ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រូវ​យល់​ដឹង​នីតិវិធី​ ៖ ៧ដំណាក់កាល ពី​ការ​ចា.ប់ខ្លួន រហូត​ដល់​បណ្តឹងឧទ្ធរណ៍​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្នាក់​ៗ បើសិនជា​បាន​ចូល​តុលាការ​.​សាលា​ដំ​បូ​ង យើង​ពិតជា​បាន​ពិនិត្យ​ឃើញ​ស្លាក​មួយ​ផ្ទាំង ដែល​អ្នក​ច្បាប់​បាន​រៀបចំ​ដាក់​តាំង​ជាប់​នៅ​ជញ្ជាំង​ទី​សាធារណៈ ដែល​បង្ហាញ​ពី​ការ​យល់​ដឹង​ក្នុង​ដំណាក់កាល​នី​មួយ​ៗ គិត​ពី​ការ​ចាប់ខ្លួន រហូត​ដល់​បណ្តឹងឧទ្ធរណ៍ មាន​៧​ដំណាក់កាល…

រាជធានី​ភ្នំពេញ ៖ ម្នាក់​ៗ បើសិនជា​បាន​ចូល​តុលាការ​.​សាលា​ដំ​បូ​ង យើង​ពិតជា​បាន​ពិនិត្យ​ឃើញ​ស្លាក​មួយ​ផ្ទាំង ដែល​អ្នក​ច្បាប់​បាន​រៀបចំ​ដាក់​តាំង​ជាប់​នៅ​ជញ្ជាំង​ទី​សាធារណៈ ដែល​បង្ហាញ​ពី​ការ​យល់​ដឹង​ក្នុង​ដំណាក់កាល​នី​មួយ​ៗ គិត​ពី​ការ​ចាប់ខ្លួន រហូត​ដល់​បណ្តឹងឧទ្ធរណ៍ មាន​៧​ដំណាក់កាល នោះ​យើង​ប្រាកដ​មិន​មាន​ច​ម្ង​ល់​ទៀត​ទេ ។

ដំណាក់កាល​ទី​១
ការ​ចាប់ខ្លួន ៖

-​អ្នក​អាច​ត្រូវ​បាន​ចាប់ខ្លួន ករណី​មាន​មូលហេតុ​សម​ស្រប នឹង​សង្ស័យ​ថា​អ្នក​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ ។ មន្ត្រី​នគរបាល នឹង​នាំ​ខ្លួន​អ្នក​យក​ទៅ​ប៉ុស្តិ៍​នគរបាល ។ ប្រសិនបើ​អ្នក​មិន​សហការ ឬ​រឹងទទឹង​នឹង​ការ​ចាប់ខ្លួន​នេះ មន្ត្រី​នគរបាល​អាចនឹង​ប្រើ​កម្លាំង​បង្ខំ​ចាប់ខ្លួន​អ្នក ។ ប្រសិនបើ​បទល្មើស​មិន​ធ្ងន់ធ្ងរ មន្ត្រី​នគរបាល អាច​ដោះ​លែង​អ្នក​ពី​ប៉ុស្តិ៍​នគរបាល ។

ដំណាក់កាល​ទី​២
ការ​សួរ​ចម្លើយ នឹង​ការ​ឃាត់ខ្លួន ៖

-​មន្ត្រី​នគរបាល នឹង​សួរ​ចម្លើយ​អ្នក​នៅ​ប៉ុស្តិ៍​នគរបាល ។ មន្ត្រី​នគរបាល នឹង​ប្រាប់​អ្នក​ភ្លាម​អំពី​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន​នេះ ។ អ្នក​នឹង​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ឆ្លើយ​បំភ្លឺ​នូវ​រឿងហេតុ​ដែល​បាន​កើតឡើង នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ជា​ផ្លូវការ ដើម្បី​ដាក់​ជូន​តុលាការ ។ អ្នកមាន​សិទ្ធិ​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ទាំងអស់ រហូត​ដល់​អ្នក​ទទួល​បាន​មេធាវី​ការពារ ។ ប្រសិនបើ​មន្ត្រី​នគរបាល ធ្វើ​ទារុណកម្ម​អ្នក ដើម្បី​ឲ្យ​អ្នកឆ្លើយ​សារភាព​នោះ​ជា​អំពើ​ខុសច្បាប់ ។

ក្រោយ​ពេល​សាកសួរ មន្ត្រី​នគរបាល អាច​សម្រេច​ដោះ​លែង​អ្នក ឬ ឃាត់ខ្លួន​អ្នក​រហូត ៤៨ ម៉ោង (២​ថ្ងៃ​) ។ មន្ត្រី​នគរបាល អាច​ពន្យា​ពេល​ឃាត់ខ្លួន​នេះ​២៤​ម៉ោង​បន្ថែម​ទៀត លើកលែងតែ​អ្នក​មាន​​អាយុ​ក្រោម​១៨​ឆ្នាំ ។ អ្នកមាន​សិទ្ធិ​ជួប​មេធាវី ឬ​សាច់ញាតិ​របស់​អ្នក បន្ទាប់​ពី​រយៈពេល​២៤ ម៉ោង​កន្លង​ផុត ។ អ្នក​ក៏​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ​ព្យាបាល​នានា​ពី​គ្រូពេទ្យ​បាន​គ្រប់ពេល ក្នុងអំឡុងពេល​ឃាត់ខ្លួន ។

