ខេត្តបាត់ដំបង ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់បានវាយប្រហារលំនៅឋាន និងដើមឈើធ្វើឲ្យរលំសង្កត់រោងគោ លំនៅឋាន និងមនុស្សស្លាប់យ៉ាងរន្ធត់ ដែលបានកើតឡើងនៅស្រុកថ្មគោល និងស្រុកសំឡូត នាប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៤ កញ្ញា នេះ ភ្លៀងដែលលាយឡំដោយខ្យល់កន្ត្រាក់ បានវាយប្រហារយ៉ាងខ្លាំង ប៉ះទៅលើផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ។ យោងតាមរបាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា បានវាយប្រហាររលំដើមឈើសង្កត់រោងគោ០១ខ្នង និងផ្ទះ០១ខ្នង របស់ឈ្មោះឆាន់ ឈឿម ប្រុសអាយុ៥៩ឆ្នាំ រស់នៅលកន្លែងកើតហេតុ ។
របាយការណ៍បានបញ្ជាក់ថា ការខូចខាតរូមមាន៖ ១រោងគោ០១ខ្នងទំហំ៤ម៉x៦ម៉ ខូចខាតទាំងស្រុង ២ផ្ទះ០១ខ្នងទំហំ៤ម៉x៥ម៉ ធ្វើពីឈើប្រក់ស័ង្កសី ខូចខាតស្ទើរទាំងស្រុងដែរ តែមិនមានគ្រោះថ្នាក់មនុស្សឬសត្វគោឡើយ ។
ដោយឡែក នៅស្រុកសំឡូតឯណោះវិញ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្យល់កន្ត្រាក់បានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីទៀតភ្លឺ ថ្ងៃទី០៤ កញ្ញា រលំសង្កត់រោងតង់កៅស៊ូមួយកន្លែង នៅចំណុចភ្នំតង់ខៀវ ស្ថិតក្នុងភូមិអូរដើមចេក ឃុំមានជ័យ សង្កត់បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់នៅក្នុងរោង ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាន ធា ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅស្រុកឆ្លូង ខេត្តក្រចេះ ។
គាត់បានស្នាក់នៅក្នុងរោងតង់កៅស៊ូរបស់គាត់ ដែលចងក្រោមដើមឈើ ហើយត្រូវដើមឈើនោះរលំសង្កត់លើស្លាប់យ៉ាងអណោចអធម័ ពេលមានភ្លៀងនិងខ្យល់កន្ត្រាក់ ។
ជុំវិញករណីនេះ គេពុំទាន់ដឹងថា តើមូលហេតុអ្វីបានជនរងគ្រោះទៅបោះតង់កៅស៊ូក្រោមដើមឈើនោះទេ ទើបជួបគ្រោះថ្នាក់បែបនេះ ?
កោះសន្តិភាពមិនអាចសុំការបំភ្លឺបន្ថែមពីលោកម៉ែន រីម អធិការស្រុកសំឡូតបានទេ ចាប់តាំងពីម្សិលមិញ រហូតដល់ម៉ោងចេញផ្សាយ ពាក់ព័ន្ធករណីខាងលើនេះ ។ ប៉ុន្តែយ៉ាងណាក្ដី ប្រជាពលរដ្ឋគូរតែមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលបានកើតឡើងដោយយថាហេតុ ព្រោះពេលនេះជារដូវវស្សា ។
មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានចេញសេចក្ដីជូនដំណឹងអំពីការប្រែប្រូលនៃស្ថានភាពអាកាសធាតុនេះស្ទើររៀងរាល់ថ្ងៃ ដើម្បីប្រកាសឲ្យប្រជាពលរដ្ឋបានដឹង និងមានការប្រុងប្រយ័ត្ន ។ ដូច្នេះ ប្រជាពលរដ្ឋគូរតែមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានភាពកាចសាហាវដែលកើតឡើងនៅពេលមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ៕
ចែករំលែកព័តមាននេះ