រាជធានីភ្នំពេញ ៖ រថយន្តកងដឹកជញ្ជូនH.C១គ្រឿងដឹកចំណីសត្វរាប់សិបបាវបានរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងស្នាមភ្លោះ បណ្ដាលឲ្យផុងកង់មួយចំហៀងផ្អៀងបោកផ្ទប់របងថ្មដីឡូត៌មួយកន្លែង បាក់និងប្រេះអស់ចំនួន៥ផ្ទាំង ។ ដែលសង្ស័យអ្នកបើកបរងងុយដេករួចងោក១ភាំងទើបជួបបញ្ហាបែបនេះ ហើយប្រសិនបើគ្មានរបងថ្មជួយទប់ទេនោះរថយន្តខាងលើ អាចនិងក្រឡាប់បាត់ទៅហើយ ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅតាមមហាវិថីសុីជីនពីង ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយរហូតដល់វេលាម៉ោងជាង៦ព្រឹកថ្ងៃដដែលទើបដឹងដល់នគរបាលចុះទៅពិនិត្យមើល ។
រថយន្តខាងលើនោះម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-1227 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជារថយន្តរបស់កងដឹកជញ្ជូនH.C និងបានរងការខូចខាត ហើយអ្នកបើកបរមិនបានរងរបួសឡើយ ។

អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនេះដឹកចំណីសត្វរាប់សិបបាវ ហើយបានបើកបរធ្វើដំណើរតាមមហាវិថីសុីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរងងុយដេកហើយងោក១ភាំង ក៏បានរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងស្នាមភ្លោះបណ្ដាលឲ្យផុងកង់មួយចំហៀងខាងស្ដាំ ហើយផ្អៀងបោកផ្ទប់របងថ្មដីឡូត៌មួយកន្លែងបាក់និងប្រេះអស់ចំនួន៥ផ្ទាំង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពុំដឹងថារថយន្តនេះដឹកចំណីសត្វចេញពីកន្លែងណា យកទៅដាក់នៅទីតាំងខេត្តណាមួយទៀតនោះទេ ហើយពេលនោះបើកុំតែបានរបងថ្មជួយទប់ កុំអីរថយន្តនេះក្រឡាប់ផ្ងារជើងបាត់ទៅហើយ ។ ទោះបីជាបែបណាពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្ត ឬ មនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតរថយន្តនិងរបងថ្មតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនបានយករថយន្ត១គ្រឿងផ្សេងទៀតម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3B-4279 ដែលជារថយន្តកងដឹកជញ្ជូនH.C ដែរនិងមានលេខរៀងD-11 ទៅផ្ទេរយកចំណីសត្វដឹកចេញពីកន្លែងកើតហេតុ ។ ដំណឹងនេះរហូតដល់វេលាម៉ោងប្រមាណជាង៦ព្រឹកថ្ងៃដដែល ទើបដឹងដល់នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល ។ បន្ទាប់មកបាននគរបាលបានចុះទៅពិនិត្យមើលជាក់ស្ដែង ហើយបានឲ្យខាងភាគីរថយន្តនិងម្ចាស់របងជួបធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់រឿង ប៉ុន្តែពុំដឹងថាត្រូវរ៉ូវគ្នាបែបណាឡើយ ៕








ចែករំលែកព័តមាននេះ