ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីស្ថានីយបុរេប្រវត្តិសំរោងសែន ក្នុងស្រុកកំពង់លែង មានអាយុកាលជាង១៧០០ឆ្នាំមុនគ្រិស្តសករាជ

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សំរោង​សែន ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​មួយ ត្រូវ​បាន​ចងក្រង​ទុក ក្នុង​ឯកសារ​ស្រាវជ្រាវ​ពី​ស្ថានីយ​បុរេប្រវត្តិ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន ទីទួល​សំរោង​សែន បាន​ក្លាយជា​ភូមិ​មួយ​ឈ្មោះ​ភូមិ​សំរោង​សែន…

ខេត្តកំពង់ឆ្នាំង ៖ សំរោង​សែន ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​មួយ ត្រូវ​បាន​ចងក្រង​ទុក ក្នុង​ឯកសារ​ស្រាវជ្រាវ​ពី​ស្ថានីយ​បុរេប្រវត្តិ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន ទីទួល​សំរោង​សែន បាន​ក្លាយជា​ភូមិ​មួយ​ឈ្មោះ​ភូមិ​សំរោង​សែន ដែល​មាន​វត្ត​អារាម សាលារៀន និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៥២៧​គ្រួសារ ។

ភូមិ​នេះ ស្ថិត​ក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ។ ភូមិ និង​ឃុំ​សំរោង​សែន មាន​ទីតាំង​ដាច់​ស្រយាល​ពី​ភូមិ​ឃុំ​នានា ក្នុងស្រុក​កំពង់លែង ជា​តំបន់​លិច​ទឹក ក្នុង​រដូវវស្សា មាន​ផ្លូវគោក​ទៅ​ដល់​តែ​ខែប្រាំង​ប៉ុណ្ណោះ ។

តើន​រណារ​ក​ឃើញ​ស្ថានីយ​បុរេប្រវត្តិ​សំរោង​សែន ហើយ​ឃើញ​ពី​ពេល​ណា ហើយ​ផ្អែក​លើ​ភស្តុ​តាង​អ្វីខ្លះ?

យោង​តាម​ឯកសារ​ស្រាវជ្រាវ​នានា​បាន​បង្ហាញ​ថា ៖ ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​សំរោង​សែន ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​រក​ឃើញ​ដំបូង​បំផុត​ដោយ​លោក រ៉ុ​ក (Roque) នៅ​ឆ្នាំ​១៨៧៦ ។ ក្រោយមក​នៅ​ឆ្នាំ​១៨៧៧ លោក​ម៉ូ​រ៉ា (J.Moura) មក​មើល​ស្ថានីយ​នេះ​ម្តងទៀត ព្រមទាំង​បាន​រើស​យក​ឧបករណ៍​វត្ថុ​សិល្បៈ​មួយ​ចំនួន ទៅ​ប្រទេស​បារាំង រួច​ប្រគល់​ឲ្យ​លោក នូ​លេ (J.B Noulet) ជា​ប្រធាន​សារមន្ទីរ​ទូ​លូ (Toulouse) ដើម្បី​ពិនិត្យ ។ បន្ទាប់​ពិនិត្យ​រួច លោក នូ​លេ (J.B Noulet) បាន​ធ្វើការ​បោះពុម្ព​អត្ថបទ យុគ​ថ្ម​រំលីង ឬ​សិលា​នៅ​កម្ពុជា ។

នៅ​ឆ្នាំ​១៨៨៧ ដល់​១៨៨៨ ។ លោក ជេ​ម (L.Jamme) បាន​មក​ធ្វើ​កំណាយ​ជា​ច្រើន​កន្លែង​នៅ​តំបន់​ទន្លេសាប​ក៏​ប្រទះ​ឃើញ​វត្ថុ​សិល្បៈ​រាប់​ពាន់ នៅ​ស្ថានីយ​សំរោង​សែន និង​តំបន់​ក្បែរ​ៗ​នោះ ៦​កន្លែង​ផ្សេង​ទៀត ។ ឆ្នាំ​១៩០១ លោក ហង់​រី ម៉​ង់​ស៊ុ​យ (Henri Mansuy) បាន​មក​ធ្វើ​កំណាយ​ដោយ​បាន​ជួប​ប្រទះ​ថ្មសំលៀង បំណែក​ថ្ម កុលាលភាជន៍ ដែល​ធ្វើ​ពី​ដី​ដុត កាក​សំណល់​ឆ្អឹង វត្ថុ​ធ្វើ​អំពី​សំរឹទ្ធិ គ្រឿងអលង្ការ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត ។ តឹកតាង​នៃ​ការ​ធ្វើ​នេសាទ​មាន​វត្ថុ​ធ្វើ​អំពី​សំរឹទ្ធិ​ដូច​ជា ក្បាល​ព្រួញ ផ្លែ​សន្ទូច និង​ឧបករណ៍​ជើង​មង សម្រាប់​នេសាទ​ត្រី​ជាដើម ។

