ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សេចក្តីណែនាំ​នា​ពេល​ថ្មី​ៗ​នេះ​របស់​អគ្គនាយកដ្ឋាន សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ ពាក់ព័ន្ធ​នឹង រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ​.​ម គឺ​ហាក់ដូចជា ដំបៅ​ចាស់​រ៉ាំរ៉ៃ ដែល​ដាក់​ថ្នាំ​មិន​ចេះ​ត្រូវ ។ ដូច្នេះ​ស្ថាប័ន​នេះ…

សេចក្តីណែនាំ​នា​ពេល​ថ្មី​ៗ​នេះ​របស់​អគ្គនាយកដ្ឋាន សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ ពាក់ព័ន្ធ​នឹង រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ​.​ម គឺ​ហាក់ដូចជា ដំបៅ​ចាស់​រ៉ាំរ៉ៃ ដែល​ដាក់​ថ្នាំ​មិន​ចេះ​ត្រូវ ។ ដូច្នេះ​ស្ថាប័ន​នេះ ជា​ពិសេស​ក្រសួងការពារជាតិ គួរតែ​ដល់​ពេល ដែល​ត្រូវ​វះកាត់​ចេញ​ហើយ​កុំអោយ​ចេះ​តែ​បន្ត​កើត​មាន នៅ​ក្នុង​សង្គម​ដដែល​តទៅ​ទៀត ។

សេចក្តីជូនដំណឹង​ដែល​បាន​ប្រកាស​ជា​សាធារណៈ​បាន​សង្កត់ធ្ងន់ លើ​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​បទ​ប្បញ្ញត្តិ នៅ​ក្នុង​ក្រសួងការពារជាតិ ជា​ការ​ពង្រឹង​យ៉ាង​សំខាន់​នូវ​ពិធីសារ​សន្តិសុខ​ជាតិ ។ សេចក្តីជូនដំណឹង​នេះ បើសិនជា​យើង​មិន​ដែល​បាន​ឭ​ពី​មុន​មក​ឃើញ​ថា គឺ​ពិតជា​ឯកសា​គតិ​យុទ្ធ​មួយ ដែល​គេ​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ច្បាស់លាស់​សម្រាប់​រក្សា​គុណវុឌ្ឍិ​របស់​មន្ត្រី លើ​ការ​ប្រើប្រាស់​យានយន្ត​ដែល​មាន​ស្លាក​លេខ ខ​.​ម ។

សេចក្តីជូនដំណឹង​នេះ គឺជា​សារ​នៃ​ការ​ពញាក់​ការ​ប្រុង​ប្រយ័ត្ន និង​ការ​អនុលោម ពង្រឹង​គោលការណ៍​វិន័យ សន្តិសុខ និង​គណនេយ្យ​ភាព ក្នុង​វិស័យ​ការពារ​ជាតិ​របស់​កងកម្លាំង​ប្រដាប់ អាវុធ ប៉ុន្តែ​ធាតុ​ពិត​ទៅ​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ។

ចំណុច​ស្នូល​នៃ​សេចក្តីជូនដំណឹង​នេះ គឺ​ការ​ទទូច​ឲ្យ​កងកម្លាំង​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​តួនាទី​ការពារ​ជាតិ ត្រូវ​តែ​គោរព​ច្បាប់ និង​បទបញ្ជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ​.​ម ឲ្យ​ម៉ឺងម៉ាត់ ខណៈ​ដែល​កន្លង​មក​អ្នក​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត ខ​.​ម មួយ​ចំនួន​មាន​លេច​ចេញ​នូវ​បាតុភាព​អសកម្ម​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ​ដូច​ជា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ភាព​ក្រអឺតក្រទម និង​រហូត​ដល់​មាន​ជនបរទេស​ប្រើប្រាស់​វា បង្ក​បញ្ហា​សណ្តាប់ធ្នាប់​ក៏​មាន ។ រូបភាព​អសកម្ម​ជា​ហូរហែរ​បែប​នេះ​ហើយ ទើប​ចេះ​តែ​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងមូល ។

