ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​១​ក្រុម​ស្ទាក់​គ​.​ប់​កញ្ចក់​ឡាន​អ្នក​ដំណើ​​រ​ពេល​យប់​ច្រើន​ខែ​ហើយ សមត្ថកិច្ច​ហាក់​​មិន​​ខ្វល់

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​មាន​បក្សពួក​ចន្លោះ​ពី​១០ ទៅ​២០​នាក់ ដែល​គេ​តែង​ឃើញ​ប្រមូលផ្ដុំ​គ្នា​នៅ «​សាលាឆទាន​»​ក្បែរផ្លូវ​ចូល​វត្ត​ចែង​ក្ដារ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ បាន​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នក​ដ​ណើ​រ​ពេល​យប់​ជា​ញឹកញាប់…

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​មាន​បក្សពួក​ចន្លោះ​ពី​១០ ទៅ​២០​នាក់ ដែល​គេ​តែង​ឃើញ​ប្រមូលផ្ដុំ​គ្នា​នៅ «​សាលាឆទាន​»​ក្បែរផ្លូវ​ចូល​វត្ត​ចែង​ក្ដារ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ បាន​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នក​ដ​ណើ​រ​ពេល​យប់​ជា​ញឹកញាប់ ដែល​កើតឡើង​ច្រើន​ខែ​កន្លង​មក​ហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​ធ្វើ​មិនដឹងមិនឮ​នឹង​សកម្មភាព​ក្រុម​ក្មេង​អន្ធពាល​ទាំងនេះ​ឡើយ​។

រហូត​ជន​រង​គ្រោះ (​ម្ចាស់​រថយន្ត​) លែង​ប្ដឹង ឬ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៀត​ឡើយ ដោយសារ​ប្ដឹង ឬ រាយការណ៍​ហើយ​សមត្ថកិច្ច​នៅ​តែ​មិន​កំរើក​ដេក​លក់​ស្ងាត់ឈឹង​ដដែល ។ ជាក់ស្ដែង នៅ​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៣ កញ្ញា នេះ ករណី​ដដែល​នេះ​បាន​កើត​ឡើងជា​ថ្មី ដែល​គេ​សង្ស័យ​ថា បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​អន្ធពាល​ដដែល នៅ​ចំណុច​ទីតាំង​ដដែល (​ម្ដុំ​សាលាឆទាន​) ។ ក្រុម​នេះ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​អ្នកដំណើរ ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ឆ្លងកាត់​ខាង​មុខ​ផ្លូវ​ចូល​វត្ត​ចែង​ក្ដារ ដែល​មាន​សាលាឆទាន ជា​ជម្រក​ក្រុម​ក្មេង​ពាល​នៅ​ក្បែរ​នោះ​ដែរ ។

គេ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​ក្នុងស្រុក​បាណ​ន់​នេះ បានដឹង​រឿង​នេះ​ដែរ ឬ​យ៉ាងណា​នោះ​ទេ ចំពោះ​ករណី​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ចុង​ក្រោយ​ខាងលើ​នេះ ? ប៉ុន្តែ​ត្រូវ​បាន​ម​ជ្ឍ​ដ្ឋា​ន​នានា​បានដឹង និង​បានឃើញ​អា​ខោ​ន​ហ្វែ​ស​ប៊ុ​កមួយ​ឈ្មោះ Theng Dara បង្ហោះ​តាម​បណ្ដាញ​​សង្គម ដោយ​បាន​បង្ហាញ​ពី​រថយន្ត​មួយ​គ្រឿង ត្រូវ​ជន​អន្ធពាល​គប់​កំ​បំបែក​កញ្ចក់​ខាង​មុខ អម​ដោយ​សំ​ណេ​រ​បញ្ជាក់​ប្រាប់​ពី​កាលបរិច្ឆេទ និង​ទីតាំង​កើតហេតុ​យ៉ាង​ច្បាស់លាស់​ទៀត​ផង ។ នៅ​ក្នុង​សំ​ណេ​រ ជាមួយនឹង​ការ​បង្ហាញ​រូបថត​រថយន្ត​០២​សន្លឹក មាន​ស្នាម​ប្រេះ​បែក​កញ្ចក់​ខាង​មុខ​ផង ម្ចាស់​អា​ខោ​ន Theng Dara មិន​បាន​សរសេរ​រិះគន់​ពី​វិធានការ ឬ​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ក្នុង​កិច្ចការ​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​សកម្មភាព​ក្រុម​ជន​អន្ធពាល​នេះ ឬ​កិច្ចការ ការពារ​សុវត្ថិភាព នៅ​ក្នុង​មូលដ្ឋាន​ទេ​។

