រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាផ្លូវសរសៃឈា.មមួយ ក្នុងវិស័យដឹកជញ្ជូនទំនិញនានា ទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៤ បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចស្រុកលំផាត់ ខេត្តរតនគិរី មានប្រវែងសរុបជាង៣០៦គីឡូម៉ែត្រ ដោយក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ ។
ផ្លូវជាតិលេខ៧៦ ត្រូវបានបញ្ចប់ការសាងសង់នៅក្នុង២០១២ ដោយបានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថា ការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូររហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ ។
តួយ៉ាង ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈា.មក្នុងវិស័យដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសក៏ដូចជា បម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរផ្តល់ផាសុកភាព និងអមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវផងដែរ ៕
ចែករំលែកព័តមាននេះ