ដោយសារ​តែ​បាតុភាព​អសកម្ម​ទាំងនេះ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួងការពារជាតិ និង ក្រសួង​ផ្ទាល់ គឺ​ត្រូវ​តែ​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្លាក​លេខ​នេះ ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​មិនមែន​អ្នក​ដែល​មិនមែន​ជា កងកម្លាំង អ្នក​ដែល​គ្មាន​បេស​កម្ម និង​គ្មាន​បទបញ្ជា​ចេះ​តែ​ប្រើប្រាស់​ផ្តេសផ្តាស់​ហើយ​បើកបរ​បាន​ឡើយ ពីព្រោះ​វា​ប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ ។ ការ​ព​ង្រឹ​ក​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្លាក​លេខ កងកម្លាំង​នេះ មិន​គ្រាន់តែ​ជា​បញ្ហា​នៃ​បែបបទ​នីតិវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ការពារ​ជាតិ និង​សេចក្តី​ថ្លៃថ្នូ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​កងកម្លាំង ។

អគ្គនាយកដ្ឋាន​ជំនាញ​នេះ ក៏​បាន​បញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជា​នាយទាហាន ដែល​មាន​សិទ្ធ​ពេញលេញ ហើយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ​ហើយ​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួងការពារជាតិ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​វិស័យ​ការពារ​ជាតិ​នានា​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា ។ ក្នុង​ករណី​ដែល​អនុវត្ត​ការ​ប្រើប្រាស់​ផ្ទុយ​ខុស​ពី​ខ្លឹមសារ​ខាងលើ​អគ្គនាយក​ដា្ឋ​ន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន ។

ការ​គោរព​តាម​ច្បាប់​នេះ គឺ​ពិតជា​មាន​អត្ថន័យ​ណាស់ ហើយ​ពាក្យ​មួយ​ឃ្លារ​នេះ គឺ​នឹង​នាំ​អោយ​មន្ត្រី​កងកម្លាំង​មានគុណ​វុ​ឌ្ឍ៍ ប្រសិនបើ​ក្រោយ​ពេល​ដែល​ជូនដំណឹង​មន្ត្រី​កងកម្លាំង​ទាំងអស់​អាច​អនុវត្ត​បាន​ត្រឹមត្រូវ ។ ការ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ វា​គឺជា​សារ​មួយ​ដែល​ប្រាប់​សាធារណជន​ថា ច្បាប់​ត្រូវ​បាន​ពង្រឹង ហើយ​រាល់​លិខិត​បទដ្ឋាន​មានការ​អនុវត្ត​ពិតប្រាកដ​មិនមែន​មាន​តែ​នៅ​លើ​ក្រដាស ហើយ​រសាត់​តាម​ខ្យល់ ខណៈ​ដែល​បញ្ហា គឺ​នៅ​តែ​ជា​បញ្ហា​។

មក​ដល់​ពេល​នេះ បាតុភាព​អសកម្ម​នានា​ដែល​បង្ក​ឡើង ពី​អ្នក​ដែល​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ខ​.​ម​នេះ គឺ​ពិតជា​បាន​បង្ក​ផល​ប៉ះពាល់​សម្បើម​ណាស់ ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូ​របស់​កងកម្លាំង​ប្រដាប់ អាវុធ ដែល​ជា​ជ​ន្ទុ​ល​ទ្រទ្រង់​វិស័យ​ការពារ​ជាតិ ។ ករណី​ដូច​ជា ជនបរទេស​ប្រើប្រាស់​រថយន្ត​ខ​.​ម ហើយ បង្ក​បញ្ហា​ខុសច្បាប់ គឺ​រឹត​ជា​បច្ច័យ​ដ៏​អវិជ្ជមាន​ប៉ះពាល់​ដល់​សង្គម ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ គេ​នៅ​ចាំ​បាន​ថា កាល​រង្វង់​អំឡុង​ឆ្នាំ​២០២១ គឺ​ខាង​គយ​បាន​អនុវត្ត​បាន​មួយ​ប្រាវ ដោយ​បាន​បង្ខំ​ឲ្យ​រថយន្ត​ដែល​មិន​បាន​បង់ពន្ធ​ហើយ ប្រើប្រាស់​ស្លាក​លេខ​ខ​.​ម និង​ន​.​ប របស់​ក្រសួង មហាផ្ទៃ បាន​រាប់​សិប​គ្រឿង​ដែរ ប៉ុន្តែ​ពេល​នេះ​ក៏​ហាក់​កញ្ជ្រោក​ឡើង​វិញ​ដែល​ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​ម៉ឺង ម៉ាត់ ។

