ទីក្រុងម៉ូស្គូ៖ លោកពូទីនចាប់ផ្ដើមជួយឡង់សេឱ្យលោកបៃដឹននៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាចុងឆ្នាំ២០២៤។ បើប្រៀបធៀបរវាងលោកបៃដឹន និងលោកត្រាំ លោកពូទីនចង់ឃើញលោកបៃដឹនជាប់ឆ្នោតនៅអាណត្តិថ្មី។ ប៉ុន្តែទោះបីអ្នកណាឈ្នះឆ្នោតជាប្រធានាធិបតីក៏លោកមិនដឹងធ្វើយ៉ាងម៉េចដែរ។ លោកត្រូវតែធ្វើការជាមួយអ្នកនោះ។ នេះជាលើកទី១ដែលលោកពូទីននិយាយពាក់ព័ន្ធនឹងការបោះឆ្នោតអាមេរិកឆ្នាំ២០២៤។ លោកថាលោកបៃដឹនមានបទពិសោធជ្រៅជ្រះផ្នែកនយោបាយ និងការដឹកនាំ។ ម៉្យាងទៀត លោកបៃដិនមាននយោបាយច្បាស់លាស់ ងាយស្រួលព្យាករដឹងទុកជាមុន។
លោកពូទីនមិនបាននិយាយថាលោកត្រាំមានបទពិសោធនយោបាយ និងបទពិសោធដឹកនាំតិច ឬច្រើនទេ។ ប៉ុន្តែលោកយល់ថាលោកត្រាំជាមនុស្សពិបាកប៉ាន់ស្មាន។ ថ្វីដ្បិតលោកពូទីននិយាយថាលោកត្រាំពិបាកប៉ាន់ស្មាន ប៉ុន្តែពាក្យសម្ដីរបស់លោកត្រង់ចំណុចនេះរឹតតែពិបាកប៉ាន់ស្មានទៅទៀត។ តាមពិត លោកបៃដិនមិនសូវត្រូវគ្នាជាមួយលោកពូទីនទេ។ លោកតែងតែប្រឆាំងនឹងសង្គ្រាមអ៊ុយក្រែន និងផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែនជាហូរហែ។
គេឆ្ងល់ថាហេតុអ្វីលោកពូទីនមិនជួយឡង់សេឱ្យលោកត្រាំ បែរជាឡង់សេឱ្យលោកបៃដិនទៅវិញ? លោកត្រាំខំនិយាយផ្គាប់ចិត្តលោកពូទីនដល់ថ្នាក់បើកដៃឱ្យរុស្ស៊ីវាយប្រហារសមាជិកអង្គការណាតូតាមចិត្ត បើពួកគេមិនព្រមបង់ថ្លៃការពារឱ្យបានគ្រប់គ្រាន់។ កាលពីយប់មិញ លោកត្រាំនិយាយបែបនេះថែមទៀត។ កាលពីយប់មិញដែរ លោកបៃដិនឆ្លៀតនិយាយដៀមដាមថាលោកត្រាំកំពុងឱនលំទោនដាក់លោកពូទីនមែនទែនហើយ។
នៅក្នុងបទសម្ភាសនោះ លោកពូទីនមិននិយាយអំពីចំណុចអវិជ្ជមានរបស់លោកបៃដិនទេ។ ចំពោះសំណួរថាតើលោកយល់យ៉ាងដូចម្ដេចចំពោះសុខភាពលោកបៃដិន (និយាយភ្លេចមុខភ្លេច និងឧស្សាហ៍ដើរក្រឡាច់ជើងដួលជាញឹកញាប់)។ លោកពូទីនថាលោកមិនមែនជាដុកទ័រ ដូច្នេះ លោកមិនត្រូវការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសុខភាពរបស់លោកបៃដិនទេ។
លោកពូទីនកត់សម្គាល់ថានៅអាមេរិក គេនាំគ្នានិយាយឥតដាច់អំពីសុខភាពលោកបៃដិនដោយសារជារដូវកាលឃោសនាបោះឆ្នោត។ លោកថាកាលលោកជួបលោកបៃដិននៅប្រទេសស្វីសឆ្នាំ២០២១ក៏មានពាក្យចចាមអារ៉ាមអំពីសុខភាពលោកបៃដិនដែរ។ កាលនោះ លោកពិនិត្យឃើញថាលោកបៃដិនមានសុខភាពល្អ មិនដូចគេបារម្ភទេ។ លោកពូទីនចង់មានន័យថាបើទុកជាលោកបៃដិនជាប់ឆ្នោតមួយអាណត្តិទៀតក៏នៅតែអាចដឹកនាំប្រទេសបានដដែល។
ចំពោះពាក្យសម្ដីរបស់លោកត្រាំប៉ុន្មានថ្ងៃនេះនិយាយវាយប្រហារអង្គការណាតូយ៉ាងចាស់ដៃ, យប់មិញលោកត្រាំនិយាយថែមទៀតថាលោកបើកដៃឱ្យរុស្ស៊ីវាយប្រហារពួកគេស្រេចនឹងចិត្ត។ លោកពូទីនយល់ថាបញ្ហាទំនាក់ទំនងរវាងអាមេរិក និងសមាជិកណាតូ លោកទុកឱ្យអាមេរិកជាអ្នកសម្រេចចិត្តដោយខ្លួនឯងចុះ។
លោកគ្រាន់តែកត់សម្គាល់ថាការធ្វើអត្ថាធិប្បាយរបស់លោកត្រាំរតបតាមគោលនយោបាយកាលពីអាណត្តិមុន។ កាលនោះ គាត់និយាយដុកឱ្យសមាជិកណាតូត្រូវតែបង់ប្រាក់ថែមទៀត។ លោកពូទីនចាត់ទុកថាណាតូគ្រាន់តែជាឧបករណ៍នយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ ដូច្នេះ បើអាមេរិកយល់ថាណាតូលែងមានតម្លៃសម្រាប់អាមេរិកប្រើប្រាស់តទៅទៀត, វាជាជម្រើសរបស់អាមេរិកខ្លួនឯង៕
ប្រភព៖ Associated Press
https://apnews.com/article/russia-putin-biden-trump-fb2fece0be7685624a3e3e379a8a3bd3
ចែករំលែកព័តមាននេះ