ទីក្រុងម៉ូស្គូ៖ នៅឯកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចចុងបូព៌ាដែលរៀបចំនៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី លោកពូទីនបង្ហើបឱ្យដឹងថាលោកពិតជាចង់ឃើញបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅប្រទេសអាមេរិកឈ្នះឆ្នោតឡើងកាន់អំណាចនៅអាណត្តិថ្មីជាខ្លាំង។ កាលពីមុននេះ លោករំពឹងថាលោកបៃដិននឹងឈ្នះឆ្នោត។ ប៉ុន្តែដោយសារលោកបៃដិនបានសម្រេចចិត្តដកខ្លួនថយទៅហើយ ហើយឥឡូវនេះ លោកស្រីហារីសឡើងឈរជាបេក្ខជនប្រធានាធិបតីវិញម្ដង។
ដូច្នេះ លោកពូទីនចង់ឃើញលោកស្រីហារីសឈ្នះឆ្នោតនៅចុងឆ្នាំនេះរ។ លោកនិយាយនេះមិនមែននិយាយដោយសុទ្ធចិត្តទេ។ ប៉ុន្តែនិយាយបៀបផ្គើន ឬស៊កសៀតសម្ដី។ លោកថ្លែងថាលោកពេញចិត្តនឹងសំណើចរបស់លោកស្រីហារីសដែលធ្វើឱ្យអ្នកដទៃចង់សើចតាម។ នេះហើយជាមូលហេតុធំដែលធ្វើឱ្យលោកចង់ឃើញលោកស្រីឈ្នះលោកត្រាំនៅចុងឆ្នាំនេះ។
លោកពូទីនថ្លែងយ៉ាងដូច្នេះមួយថ្ងៃបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកសម្រេចចោទប្រកាន់មន្ត្រីជាន់ខ្ពស់ខាងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី២រូបពីបទរៀបផែនការទុច្ចរិតដើម្បីបំភាន់មតិសាធារណៈនៅអំឡុងពេលបោះឆ្នោតខែវិច្ឆិកា។ ក្រសួងចោទប្រកាន់ថាអ្នកទាំង២មានគម្រោងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយប្រើប្រាស់យុទ្ធសាស្ត្រឃោសនាអកុសលរបស់រុស្ស៊ី។
នៅពេលអ្នកសារព័ត៌មានសួរថា «តើលោកប្រមើលឃើញយ៉ាងដូចម្ដេចចំពោះគម្រោងបោះឆ្នោតនៅអាមេរិកសព្វថ្ងៃនេះ?» លោកពូទីនតបថាទោះបីលទ្ធផលឆ្នោតយ៉ាងណាវាជាការសម្រេចចិត្តរបស់ប្រជាជនអាមេរិកផ្ទាល់។ កាលពីពេលលោកបៃដិននៅឈរឈ្មោះជាបេក្ខជនប្រធានាធិបតី លោកពូទីនក៏ធ្លាប់ប្រកាសចង់ឃើញលោកបៃដិនឈ្នះឆ្នោត និងឡើងកាន់អំណាចនៅអាណត្តិថ្មីផងដែរ។
ប៉ុន្តែគេត្រូវសង្កេតមើលទឹកមុខ និងវិភាគពាក្យសម្ដីរបស់លោកពូទីនឱ្យដល់ចំណុចស្នូលជាសារវ័ន្ត។ លោកពូទីននិយាយនេះមិនមែនឥតហេតុផលនោះទេ។ លោកធ្លាប់ប្រើប្រាស់សម្ដីរបៀបផ្គើន ឬស៊កសៀតថាដោយសារលោកបៃដិនជាមនុស្សដែលងាយស្រួលប៉ាន់ស្មានដឹងពីជំហាននយោបាយរបស់លោកទើបលោកពូទីនចង់ឃើញលោកបៃដិនឡើងកាន់អំណាច។
ចំពោះលោកត្រាំ លោកពូទីនថ្លែងថាពិបាកប៉ាន់ស្មានជំហានដើរ។ គ្រាន់តែថាលោកត្រាំមិនសូវមានពិសោធនយោបាយ។ កាលនោះ លោកពូទីនចាត់ទុកលោកបៃដិនជា «អ្នកនយោបាយប្រើស្ទីលចាស់»។ លោកពូទីននិយាយយោងទៅតាមពាក្យសម្ដីរបស់លោកបៃដិនដែលអំពាវនាវឱ្យក្រុមអ្នកគាំទ្ររបស់ខ្លួនបោះឆ្នោតឱ្យលោកស្រីហារីស។
ដូច្នេះ លោកពូទីនក៏ធ្វើទៅតាមសំណូមពរនេះផងដែរគឺគាំទ្រលោកស្រីហារីសដែរ។ លោកពូទីនថ្លែងថាលោកស្រីហារីសសើចចេញពីដួងចិត្តស្មោះ និងធ្វើឱ្យអ្នកដទៃចង់ផ្ទុះសំណើចដែរ។ មានន័យថាអ្វីៗគ្រប់យ៉ាងគឺជារឿងធម្មតាសម្រាប់លោកស្រីហារីស។
លោកពូទីនថ្លែងបន្តទៀតថាបើលោកស្រីហារីសឈ្នះឆ្នោតឡើងកាន់អំណាច លោកស្រីប្រហែលជាលែងដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីតទៅទៀតហើយ។ បើតាមការវិភាគរបស់ក្រុមស៊ើបការណ៍សម្ងាត់អាមេរិក រុស្ស៊ីចង់ឃើញលោកត្រាំឈ្នះឆ្នោតនៅអាណត្តិថ្មីព្រោះលោកត្រាំមិនសូវដាក់ចិត្តដាក់កាយយ៉ាងមោះមុតថាត្រូវតែគាំទ្រអ៊ុយក្រែនឱ្យអស់ពីចិត្តពីថ្លើមទេ៕
អត្ថបទពាក់ព័ន្ធ
ពូទីនជួយឡង់សេឱ្យបៃដិន និងចង់ឃើញគាត់ឈ្នះឆ្នោតនៅអាណត្តិថ្មី
ចែករំលែកព័តមាននេះ