ប៉ុន្តែ​គាត់​បាន​សរសេរ​បញ្ជក់​ប្រាប់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​លើ​រថយន្ត​នា​វេលា​ទៀប​ភ្លឺ​នោះ ត្រង់​ចំណុច និង ពេលវេលា​កើតហេតុ​ជាក់លាក់ ហើយ​ថែម​ទាំង​បាន​អំពាវនាវ​ដល់​អ្នកដំណើ​នានា ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើ​ឆ្លងកាត់​តំបន់​គ្រោះថ្នាក់​នោះ​នៅ​ពេល​យប់​ទៀត​ផង ។
អា​ខោ​ន​ឈ្មោះ Theng Dara បាន​សរសេរ​ថា «​សូម​ប្រុង​ប្រយ័ត្ន បងប្អូន​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវ​ចូល​«​ភ្នំ​តូច​» ស្ថិត​ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ (​ចំណុច​ផ្លូវ​ចូល​ភ្នំ​តូច នៅ​ខាងលិច​សាលាឆទាន​ខ្លោងទ្វារវត្ត​ចែង​ក្ដារ​ប្រហែល​៥០០​ម៉ែត្រ​) នៅ​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៣ ខែ​៩ នេះ មាន​ករណី​ក្មេង​ស្ទាវ​មួយ​ក្រុម ប្រដាប់​ដោយ​កាំបិត​និង​ដុំ​ថ្ម បាន​គប់​មក​លើ​រថយន្ត ត្រូវ​ចំ​កញ្ចក់​ផ្នែក​ខាង​មុខ តែ​សំណាងល្អ ដោយ​អ្នកបើកបរ​មិន​ត្រូវ​អ្វី​ទេ​» ។ គាត់​មិន​បាន​ប្រាប់​ពី​ប្រភេទ​រថយន្ត ហើយ​ម្ចាស់រ​យន្ត​ពិតប្រាកដ​ជា​នរណា ឬ​នៅ​ភូមិ ឃុំ​ណា​ទេ ។

ពាកព័ន្ធ​នឹង​សកម្មភាព​ក្រុម​ក្មេង​ជន​អន្ធពាល​គប់​រថយន្ត​កម្ទេច​កញ្ចក់​រថយន្ត​ខាងលើ​នេះ បើ​តាម​ប្រភព​អ្នក​ភូមិ​នៅ​ក្បែរ «​សាលាឆទាន​» បាន​ប្រាប់​កោះសន្តិភាព​ថា បើ​យោង​លើ​ពេលវេលា​នៃ​សកម្មភាព ដែល​ក្រុម​ក្មេង​ពាល​គប់​រថយន្ត​ខាងលើ​នេះ គឺ​កើតឡើង​ក្រោយ​ពេល​ក្រុម​ជន​អន្ធពាល​នេះ ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ​នៅ​លើ​សាលាឆទាន នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ កញ្ញា ។

ប្រភព​ដដែល​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោងជាង​១​រំលង​អ​អ្រា​ត្រ គេ​បានឮ​សំឡេង​ក្រុម​ក្មេង​ពាល​មួយ​ហ្វូង​ធំ ប្រមូលផ្ដុំ​គ្នា​នៅ​លើ​«​សាលាឆទាន​»​ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​ចែង​ក្ដារ​នោះ ។ គ្រានោះ គេ​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា លុះ​បន្តិច​ក្រោយ​ក៏​ស្ងាត់​អស់​ទៅ ។ ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ក្រោយ​ពួក​គេ​បែក​ហ្វូង​គ្នា​ពី​«​សាលាឆទាន​» ពួក​គេ​ចេញ​ទៅ​ជួបជុំ​គ្នា​នៅ​ម្ដុំ​ផ្លូវ​ចូល​ភ្នំ​តូច ដែល​មាន​ចម្ងាយ​ពី​សាលាឆទាន​ប្រហែល​៥០០​ម៉ែត្រ រួច​ក៏​ធ្វើ​សកម្មភាព​គប់​រថយន្ត​អ្នកដំណើរ​ខាងលើ​នេះ​តែ​ម្ដង ។

ព្រោះ​នេះ​មិ ន​មែន​ជា​លើក​ទី​០១​ទេ ដែល​ក្រុម​ក្មេង​ទំនើង​មុខសញ្ញា​ដដែល​ៗ​នេះ បាន​ធ្វើ​សកម្មភាព​គប់​រថយន្ត​អ្នកដំណើរ​ពេល​យប់ គឺ​ច្រើន​លើក​ហើយ ។ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ពិនិត្យ​ឬ​មាន​វិធានការ​ទៅ​លើ​ក្រុម​ជនពាល​នេះ​ម្ដងណា​ទេ​បើ​ទោះជា​គេ​ធ្លាប់​បាន​រាយ​ការ​ណ៏​ជា​បន្តបន្ទាប់​ក្ដី ។

