ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការចាប់ខ្លួនតាមដីការបស់តុលាការពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ។
ការឃាត់ខ្លួនបុរសខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង០៥នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីសមត្ថកិច្ចថា មុនឈានដល់ការឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការ សម្របសម្រួលនីតិវិធីដោយ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចាប់ឃាត់ឈ្មោះ បឹង ធី ហៅ ព្រហ្ម ធី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបានបន្តថា ការចាប់ខ្លួនបុរសខាងលើនេះ យោងតាមដីការឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ៥២២ ចេញដោយ លោក ថៃ គឹមមុនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ពីបទ÷ កាប់រានដីព្រៃ ឈូសឆាយដីព្រៃ និង ហ៊ុព័ទ្ធដីព្រៃរបស់រដ្ឋយកមកធ្វើកម្មសិទ្ធខ្លួនឯង។
បើតាមការបង្ហើបពីសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បុគ្គលឈ្មោះ ប៉ឹង ធី ហៅ ព្រហ្ម ធី នេះ មានដីជាច្រើនកន្លែងណាស់ ហើយសុទ្ធសឹងជាដីព្រៃរបស់រដ្ឋ ហើយបុគ្គលរូបនេះតែងតែមានការឃុបឃិតជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញខិលខូចមួយចំនួនទៀត តែងតែរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងយកទៅលក់បន្តឱ្យអ្នកមានលុយមានអំណាច ជាពិសេសនៅម្តុំ សហគមន៍ ឧត្តមស្រែពស់ និងកន្លែងផ្សេងៗទៀត ជាប់របងក្រុមហ៊ុនHLH មានដីរាប់ហិកតា។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំត្រពាំងជោ ក្នុងស្រុកឱរ៉ាល់ ធ្វើការសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តាស្រាវជ្រាវករណី ក្រុមជនខិលខូចមួយចំនួនដែលនៅសេសសល់ច្រើនទៀត ដែលតែងតែលួចកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃ ដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខ្លះលក់បន្តទៅឱ្យអ្នកមានលុយមានអំណាច។ ភាគច្រើននៅម្តុំរង្វង់មូល ស្ពានដែក ដែលស្ថិតនៅក្នុងភូមិច្រកទៀក និងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះតែម្តង។
បច្ចុប្បន្ន បុរសជាជនសង្ស័យត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធធនាគារខេត្តកំពង់ស្ពឺតែម្តង ៕
ចែករំលែកព័តមាននេះ