បើទោះបីជារដូវវស្សាភ្លៀងធ្លាក់ជោកជាំ យ៉ាងណាក៏ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាស ដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗ លោក តែ គឹមសាន នៅឃុំចុងផ្លាស់ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
អាជ្ញាធរខេត្តនិងស្ថាប័នជំនាញធ្វើហាក់ដូចជាមិនដឹងមិនឮ ក្រោមអ្វីដែលឈ្មួញរូបនេះដើរទះដើមទ្រូងស្រែកអួតថា ពួកគេបានចែកផលលាភដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញនៅក្នុងខេត្តរួចរាល់អស់ហើយ ។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោកតែ គឹមសាន ជាការ ពិតក្នុងកម្រិតណាមួយនោះទេ ។
វាហាក់ដូចជាត្រឹមត្រូវនិងសមស្របដែរ ចំពោះសម្ដីលោកតែ គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅក្នុងសកម្មភាពនៃការដាក់គ្រឿងបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ ។ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញគ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាស នោះតែប៉ុណ្ណោះ ដោយមិនព្រមចាត់វិធានការកាត់ផ្ដាច់ឫសគល់ឈ្មួញ តែ គឹមសាន នេះឡើយ ។
មានន័យថា អស់លោកមន្ត្រីមាន សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរីចាត់ទុកលោកតែ គឹមសាន គឺជាឆ្នាំងបាយដ៏ឆ្ងាញ់ពិសារ ។ ហេតុដូច្នេះហើយ បានជារាប់ឆ្នាំកន្លងមកនេះ ឈ្មួញមុខដដែលៗធ្លាប់ជាប់គុកកន្លងមក ពេលចេញមកវិញនៅតែបន្តធ្វើសកម្មភាពបំពានច្បាប់ដោយមិនញញើត ។
សព្វថ្ងៃនេះឈ្មួញតែ គឹមសាន ប្រើកម្លាំងកម្មករសង់ផ្ទះគ្រប លើរណ្ដៅរ៉ែមាសរួចទើបបំផ្ទុះជាក្រោយ ។ មើលទៅហាក់ ដូចជាផ្ទះប្រជាពលរដ្ឋធម្មតា ប៉ុន្តែនៅខាងក្រោមផ្ទះនោះគឺជារណ្តៅរ៉ែមាសសុទ្ធសាធ។ នៅពេលនេះ បើទោះបីជារដូវវស្សាយ៉ាងណាក៏ដោយ ឲ្យតែមេឃមិនភ្លៀងក្នុងរយៈ ពេល១ថ្ងៃគឺក្រុមលោកតែ គឹមសាន អាចធ្វើសកម្មភាពជីកយករ៉ែមាសបានដោយស្រួល ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