រាជធានីភ្នំពេញ ៖ ជឿជាក់ថា លោកអ្នកដែលរស់នៅតាមតំបន់ស្រុកព្រៃ ស្រុកភ្នំ ពិតជាធ្លាប់បានប្រទះឃើញនូវប្រទាលព្រៃមួយប្រភេទនេះ ដែលមានដុះយ៉ាងសម្បូរហូហៀរតាមធម្មជាតិ ដោយហៅឈ្មោះរបស់វាខុសៗគ្នាទៅតាមតំបន់ ប៉ុន្តែភាគច្រើននិយមហៅថា«ខ្ញីទឹកខ្ញីភ្លើង» «ខ្ទី» ឬក៏«ខ្ទឺ» ។

យ៉ាងណាក៏ដោយយោងតាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួនណាត ឈ្មោះផ្លូវការរបស់ប្រទាលព្រៃមួយប្រភេទនេះ គឺ«ផ្ទឺ» ។ តោះមកដឹងលម្អិតទាំងអស់គ្នាថា ខ្ញីទឹកខ្ញីភ្លើង ឬផ្ទឺ មានអត្ថប្រយោជន៍អ្វីខ្លះ?
យោងតាមអត្ថបទស្រាវជ្រាវ របស់អ្នករុក្ខវិទូ សុខ វិជ្ចា ម្ចាស់ផេក Biohistory of Cambodia បានបញ្ជាក់ថា ផ្ទឺ ជាពួកប្រទាលម្យ៉ាងច្រើនមានដុះក្នុងព្រៃធំ ឬព្រៃល្បោះនាតំបន់ត្រូពិចក្តៅសើមនៃទ្វិបអាស៊ី ។ ស្លឹក និងដើមជាទូទៅមានពណ៌បៃតងចាស់ ផ្ទៃស្លឹកមានសណ្ឋានរលោងចាំង អ្នកនិយមដើរព្រៃគេអាចប្រើស្លឹកវាសម្រាប់ខ្ចប់អាហារបាន ឬខ្ចប់របស់ផ្សេងៗយកទៅអាំងសម្រាប់បរិភោគតាមបែបអាហារអ្នកព្រៃភ្នំបាន ។

ផ្កាផ្ទឺ ច្រើនលូតចេញពីគល់ដូចពពួកដើមខ្ញីស្រុកយើងដែរ ពេលផ្កាលូតចេញមកថ្មីច្រើនមានពណ៌បៃតង ពេលចាស់បន្តិចវាក៏ប្រែពណ៌ទៅជាក្រហមវិញ និងមានសារជាតិទឹករំអិល នៅតាមស្រទាប់ផ្កាទៀតផង ចំណុចនេះហើយ ដែលអ្នកភូមិគេហៅថា ខ្ញីទឹកខ្ញីភ្លើងនោះ ព្រោះផ្កាវាមានទឹក និងពណ៌ក្រហមដូចរងើកភ្លើង ។
នៅតាមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនគេបានយកទឹករំអិលចេញពីផ្ការបស់វាទៅធ្វើជាសាប៊ូសម្រាប់កក់សក់ និងខ្លះប្រើជាសាប៊ូដុសខ្លួន ខណៈដែលទឹករំអិលរបស់វាក៏អាចមកបរិភោគបានផងដែរ ។
នៅប្រទេសថៃ ដើមផ្ទឺ ត្រូវបានគេយកមកដាំជាចម្ការសម្រាប់កាត់យកផ្កាលក់ និងយកមើមលក់ដូចគ្នា ព្រោះវាមានអត្ថប្រយោជន៍២យ៉ាងចេញពីដើមរបស់វាដោយផ្កាគេយកទៅប្រើសម្រាប់តុបតែងលម្អរ និងមើមប្រើជាឱសថបុរាណ ។
-ខ្ញីទឹកខ្ញីភ្លើង ឬ ផ្ទឺ មានទំនាក់ទំនងយ៉ាងណា នៅក្នុងសង្គមខ្មែរ?