នៅ​ឆ្នាំ​១៩០២ លោក ហង់​រី ម៉​ង់​ស៊ុ​យ ដដែល​បាន​ធ្វើ​កំណាយ​ជា​ថ្មី​ម្តងទៀត​ក្នុង​ជម្រៅ​៤,៥០ ម៉ែត្រ និង​មាន​បរិមាណ​ប្រមាណ (​ជាង​៤០០ ម៉ែត្រគូប​) ដោយ​ប្រទះ​ឃើញ​វត្ថុ​សិល្បៈ និង​ឧបករណ៍​ប្រើប្រាស់​ជា​ច្រើន​ដែល​មាន​ឆ្អឹង​មនុស្ស​៦០​ដុំ និង​កុលាលភាជន៍​មាន​រូបរាង​ល្អ​ចំនួន​៣ ផ្សេង​ទៀត ។ នៅ​ឆ្នាំ​១៩១៤ លោក ហង់​រី ម៉​ង់​ស៊ុ​យ និង​លោក វី​ថូ​ត (H.Mansuy & F.Vitout) បាន​បញ្ជាក់​បន្ថែម​នូវ​ការ​សម្គាល់​ស្ថានីយ​សំរោង​សែន និង​ស្ថានីយ​អន្លង់​ផ្តៅ នៅ​ក្បែរ​នោះ​ថា មាន​វត្ថុ​សិល្បៈ​ធ្វើ​អំពី​ថ្ម កុលាលភាជន៍ សំរឹទ្ធ សម្បកខ្យង​ជា​ច្រើន​ទើប​លោក​សន្និដ្ឋាន​ថា ស្ថានីយ​នេះ​ស្ថិត​នៅ​ក្នុង​ចុង​យុគ​ថ្ម​រំលីង ។

តាម​ការ​ធ្វើ​កាលបរិច្ឆេទ គឺ​សំអាង​តែ​លើ​វិទ្យុសកម្ម​កាបូន -១៤(C-14) ទៅ​លើ​សម្បកខ្យង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ស្ថានីយ​នេះ​មាន​អាយុ​ពី​១៧៤៩​ឆ្នាំ ដល់​១២៥៣​ឆ្នាំ មុន​គ្រិស្តសករាជ ។ ប៉ុន្តែ​លោក នូ​តា​ល់ និង​លោក កា​តៃ​ហាក់​(J.Noutal & E.Catailhac) បាន​ភ្ជាប់​អាយុកាល​របស់​ស្ថានីយ​សំរោង​សែន​នេះ​ថា ស្ថិត​នៅ​ក្នុង​យុគសម័យ​សំ​រិ​ទ្ធិ​ទៅ​វិញ ។

មាន​ភ័ស្តុតាង​ជា​ច្រើន ដែល​បាន​បន្សល់​ទុក​ពី​សម័យ​បុរេប្រវត្តិ​អាច​ឲ្យ​គេ​ធ្វើការ​អះអាង​ថា​«​កម្ពុជា​« ជា​ទឹកដី​ដ៏​យូរលង់ គឺ​តាំងពី​រាប់​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ ។ គ្រាន់តែ​តាម​រយៈ​នៃ​ការ​ធ្វើ​កំណាយ​នៅ​«​សំរោង​សែន​» ដែល​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​មួយ និង​តំបន់​ក្បែរ​ៗ​នោះ​៦​កន្លែង​ផ្សេង​ទៀត (​តំបន់​ទន្លេសាប​) គេ​បាន​ជួប​ប្រទះ​ពពួក​វត្ថុ​សិល្បៈ​អំពី​ថ្ម​រំលីង​ជា​ច្រើន ជា​ភ័ស្តុតាង​នៃ​ការ​ផលិត​ឧបករណ៍​ដ៏​ល្អ​បំផុត​ប្រចាំ​តំបន់ នៅ​ភូមិភាគ​អាស៊ី​ខាងកើត​នេះ ។

ទីទួល​សំរោង​សែន សម្បូរ​ទៅ​ដោយ​សំបក​លៀស​យ៉ាងច្រើន បាន​កប់​ក្នុង​ដី​រាយ​ប៉ាយ​ពេញទី​ទួល​សំរោង​សែន គ្រាន់តែ​កន្លែង​ខ្លះ កប់​រាក់ កន្លែង​ខ្លះ​ទៀត​កប់​ជ្រៅ ។ ក្នុង​សម័យ​មុន​អាណានិគម​បារាំង អ្នកស្រុក​នៅ​តំបន់​នោះ​មាន​របរ​ជីក​រក​សម្បក​លៀស យក​ទៅ​លក់ ដោយ​គេ​យក​សម្បក​លៀស​ធ្វើ​ជា​កំបោរ​សម្រាប់​ឲ្យ​លោកយាយ​ចាស់​ៗ​ពិសា​ជាមួយ​ស្លា​ម្លូរ និង​យក​ទៅ​ដុត ដើម្បី​លាយ​ធ្វើ​ជា​បាយ​-​អ សម្រាប់​ជំនួស​ស៊ីម៉ង់ត៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