ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ដោយសារតែជីវភាពក្រីក្របានហែលទឹកប្រឡាយឆ្លងទៅបេះផ្សិតអាកាស្យាលក់ ជាអកុសលបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម័។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ ២០២៤ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះឈា ឆៃ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះស៊ុន ឆាន អាយុ៤០ឆ្នាំ និងម្តាយឈ្មោះសុខ ផា អាយុ៣៩ឆ្នាំ មានកូន២នាក់ស្រី១ប្រុស១ហើយជនរងគ្រោះគឺជាកូនច្បង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ៤នាក់ បាននាំគ្នា ដើរដកផ្សិត ផ្ចាក់និងផ្សិតអាកាស្យា នៅតាមទួលខាងក្រោយភូមិដើម្បីយកទៅលក់ ។
ក្រោយពីដើរដកផ្សិតនៅតាមទួលរួចមក ក៏នាំគ្នាហែលទឹកប្រឡាយក្នុងគោលបំណងឆ្លងទៅដកផ្សិតនៅតាមភ្លឺប្រឡាយ ខណៈនោះក្មេងប្រុស០៣នាក់បានហែលឆ្លងទៅមុនដល់ត្រើយម្ខាង ចំណែងជនរងគ្រោះគឺហែលតាមក្រោយ ដោយដៃម្ខាងកាន់ថង់ដាក់ផ្សិត កន្លះថង់ ខណៈហែលបានជាងពាក់កណ្តាលជិតដល់ច្រាំងហើយ ស្រាប់តែជនរងគ្រោះហែលអស់ជើង ហែលលែងរួចក៏ស្រែកឲ្យមិត្តភក្តិជួយ ។
ខណៈនោះក្មេងទាំងបីនាក់បានយកមែកឈើឲ្យជនរងគ្រោះតោងដែរ តែជនរងគ្រោះតោងមិនបានក៏លិចទៅក្នុងទឹក ។ ពេលនោះក្មេងៗក៏ស្រែកហៅ បុរសម្នាក់ដែលកំពុងបោចស្មៅក្នុងស្រែឲ្យមកជួយ ខណៈនោះបុរសបោចស្មៅស្រូវក៏រត់មកជួយដែរ តែពេលមកដល់ ជនរងគ្រោះបានលិចចូលក្នុងទឹកបាត់ទៅហើយ ខណៈនោះអ្នកភូមិមកដល់ក៏ចុះរាវរកដែរ តែមិនឃើញរហូតដល់មួយម៉ោង ទើបរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចាស់ទុំក៏បានបីសពក្មេងរងគ្រោះយកទៅផ្ទះជីតា រួចរាយការណ៍ជូនសមត្ថកិច្ចដើម្បីមកពិនិត្យ ។
ទាក់ទិនករណីនេះដែរ ក្មេងទាំង០៣នាក់ទៅជាមួយនិយាយថា ជនរងគ្រោះចេះហែលទឹកដែរ ក៏ប៉ុន្តែដោយសារតែជនរងគ្រោះពេលហែលទឹកនោះដៃម្ខាងកាន់ថង់ផ្សិតលើកឡើងផុតពីទឹក ទើបហែលមិនផុតបែបនេះ បើបោះចោលថង់ផ្សិតប្រហែលជាមិនលង់ទឹកទេ អ្នកភូមិបានឮហើយអ្នកណាក៏មិនអាចទប់ទឹកភ្នែកបានឡើយ ខណៈក្មេងរងគ្រោះខំតស៊ូដើម្បីជួយរកលុយឲ្យម្តាយ ស្រាប់តែជួបគ្រោះអកុសលបែបនេះ។
ក្រោយមកសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតមែន ហើយក៏បានប្រគល់សពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ហើយអ្វីគួរឲ្យអាណិតនោះគឺម្តាយជនរងគ្រោះ គ្រាន់តែអ្នកភូមិប្រាប់ថា កូនប្រុសលង់ទឹកស្លាប់ស្រែកយំ រហូតសន្លប់ កូនប្រុសជាទីស្រឡាញ់ ឧស្សាហ៍ណាស់ ខំរៀនសូត្រ ហើយក្រៅពីពេលទំនេតែងតែ ដើរដកផ្សិត យកមកឲ្យម្តាយលក់ យកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ពេលនេះកូនប្រុសជាទីស្រឡាញ់បានលាចាកលោករហូតហើយគ្មានពេលវិលវិញទេ៕
ចែករំលែកព័តមាននេះ