ខេត្តបាត់ដំបង៖ អគ្គិភ័យដែលគេអះអាងថា បណ្ដាលមកពីទុស្សេខ្សែចរន្តអគ្គិសនី បានលេប
ត្របាក់លំនៅឋានមួយខ្នង ស្ទើរអស់នៅពេលម្ចាស់ផ្ទះជាប់រវល់ចេញក្រៅ កាលពីរសៀលថ្ងៃទី ០៤ កញ្ញា នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា លំនៅឋាននោះមានទំហំ ៥ម៉x៦ម៉ ធ្វើពីឈើដំបូលនិងជញ្ជាំងស័ង្ក្កសី ម្ចាស់ឈ្មោះ គឹម ចាន់ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាកសិកររស់នៅចំណុចកើតហេតុខាងលើ ។ អគ្គិភ័យបានឆេះ អស់ភាគច្រើនផ្នែកខាងក្នុង ខណៈម្ចាស់ផ្ទះទាំងប្ដី ទាំងប្រពន្ធចេញក្រៅផ្ទះមួយភ្លែត តែសំណាងល្អបានអ្នកភូមិជួយអន្តរាគមន៍ទាន់ ។
អធិការស្រុកសង្កែ លោក យុត តុងហូ បានប្រាប់ថា អគ្គិភ័យនេះ បានកើតឡើងនៅពេល ម្ចាស់ផ្ទះមិននៅ។ លោកនិយាយថា ពេលនោះប្ដីជាប់រវល់ទៅច្រូតស្មៅ រីឯប្រពន្ធជាប់រវល់ទៅយកកូនចេញពីសាលា ពេលចេញផុតបន្តិចស្រាប់តែមានអគ្គិភ័យកើតឡើងឆេះផ្ទះផ្អើលអ្នកភូមិព្រោងព្រាត។
លោកតុងហូ បានបញ្ជាក់ថា ពេលនោះ ម្ចាស់ផ្ទះមកទាន់ទេ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏ចេញមិនទាន់ដែរ តែភ្លាមៗនោះអ្នកភូមិដែលមានម៉ាស៊ីបូមទឹក និងម៉ូតូបូមទឹក បានប្រឹងប្រែងបាញ់ទឹកពន្តត់ ទើបទប់ស្កាត់បាន។ ប៉ុន្តែឆេះអស់ស្ទើរទាំងស្រុងផ្នែកខាងក្នុង និង ខាងក្រៅ។
បើតាមម្ចាស់ផ្ទះ និងសមត្ថកិច្ចដែលចុះពិនិត្យ បានធ្វើការសន្និដ្ឋានរួមគ្នាថា អគ្គិភ័យនោះអាចបង្កឡើងដោយសារការទុស្សេខ្សែចរន្តអគ្គិសនី។ បើនិយាយពីតុល្យការ នៃការខូចខាត បើតាមរបាយការណ៏សមត្ថកិច្ច ក្រៅពីឆេះផ្ទះ និងសម្ភារនៅក្នុងផ្ទះ នៅមានប្រាក់ខ្មែរ ប្រាក់បាត ប្រាក់ដុល្លារដែលសរុបជាទឹកប្រាក់ប្រាណ៦,០០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា រយៈពេល០៣ថ្ងៃ ដើមខែកញ្ញានេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន០៣លើកជាបន្តបន្តាប់។ ក្នុងនោះ នៅស្រុកបវេល០១លើក នៅស្រុកសង្កែចំនួន០២លើកផ្ទូនៗ តែពុំមានគ្រោះថ្នាក់មនុស្សទេ៕
ចែករំលែកព័តមាននេះ