ពលរដ្ឋម្នាក់ពឹងឱ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនធ្វើព្រំការពារដីរបស់ខ្លួន លុះប៉ះដំឡូងមីអ្នកជួលដីកើតមានបញ្ហា
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បុរសជាប្តីបានសុំឱ្យប្រពន្ធជិះម៉ូតូទៅមើលដំណាំដំឡូងមីរបស់ខ្លួនមួយកន្លែង ដែលបានជួលដីគេដាំ លុះពេលធ្វើដំណើរទៅដល់ភ្លាម អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តនោះ គឺប្រទះឃើញគ្រឿងចក្រ និងរថយន្តខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន កំពុងឈូសឆាយលើដំណាំដំឡូងមីរបស់ខ្លួន បណ្តាលឱ្យរងការខូចខាតអស់ចំនួន៤ទៅ៥ជួរ ខណ:ដែលលោកអនុប្រធានមន្ទីរមួយនេះ បានអះអាងថា លោកបានសុំការអនុញ្ញាតពីម្ចាស់ដីចំការរួចរាល់អស់ហើយ មុននឹងធ្វើការបើកបររថយន្តឆ្លងកាត់ដឹកដី។ ហេតុការណ៍ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមការរៀបរាប់ពីលោក គឹម ឈៅ ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងថា ៖ បន្ទាប់ពីសង្កេតឃើញភ្លៀងធ្លាក់ជោកជាំ ជាញឹកញាប់ស្ទើររាល់ថ្ងៃ ធ្វើឱ្យដំឡូងមីរបស់ខ្លួន ដែលបានជួលដីគេដាំចំនួន៣ហិកតា ស្ថិតនៅក្នុងភូមិខាងលើ (ក្នុង១ហិកតា ជួលគេតម្លៃ៨០ម៉ឺនរៀល) លុះដំណាំនេះ ដុះលូតលាស់យ៉ាងល្អ ក្រោយពេលដាំអស់ជាច្រើនលើកច្រើនសារ ដោយសារភាពរាំងស្ងួត។

ប្រភពដដែលបានបន្តទៀតថា ពេលប្រពន្ធជិះម៉ូតូទៅដល់ដីដំណាំភ្លាម ស្រាប់តែមានការស្លុតចិត្ត ហើយភ្ញាក់ផ្អើលហួសចិត្តយ៉ាងខ្លាំង ដោយឃើញរថយន្ត និងគ្រឿងចក្ររបស់មន្ទីរអភិវឌ្ឍន៍ជនបទ បានឈូសឆាយលើដើមដំឡូងមីរបស់ខ្លួនអស់ចំនួន៤ទៅ៥ជួរ ក៏ប្រញាប់ទូរស័ព្ទប្រាប់ប្តី លុះពេលទទួលដំណឹងភ្លាម បុរសជាប្តីប្រញាប់បើករថយន្តយ៉ាងលឿន ទាំងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងទៅឃើញជាក់ស្តែងមែន។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ពេលជួបជាមួយម្ចាស់ដី និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ក៏មានការជជែកគ្នារកខុសត្រូវរៀងៗខ្លួន ដោយរូបលោកជាម្ចាស់ដំឡូងមីបានជួលដីឱ្យថ្លៃឈ្នួលគ្រប់ចំនួនអស់ហើយ លុះពេលចង់ឈូសឆាយប៉ះពាល់ដំណាំ បែរជាមិនព្រមប្រាប់ដល់រូបលោកជាប្រជាពលរដ្ឋ ម្ចាស់ដំណាំសូម្បីតែបន្តិចនោះឡើយ។

បើតាមប្រភពពីលោក សុខ ភក្តី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានលើកឡើងថា ៖ ខាងលោកពិតជាបានជម្រាបជូនម្ចាស់ដីជាច្រើនលើកច្រើនសារអស់រយ:ពេលជាយូរថ្ងៃមកហើយឱ្យផ្តល់ដំណឹង និងស្នើសុំផ្លូវចូលទៅឈូសឆាយដី ដើម្បីយកទៅធ្វើផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បើសិនជាម្ចាស់ដំឡូងមីយល់ព្រម ខាងលោកនឹងធ្វើការឈូសឆាយផ្លូវចូលទៅទីនោះ។ លោកបន្តទៀតថា ក្រោយមកខាងម្ចាស់ដីប្រាប់ថា អ្នកជួលដីចំការយល់ព្រមអស់ហើយ គឺអាចចូលទៅឈូសឆាយបាន លុះក្រោយពេលឈូសឆាយបានបន្តិចស្រាប់តែមានរឿងបែបនេះតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ខាងលោកពិតជាមិនចង់ប៉ះពាល់ផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ។

ចំណែកស្ត្រីម្នាក់ជាម្ចាស់ចំការ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឱ្យដឹងដែរថា ៖ នាងជួលដីរបស់ខ្លួនឱ្យទៅស្ត្រីម្នាក់ ឈ្មោះ ម៉ៅ អាយុប្រហែល៥០ឆ្នាំ ឱ្យដាំដុះដំឡូងមីនៅលើដីនោះ។ តែគាត់មិនបានធ្វើខ្លួនឯងនោះទេ បែរជាជួលដីខាងលើនោះទៅឱ្យអ្នកផ្សេងវិញ ដោយពេលខាងមន្ទីរស្នើសុំឈូសឆាយ ខាងម្ចាស់ដីក៏បានប្រាប់យាយម៉ៅម្នាក់នោះដែរ ឱ្យជម្រាបម្ចាស់ដំណាំដំណាំដំឡូងមីផង។ តែគាត់បានប្រាប់ថា បានប្រាប់រួចរាល់អស់ហើយ ដោយម្ចាស់គេយល់ព្រម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកក៏មានការសម្របសម្រួលគ្នារវាងម្ចាស់ដី ជាមួយម្ចាស់ដំឡូងមី និងខាងមន្ទីរអភិវឌ្ឍន៍បទខេត្តប៉ៃលិន អស់រយ:ពេលយូរបន្តិច ក៏ត្រូវរ៉ូវគ្នា ដោយម្ចាស់ដីសុំសងថ្លៃការខូចខាតមួយចំនួន ដើម្បីបញ្ចប់រឿងនៅទីនោះតែម្តង៕



















ចែករំលែកព័តមាននេះ