យោងតាមវចនានុក្រមរុក្ខជាតិប្រើប្រាស់នៅប្រទេសកម្ពុជា បានអោយដឹងថា មើមផ្ទឺ យើងអាចយកមកបិរិភោគបានដោយភាគច្រើនខ្មែរយើងសម័យមុននិយមយកមកប្រើជាគ្រឿងសម្លរ និងគ្រឿងជ្រក់បាន ។
យោងតាមក្បួនឱសថបុរាណមើម យើងអាចប្រើជាថ្នាំលើកកម្លាំង និងសម្អាតឈាមបាន ភាគច្រើនគេយកមើមផ្ទឺមកត្រាំស្រាស រួចផឹក ដើម្បីជួយព្យាបាល ការរសាប់រសល់ កើតខ្យល់គរជាដើម និងអាចប្រើជាថ្នាំជួយលើកកម្លាំងដល់ស្ត្រីទើបសម្រាលកូនរួចជាដើម ។
នៅប្រទេសកម្ពុជាយើងសព្វថ្ងៃមានក្រុមហ៊ុនគ្រឿងសម្អាងមួយបានយកដើមផ្ទឺនេះ មកកែច្នៃជាគ្រឿងសម្អាងផងដែរ ។
មកទល់សព្វថ្ងៃនេះ នៅកម្ពុជាយើង មានតំបន់ខ្លះគេបានកែច្នៃមើមរបស់វា ទៅជាម្សៅសម្រាប់ប្រើជាឱសថបុរាណ និងចម្រាញ់យកសារធាតុគីមីចេញពីមើមវា ដើម្បីផលិតជាថ្នាំពេទ្យផ្សេងៗទៀតផង ។ -ខ្ញីទឹកខ្ញីភ្លើង ឬផ្ទឺ មានអត្ថប្រយោជន៍ និងគុណប្រយោជន៍ច្រើនយ៉ាង ទាំងដើម ស្លឹក ផ្កា ទឹករំអិល និងជាពិសេស គឺមើម អាចប្រើជាឱសថបុរាណ ដើម្បីព្យាបាលជម្ងឺ និងជំនួយសុខភាពដូចជា ៖ ប៉ូវកម្លាំង បង្កើនទឹកដោះ ជួយកម្ចាត់អាស៊ីតក្នុងក្រពះ រាកមួល ចុកពោះ ហើមពោះ កម្ចាត់ជាតិពុលក្នុងពោះវៀន បណ្ដេញខ្យល់ បណ្តេញឈា.មមិនល្អ បញ្ចុះទឹកនោម ពុលត្រី អាហារមិនរលាយ បាយមិនឆ្ងាញ់ ល្ហិតល្ហៃ ស្គមរីងរៃ វិលមុខ ចុករោយដើមទ្រូង លើសឈាម ទឹកនោមផ្អែម ឫសដូងបាត គ្រុនក្ដៅ ក្អក ជ្រាំងអណ្ដាត ហើម ថ្លោះ គ្រេចកើតបូសឬ ពងបែក ជាដើម ។

ខ្ញីទឹកខ្ញីភ្លើង ឬ ផ្ទឺ ក៏ជាអាហារដ៏ពេញនិយមរបស់អ្នកស្រុកតាមតំបន់ ជាក់ស្តែង មើមផ្ទឺ ដែលមានជាតិជូរ និងចត់តិចៗ ត្រូវបានគេយកទៅប្រើការជា គ្រឿងទេសលាយក្នុងសម្លរ ជំនួសគ្រឿងម្ជូរផ្សេងៗ ឬប្រើជាគ្រឿងសម្រាប់ធ្វើជ្រក់ ខណៈផ្កាខ្ចីស្រស់ និងមើមខ្ចីៗអាចប្រើញាំជាបន្លែឆៅជាមួយទឹកគ្រឿងបាន ហើយត្រួយដើមទើបលាស់ខ្ចីអាចប្រើស្ងោរ ឬឆាញាំបានដូចគ្នា ។
ស្លឹករបស់វាអាចប្រើវិចខ្ចប់អាហារបាន បន្ថែមលើនេះ ប្រទាលព្រៃមួយប្រភេទនេះ ក៏អាចដាំជារុក្ខជាតិមានប្រយោជន៍តាមផ្ទះ និងជារុក្ខជាតិលម្អរបានផងដែរ ដោយផ្កាផ្ទឺ អាចកាត់មកដាក់ក្នុងថូរសម្រាប់តាំងលម្អរគេហដ្ឋានបាន ។
ម្យ៉ាងទៀត ទឹកចម្រាញ់ចេញពីដើម និងមើមផ្ទឺ អាចយកទៅលាយជាមួយអាល់កុលមេទីលប្រើសម្រាប់ជាថ្នាំធម្មជាតិសម្រាប់បា.ញ់សម្លា.ប់សត្វចៃចេញពីសក់ក្បាលរបស់មនុស្សបានថែមទៀតផង ៕ ដោយ៖ អោម ចែតច័ន្ទណារ៉ា







ចែករំលែកព័តមាននេះ