សរុប​ទៅ ក្រោយ​ពេល​ដែល​ក្រសួងការពារជាតិ បាន​ចេញ​សេចក្តីជូនដំណឹង​នេះ រាល់​បាតុភាព​អសកម្ម ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខ​.​ម នេះ គឺ​ត្រូវ​តែ​ចាត់វិធានការ​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​ដោយ​មិន​លើកលែង ។ បើ​មិន​ដូច្នេះ​ទេ ទោះ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ឬ​ក្រសួងការពារជាតិ ចេញ​សេចក្តីជូនដំណឹង​នេះ​រាប់​សិប​លើក​ក៏​ដោយ ក៏​វា​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​ដដែល ហើយ​វា​នៅ​តែ​ជា ជំងឺ​ដ៏​រ៉ាំរ៉ៃ ។

បញ្ហា​នៃ​ការ​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ ខ​.​ម នេះ គឺ​ត្រូវ​តែ​វះកាត់​ឲ្យ​ដាច់ស្រេច​យ៉ាង​យូរ​ត្រឹម​អាណត្តិ​ទី​៧ នេះ បើ​មិន​ដូច្នេះ​ទេ សង្គម​នៅ​តែ​បន្ត​កើត​មាន ហើយ​ភាព​រ៉ាំរ៉ៃ​នេះ គឺជា​រឿង​អសោច​នៃ​កេ​រ្ត​រិ៍មរ​តក​ជាតិ ។ សកម្មភាព​ផ្លូវច្បាប់​ដើរតួ​ជា​អ្នក​រារាំង​ការ​ប្រព្រឹត្តិ​ខុស ដែល​អាច​កើត​មាន និង​ជា​យន្តការ ដើម្បី​ពង្រឹង​វិន័យ​ក្នុង​ជួរ និង​ក្នុង​ចំណោម​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំង ។ ការ​ពង្រឹង​ការ​គ្រប់គ្រង​នេះ​បាន​សម្រេច គឺជា​ការ​បញ្ជាក់​ឡើង​វិញ​យ៉ាង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួងការពារជាតិ​ចំពោះ​សន្តិសុខ​ជាតិ ។ វា​គឺជា​សក្ខីភាព​នៃ​ការ​ធានា​ថា គ្រប់​ទិដ្ឋភាព​នៃ​ប្រតិបត្តិការ​ការពារ​ជាតិ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​ប្រកបដោយ​គណនេយ្យ​ភាព សុចរិត​ភាព និង​វិជ្ជាជីវៈ ។

ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ការ​រំ​លោ​.​ភ​បំពាន​ណាមួយ​បន្ថែម​ទៀត គឺជា​ការ​ពង្រឹង​សារៈសំខាន់​នៃ​បទ​ប្បញ្ញត្តិ​ទាំងនេះ ដោយ​គូសបញ្ជាក់​ពី​វិធីសាស្ត្រ​សកម្ម​ក្នុង​ការ​ការពារ​ជាតិ ។ នៅ​ក្នុង​ពិភពលោក​ដែល​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ផ្នែក​សន្តិសុខ​កំពុង​វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ ភាព​ច្បាស់លាស់ និង​ភាពរឹងមាំ​នៅ​ក្នុង​គោលនយោបាយ​ការពារ​ជាតិ​មិន​គ្រាន់តែ​ជា​ការ​ចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់តែ​សំខាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