ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៣គ្រាប់ ដែលជាកាកសំណល់សង្ក្រាម ត្រូវបានម្ចាស់ចម្ការប្រទះឃើញអណ្ដែតលើដីនៅក្នុងចម្ការដំឡូងមីមួយកន្លែង ដែលធ្លាប់ដាំដុះរាល់ឆ្នាំ កាលពីរសៀលថ្ងៃទី៣០ សីហា នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ហើយបានរាយ
ការណ៍ភ្លាមៗទៅកាន់សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ។
របាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌចំនួន០៣គ្រាប់ដែលម្ចាស់ប្រទះឃើញនោះ ជាប្រភេទគ្រាប់៦០ម.ម ចំនួន០២គ្រាប់ និងប្រភេទគ្រាប់មីន៦៩ចំនួន០១គ្រាប់។ គ្រាប់ទាំងនេះ ត្រូវបានម្ចាស់ចម្ការប្រទះឃើញអណ្ដែតឡើងនៅលើដី នៅក្នុងចម្ការដំឡូងមីរបស់គាត់ ដែលគាត់ធ្លាប់ភ្ជួរដៃដុះរាល់ឆ្នាំ។
គ្រាប់ទាំងនោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យមន្ត្រីអង្គភាពស៊ីម៉ាក ដើម្បីយកទៅកម្ទេចចោល។ ស្រុកសំឡូត ជាស្រុកមួយ ដែលសំបូរគ្រាប់យុទ្ធភ័ណ្ឌសេសសល់ពីសម៏័យសង្គ្រាមច្រើន ក្នុងចំណោមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង។ កាកសំណល់សង្គ្រាមទាំងនេះ ដែលនៅសេសសល់នៅតាមបណ្ដាស្រុកនានា នៅតែបង្កគ្រោះថ្នាក់ដល់មនុស្សជាបន្តបន្ទាប់ ជាពិសេស បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើស្រែចម្ការ។
ជាក់ស្ដែង កាលពីរសៀលថ្ងៃទី១៥ សីហា មានករណីផ្ទុះគ្រាប់មីនតោន នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ គ្រាប់មីនតោននោះបានបំផ្លាញត្រាក់ទ័រមួយគ្រឿង សម្លាប់អ្នកបើកបរម្នាក់ នៅពេលចុះភ្ជួរដីស្រែ ដែលជាអតិតទីតាំងសមរភូមិក្ដៅ ក្នុងសម័យសង្គ្រាម។ ប្រជាកសិករដែលបង្កបង្កើនផលលើតំបន់ដែលសង្ស័យមានកាកសំណល់សង្គ្រាម នៅតាមតំបន់អតិតសមរភូមិនានា គូរតែមានការប្រុងប្រយ័ត្ន ហើយត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនបើមានការប្រទះឃើញគ្រាប់ ឬ មានការសង្ស័យថា កន្លែងណាដែលមានគ្រាប់យុទ្ធភណ្ឌ៕
ចែករំលែកព័តមាននេះ