ខេត្តតាកែវ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក ស្ថិតក្នុងឃុំព្រោះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ដោយចេញពីខេត្តតាមបណ្តោយផ្លូវជាតិលេខ២ ប្រមាណជាង៤៥គីឡូម៉ែត្រនឹងមកដល់ ។
ទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា១០០០ ម៉ែត្រ និងទទឹង២ម៉ែត្រ ដែលហូរពីលើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម និងមានផ្ទះស្បូវ សម្រាប់អង្គុយលេងកម្សាន្ត រួមទាំងមានលក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តផងដែរ ។ អ្វីដែលកាន់តែជាពិសេសទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោកសម្បូរត្បូងមានតមតម្លៃ ។
ទឹកជ្រោះផ្អោក ក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង១០ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ ហើយត្បូងដែលសម្បូរជាងគេដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និងត្បូងឃ្មុំជាដើម ប៉ុន្តែបច្ចុប្បន្នត្បូង នៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ ។
ចង់ទៅកម្សាន្តសប្បាយនឹងទឹកជ្រោះធ្លាក់ពីលើភ្នំ ហើយសម្បូរព្រៃឈើ តូច-ធំ អមដោយថ្មដា និង ចង់ស្វែងយល់ពីត្បូងមានតម្លៃនៅទឹកជ្រោះផ្អោក ព្រមទាំងពិសាអាហារ ជាពិសេសបាញ់ឆែវ ដែលមានរសជាតិឆ្ងាញ់ពិសា អាចទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោកបាន ។ រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ៕
ចែករំលែកព័តមាននេះ