ខេត្តបាត់ដំបង ៖ រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស LM300h ដែលគេនិយាយថា បើកបរក្នុងល្បឿនលឿនគួរសម ដល់ផ្លូវកោងជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹងជាមួយរថយន្តសណ្ដោងរបស់ជនជាតិថៃ ដែលចូលដឹកកសិផលក្នុងទឹកដីខ្មែរ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ២៧ សីហា លើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចភូមិកូនភ្នំខាងជើង ឃុំសន្តិភាព ស្រុកសំពៅលូន ដែលធ្វើឲ្យអ្នកជិះក្នុងរថយន្តទំនើបនោះចំនួន០៣នាក់រងរបួសស្រាល តែធ្វើឲ្យរថយន្តសណ្ដោងរបស់ថៃក្រឡាប់ចាក់គ្រាប់ពោតចោលពេញថ្នល់ ។
លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូនបានឲ្យដឹងថា រថយន្តទាំង០២គ្រឿង បានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ហើយបានបុកគ្នានៅចំណុចផ្លូវកោង ។ លោកបានបន្តថា បើតាមពិនិត្យលើស្លាកស្នាម នៃកន្លែងកើតហេតុ រថយន្តស៊េរីទំនើងនោះ បានជ្រុលចង្កូតទៅបុករថយន្តដឹកកសិផលរបស់ថៃចំពាក់កណ្ដាលនៃតួរថយន្តរហូតធ្វើឲ្យរថយន្តដឹកគ្រាប់ពោតរបស់ថៃក្រឡាប់ ។ រីឯរថយន្តស៊េរីទំនើបនោះ ខូចខាងផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អមនុស្ស០៣នាក់ដែលជិះក្នុងរថយន្តរាប់ទាំងអ្នកបើករបរផងរងរបួសស្រាល ។
យោងតាមរបាយការណ៍បានឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស LM300h ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា GOUDDOU88 បើកបរដោយឈ្មោះ តាំង វ៉ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន០២នាក់ទៀត ឈ្មោះ ស៊ូ វណ្ណៈ ភេទប្រុស អាយុ៣ឆ្នាំ នៅក្រុងសំរោង ខេត្តឧត្តមានជ័យ និងឈ្មោះ លឹម វិឆ្ឆយ ភេទប្រុសអាយុ៣១ឆ្នាំ ពួកគេទាំង០៣នាក់រងរបួសស្រាល ។
ដោយឡែក រថយន្តដឹកកសិផលរបស់ជនជាតិថៃ ម៉ាក IZUSU ប្រភេទសណ្ដោងមានផ្ទុកគ្រាប់ពោតពេញ បើកបរដោយឈ្មោះ Niwat Rattanasa Nguan ភេទប្រុស អាយុ៥៤ឆ្នាំ (រត់គេចខ្លួនក្រោយកើតហេតុ) ។ រថយន្តទាំង០២គ្រឿង បានធ្វើដំណើរផ្ទុយគ្នាពីត្បូងទៅជើង ។
ពេលដល់ចំណុចកើតហេតុ ដែលមានស្ថានភាពផ្លូវកោងធ្វើឲ្យរថយន្តម៉ាកឡិចស៊ីស បត់ក៏មិនទាន់ជាន់ហ្វ្រាំងក៏មិនទាន់ ព្រោះបើកលឿនផង ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តសណ្ដោយរហូតធ្វើឲ្យក្បាលរថយន្តសណ្ដោងក្រឡាប់ចាក់គ្រាប់ពោតចោលពេញផ្លូវ រីឯរថយន្តបង្កម៉ាកឡិចស៊ីសខ្ទេចខ្ទីរអស់ស្ទើរទាំងស្រុង ។
នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការខេត្ត លោក ចាន់ សុធី បាននិយាយថា បើពិនិត្យលើកាមេរ៉ាសុវត្ថិភាពដែលគេបំពាក់នៅក្បែរនោះ គេឃើញរថយន្តម៉ាកឡិចស៊ីសធ្វើដំណើរមកពីតំបន់ព្រំដែនខ្មែរ-ថៃ រីឯរថយន្តសណ្ដោងរបស់ជនជាតិថៃ ដែលដឹកគ្រាប់កសិផល ធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែន គឺធ្វើដំណើរផ្ទុយគ្នា ។
លោកបានបន្តថា រថយន្តឡិចស៊ីសហាក់ប្រើប្រាសល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ដែលមានស្ថានភាពផ្លូវកោងផង តែអ្នកបើកបររថយន្តស៊េរីទំនើងនេះ ហាក់មិនចាប់អារម្មណ៏បន្តិចសោះ មិនបត់តាមស្ថានភាពផ្លួវ ហើយទំនងក៏មិនបានជាន់ហ្វ្រាំងទៀត ក៏ជ្រុលទៅចំពាក់កណ្ដាលរថយន្តសណ្ដោងនោះពេញទំហឹងតែម្ដង ។
បច្ចុប្បន្ន រថយន្តភាគីថៃ បានរក្សាទុកនៅអធិការស្រុកសំពៅលូន រីឯរថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស LM300h ត្រូវបានមន្ត្រីជំនាញ នាំយកមករក្សាទុកនៅការិយាល័យជំនាញ ដើម្បីរងចាំភាគីចូលដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