏បានយកភ្លើងដុតផ្ទះម្ដាយឆេះបង្ករអគ្គីភ័យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយពន្លត់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង៤និង៣០ល្ងាច នៅភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ផ្ទះរបស់ឈ្មោះ ឃី សំណាង ភេទស្រី អាយុ៥៤ឆ្នាំ ភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជាមួយនោះបានរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកមួយគ្រឿងចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។
លោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តដោយរថយន្តពន្លត់អគ្គីភ័យគឺបានប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមបង្ការនិងទប់ស្កាត់រាល់គ្រោះអគ្គីភ័យដែលកើតឡើងក្នុងភូមិសាស្ត្រស្រុកព្រៃឈរនិងតាមបណ្ដាស្រុកផ្សេងទៀត។ស្របពេលដែលមានអគ្គីភ័យកើតឡើងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានរាយការណ៍មករូបលោក តាមវិទ្យុទាក់ទង។រំពេចនោះក៏បានឲ្យរថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ភ្លាមៗ។
អធិការនគរបាលស្រុកព្រៃឈរប្រាប់បន្តឲ្យដឹងទៀតថា ចំពោះផ្ទះដែលឆាបឆេះនោះគឺជាផ្ទះអំណោយមនុស្សធម៌ដែលបានជួយសាងសង់ដល់ស្ត្រីជាម្ដាយដែលមានជីវភាពខ្វះខាតទំហំផ្ទះ៤ម៉ែត្រគុណ៥ម៉ែត្រ ឈើប្រក់ស័ង្កសី ជញ្ជាំងសង្កសី និងសម្ភារៈមួយចំនួនទៀត។
មុនពេលកើតហេតុ កូនប្រុសឈ្មោះដូន មាស ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាកូនបង្កើត ស្រវឹងស្រាឈ្លោះជាមួយម្ដាយ ឮប្រកែកទៅវិញទៅមកមិនបានប៉ុន្មានផងកូនប្រុសនេះបានឡើងទៅលើផ្ទះដុតផ្ទះឆេះ ។ ពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយសំណាងល្អដែលមានម៉ូទ័របូមទឹកក៏បានបូមបាញ់ស្រោចទៅលើផ្ទះរហូតដល់ធ្វើឲ្យភ្លើងបានរលត់ទៅវិញ។
ជាមួយនោះក៏មានរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរមួយគ្រឿងបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់បន្ថែមដោយមិនធ្វើឲ្យភ្លើងឆាបឆេះទៅដល់ផ្ទះអ្នកជិតខាង។
សមត្ថកិច្ចបានចលនាប្រជាការពារនិងប្រជាពលរដ្ឋនាំគ្នាបាញ់ទឹកពន្លត់បានទាន់ពេលនិងគ្រប់គ្រងស្ថានការបានទាំងស្រុងនៅវេលាម៉ោង៥និង៣០ល្ងាចនាទី ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ដូន មាស ត្រូវបានសមត្ថកិច្ច នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថាកន្លងទៅកូនប្រុសរូបនេះធ្លាប់បានប្រើអំពើហិង្សាវាយលើម្ដាយ បណ្ដាលឱ្យរងរបួសហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំលុះមកដល់ឆ្នាំ២០២២ ក៏បានមានសេរីភាពឡើងវិញ ។ តែកូនប្រុសរូបនេះមិនបានរាងចាលនោះទេ នៅតែបង្កបញ្ហាដល់គ្រួសារចុងក្រោយនេះបានដុតផ្ទះម្ដាយបណ្ដាលអោយឆេះខូចទាំងស្រុង។ ក្រោយពីមានហេតុការណ៍នេះអនុសាកាកបាទក្រហមស្រុកព្រៃឈរ ក៏បានត្រៀមអំណោយយកទៅចែកជូនដល់ស្ត្រីរងគ្រោះដោយអគ្គីភ័យនេះផងដែរ ៕
ចែករំលែកព័តមាននេះ