ជុំវិញ​ករណី​នេះ ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បំភ្លឺ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បានដឹង​រឿង​ទាំងនេះ​ទេ ព្រោះ​លោក​ថ្នាក់​ក្រោម​មិន​ដែល​រាយការណ៍ ។ លោកស្នងការ​រង​បាន​បន្ថែម​ថា កន្លង​ទៅ ពេល​មាន​បទល្មើស​កើតឡើង​ម្ដង​ៗ​នៅ​តាម​ដ្ឋា​ន​គេ​មិន​ដែល​រាយ​ការណ៍​ទេ ។ គេ​ព្យាយាម​លាក់បាំង​អំពី​បទល្មើស ដូច្នេះ ហើយ​ទើប​លោក​មិនសូវ​ដឹង ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​នេះ​បាន​និយាយ​ថា ទីតាំង​«​សាលាឆទាន​» ក្បែរ​ខ្លោងទ្វារវត្ត​ដែង​ក្ដារ​ខាងលើ​នេះ ជា​ជម្រក​ក្រុម​ក្មេង​ទំនើង​ណាត់​ប្រមូលផ្ដុំ​គ្នា ។ ពេល​ជួបជុំ​ម្ដង​ៗ ពួក​គេ​មាន​គ្នា​ចន្លោះ​ពី​១០​ទៅ​២០​នាក់ ជិះ​ម៉ូតូ​កាន់​កាំបិត​ឬ​ដាវ​ក្ន​ង​ដៃ​យ៉ាង​ប្រ​សេក​ប្រសាច ។ មិនតែប៉ុណ្ណោះ បើ​តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ជា​រឿយ​ៗ​ពួក​គេ​ជួបជុំ​គ្នា​ប្រើប្រាស់ និង​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ឡើយ ព្រោះ​សមត្ថកិច្ច​មិន​ដែល​រំខាន​ពួក​គេ​ម្ដងណា​ឡើយ ។ ក្រោយ​ប្រព្រឹត្ត​គ្រឿងញៀន ពួក​គេ​ចេញ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​នានាដូច​ជា​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ផ្សេង​ៗ ហើយ​ពេល​ខ្លះ​ក៏​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ពេល​ថ្នល់​តែ​ម្ដង ។

កាលពីដើម​ខែកក្កដា​កន្លង​ទៅ​នេះ ក៏​មានការ​ស្ទាក់​គប់​រថយន្ត​នៅ​ម្ដុំ «​សាលាឆទាន​» ខាងលើ​នេះ​ដែរ ដែល​គេ​អះអាង​ថា បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​អន្ធពាល​ជក់​គ្រឿង​មួយ​ក្រុម​នេះ​ដែរ ។ រថយន្ត​ដែល​ធ្លាប់​ត្រូវ​ក្រុម​ជន​អន្ធពាល​ខាង​គប់​កម្ទេច​កញ្ចក់​លេង​ជា​ល្បែង​របស់​ពួក​គេ​នោះ ភាគច្រើន​ជា​រថយន្ត​ដឹក​ត្រី និង​ដឹក​បន្លែ ឆ្លង​កាត់ត​មំ​បន់​គ្រោះថ្នាក់​នោះ នៅ​ពេល​រំលង​អធ្រាត្រ ។

ម្ចាស់​រថយន្ត​ខ្លះ​ក៏​បាន​ប្ដឹង​ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច តែ​ម្ចាស់​រថយន្ត​ខ្លះ​ទៀត មិន​ហ៊ា​នំ​ខាន​ដល់​សមត្ថកិច្ច​ទេ ព្រោះ​គិតតែ​រឿង​របរ​រកស៊ី​ចិញ្ចឹម​ក្រពះ ម្លោះ​ហើយ​ធ្វើ​ឲ្យ​ក្រុម​ក្មេង​អន្ធពាល​មួយ​ហ្វូង​ធំ​ប្រចាំ«​សាលាឆទាន​» ខាងលើ​កាន់តែ​បានដៃ ប្រព្រឹត្ត​បទល្មើស​គ្រប់​សកម្មភាព ទៅ​លើ​អ្នក​ដំណើរ​ពេល​យប់ ខណៈ​ដែល​សមត្ថកិច្ច​ស្ពឹក​ស្រពន់ គ្មាន​សមត្ថភាព​ចេញ​ត្រូ​ត​ពិនិត្យ ឬ​បង្ក្រាប​បទល្មើស​ទាំងនេះ​ផង ទើប​ធ្វើ​ឲ្យ​បទ​ល្មើ​ល​នានា ចេះ​តែ​កើនឡើង​ទ្វេ​ដង នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​បាណ​ន់​ទាំងមូល ។

ដូច្នេះ លោកស្នងការ​ដែល​ទើប​ចូល​កាន់​មុខ​តំណែង​បាន​ជាង​១​ខែ កន្លង​ទៅ​នេះ គូរ​តែ​មាន​វិធាន​ការ​ក្ដៅ និង​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អសកម្ម ទាំង​នៅ​ក្នុង​ការិយាល័យ​ជំនាញ ទាំង​នៅ​តាម​បណ្ដា​អធិការ​ស្រុក​នានា ដើម្បី​ពង្រឹងសមត្ថភាព បង្ក្រាប និង​ទប់ស្កាត់​បទល្មើស ដែល​កំពុង​កើត​មាន​កាន់តែ​ច្រើន​ឡើង​ៗ​ដោះស្រាយ​មិន​ចេញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