រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកលឿនដូចហោះ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់របាំងថ្មចំនួន០២កង់ រថយន្តបង្កខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែស្តុបណានជីង ស្ថិតនៅលើផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីពលរដ្ឋកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក តូយូតា ព្រុស ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BR-3913 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយ បុរសពីរនាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុ ពុំដឹងថាអ្នកបើករថយន្ត មានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាល ឲ្យបាក់ចំនួន០២កង់ ។ ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង នឹងដាច់កង់ចេញពីរថយន្ត សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។ ភ្លាមអ្នកបើកបរនិងនាក់រួមដំណើរបានចុះពីរថយន្ត គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន នឹងបានបន្តទាក់ទងទៅមន្ត្រីជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកយករថយន្តបង្កទៅរក្សាទុករងចាំ ឲ្យម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជានៅពេលក្រោយ៕ ដោយ ៖ រដ្ឋា
ចែករំលែកព័តមាននេះ