រាជធានីភ្នំពេញ ៖ ជនមិនស្គាល់មុខបានបើកយករថយន្ត១គ្រឿងទៅចតប្លុងចោលនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីចាក់សោទ្វរទាំង៥របស់រថយន្តរួចរាល់ហើយ ក៏បានចាកចេញទៅបាត់ស្រមោល ដោយពុំដឹងថាមានរឿងអ្វីនោះឡើយ ភ្លាមៗនោះដែរអ្នកភូមិក៏មិនបានចាប់អារម្មណ៍សួរនាំអ្វីទេ ព្រោះស្មានថាជាអ្នករស់នៅតំបន់នោះដែរ ។
ប៉ុន្តែគិតមកដល់ត្រឹមវេលាម៉ោងជាង១រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ មានរយៈពេលជិតកន្លះខែមកហើយ ពុំបានឃើញម្ចាស់បើកយកចេញពីទីនោះទៅណាទៀតសោះ ជាហេតុធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ។ ទើបអ្នកភូមិសម្រេចចិត្ត រាយការណ៍ជូនកម្លាំងប្រជាការពារភូមិឲ្យជួយរាយការណ៍បន្តទៅកាន់នគរបាលប៉ុស្តិ៍និងខណ្ឌ ចុះទៅពិនិត្យមើលនិងនាំយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់តែម្ដង ។
អ្នកភូមិបានប្រាប់ឲ្យដឹងថា រថយន្តខាងលើនោះម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AG-3396 ហើយកាលពីអំឡុងចុងខែសីហា ឆ្នាំ២០២៤ ជនមិនស្គាល់មុខបានបើករថយន្តនេះយកទៅចតចោលនៅទីនោះ ។ បន្ទាប់មកបានចាក់សោទ្វារទាំង៥របស់រថយន្តជាប់ រួចក៏បានចាកចេញទៅបាត់ស្រមោល ចំណែកពួកគាត់នៅពេលភ្លាមៗនោះ ពុំបានចាប់អារម្មណ៍ថា រថយន្តនេះត្រូវគេយកមកប្លុងចោលបែបនេះឡើយ ។
អ្នកភូមិដដែលបានប្រាប់បន្តទៀតថា ពួកគាត់ស្មានថា រថយន្តនេះគឺជារបស់អ្នករស់នៅក្នុងភូមិនោះដែរ ទើបភ្លាមៗនោះពុំមានការភ្ញាក់ផ្អើលអ្វីឡើយ ប៉ុន្តែគិតរហូតមកដល់ថ្ងៃទី៩ ខែកញ្ញា នេះមានរយៈពេល១៤ថ្ងៃមកហើយ ឃើញតែរថយន្តនេះស្ថិតនៅកន្លែងដដែលអត់វិលកង់ទៅណាសោះ ។ បើទោះជារថយន្តខូច ឬ ម្ចាស់នៅជិតនោះក៏គង់តែរកជាជួសជុល ឬទៅមើល និងយកក្រណាត់ទៅគ្របរថយន្តដែរ ប៉ុន្តែនេះអត់ដែលឃើញម្ចាស់ទៅជិតរថយន្តរបស់ខ្លួនសូម្បីបន្តិចឡើយ ។
ប្រភពខាងលើបានរៀបរាប់ប្រាប់បន្ថែមទៀតថា ដោយសារតែបែបនេះបានធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ហើយដោយខ្លាចមានការជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីមួយ នោះ ពួកគាត់ក៏បានរាយការណ៍ទៅកាន់ប្រជាការពារភូមិ ឲ្យរាយការណ៍ទៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ។ ក្រោយទទួលបានដំណឹងនេះភ្លាម នគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះទៅពិនិត្យមើល រួចហើយបានរាយការណ៍បន្តទៅកាន់នគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅពិនិត្យមើលបន្ថែមទៀត ។
មន្ត្រីនគរបាលមួយរូបបាននិយាយថា នៅពុំទាន់ដឹងថារថយន្តនេះត្រូវចោរលួចយកមកពីកន្លែងណាមួយទៅប្លុងចោលនៅទីនោះ ឬម្ចាស់មានរឿងអ្វីផ្សេងទៀតនោះទេទើបដាច់ចិត្តយករថយន្តទៅប្លុងចោលបែបនេះ ។ ប៉ុន្តែកន្លងមកក៏ធ្លាប់មានករណ៍បែបនេះញឹកញាប់ដែរ ហើយនៅពេលនគរបាលស្រាវជ្រាវទើបដឹងថា រថយន្តជនជាតិចិនជួលជិះ ។ លុះពេលត្រលប់ទៅស្រុកវិញអត់ប្រគល់ឲ្យម្ចាស់វិញទេហើយក៏អត់បង់លុយឈ្នួលឲ្យដែរ គឺបានបើកយកទៅប្លុងចោលតែម្ដង ប៉ុន្តែក៏នៅមានបញ្ហាផ្សេងក្រៅពីនេះច្រើនទៀតផងដែរ ។
នគរបាលរូបនោះបាននិយាយទៀតថា ដោយឡែកករណីខាងលើនេះក្រោយពីទទួលបានព័ត៌មានហើយ នគរបាលខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តសម្រាប់អូស១គ្រឿងទៅកាន់ទីនោះ ហើយបានធ្វើការពិនិត្យទៅលើរថយន្តព្រូសនេះយ៉ាងហ្មត់ចត់ ។ ប៉ុន្តែពេលនោះពុំឃើញមានអ្វីគួរឲ្សង្ស័យនោះឡើយ ហើយជាជំហ៊ានដំបូងនគរបាលបានដាក់ការសង្ស័យថា ម្ចាស់រថយន្តនោះអាចទិញបង់រំលស់ ហើយទំនងគ្មានលុយបង់បន្ត ទើបបើករថយន្តយកទៅប្លុងចោលបែបនេះតែម្ដង ។
បន្ទាប់មកនគរបាលក៏បានយកអូសយករថយន្តខាងលើនោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនសែនជ័យ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់និងមូលហេតុនៃការយកទៅប្លុងចោលនេះឲ្យដឹងពិតប្រាកដ ៕
ចែករំលែកព័តមាននេះ