​តុលាការ​
៣-​ដំណាក់កាល​អយ្យការ ៖

-​មន្ត្រី​នគរបាល នឹង​បញ្ជូន​ខ្លួន​អ្នក​ចេញពី​ប៉ុស្តិ៍នគរបាល​ទៅ​កាន់​តុលាការ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន តែ​មិន​ឲ្យ​លើស​រយៈពេល ៤៨ ម៉ោង​(២​ថ្ងៃ​) ឬ​បន្ទាប់​ពី​ពន្យារ​​ពេល ២៤ ម៉ោង​រួច​ហើយ ។ នៅ​តុលាការ ព្រះរាជអាជ្ញា នឹង​សួរ​ចម្លើយ​អ្នក ហើយនឹង​សម្រេច​ចោទប្រកាន់​អ្នក​អំពី​បទល្មើស​ណាមួយ ឬ​សម្រេច​មិន​ធ្វើការ​ចោទប្រកាន់​អ្នក នឹង​ដោះ​លែង​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ណាមួយ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ (​បទឧក្រិដ្ឋ​) ព្រះរាជអាជ្ញា​នឹង​បញ្ជូន​សំណុំរឿង​របស់​អ្នក​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ធ្វើការ​ស៊ើបសួរ​បន្ត ហើយនឹង​អាច​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ ឲ្យ​ឃុំខ្លួន​អ្នក​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ។

តុលាការ​
៤-​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ៖

-​ចៅក្រម​ស៊ើបសួរ នឹង​ធ្វើការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ ឬ​ប្រសិនបើ​អ្នកជា​អនីតិជន សំណុំរឿង​ក្តី​របស់​អ្នក​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​មេធាវី​បាន​ទេ ។ នៅ​ពេល​អ្នក​បង្ហាញខ្លួន​ដំបូង​នៅ​តុលាការ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ថា​ដោះ​លែង​អ្នក ឬ​ដាក់​អ្នក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ឬ​ឃុំខ្លួន​អ្នក​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​អំឡុង​ពេល​ស៊ើបសួរ ។ ចៅក្រម​ស៊ើបសួរ ត្រូវ​តែ​ប្រាប់​អ្នក​អំពី​មូលហេតុ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ឬ​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ នឹង​ទទួល​កត់សម្គាល់​របស់​អ្នក ។ រយៈពេល​អតិបរិមា​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន មាន​រយៈពេល​ខុស​ៗ​គ្នា ទៅ​តាម​អាយុ​របស់​អ្នក នឹង​បទល្មើស​ដែល​បាន​ចោទប្រកាន់ ។ អ្នក ឬ​មេធាវី​របស់​អ្នក អាច​ដាក់​ពាក្យសុំ​ឲ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បាន​គ្រប់ពេលវេលា ទៅ​ចៅក្រម​ស៊ើបសួរ ។

ប្រសិនបើ​ពាក្យសុំ​នេះ​ត្រូវ​បាន​សម្រេច​បដិសេធអ្នក ឬ​មេធាវី​អ្នក អាច​ដាក់​ពាក្យសុំ​ជា​ថ្មី​ម្តងទៀត​ក្នុង​រយៈពេល​១​ខែ បន្ទាប់​ពី​មាន​សេចក្តីសម្រេច​បដិសេធ​ពាក្យសុំ​លើក​មុន ទៅ​ចៅក្រម​ស៊ើបសួរ ឬ​សភា​ស៊ើបសួរ ។ នៅ​ពេល​បិទ​ការ​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ អាច​បញ្ជូន​សំណុំរឿង​អ្នក​ទៅ​ជំនុំជម្រះ ឬ​លើកលែង​ការ​ចោទប្រកាន់ ។ ប្រសិនបើ​ចៅក្រម​ស៊ើបសួរ សម្រេច​លើកលែង​ការ​ចោទប្រកាន់ អ្នក​នឹង​ត្រូវ​បាន​ដោះ​លែង ។ ប៉ុន្តែ​បើ​ចៅក្រម​ស៊ើបសួរ​នៅ​តែ​រក្សា​ការ​ចោទប្រកាន់ អ្នក​នឹង​ត្រូវ​បន្ត​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ថ្ងៃ​សវនាការ ឬ​អាច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រហូត​ដល់​ថ្ងៃ​សវនាការ ។

អ្នក​នៅ​តែ​អាច​បន្ត​ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​រហូត​ដល់​ថ្ងៃ​សវនាការ ។ អ្នក​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ឯកឯង ប្រសិនបើ​អ្នក​មិន​ត្រូវ​បាន​យក​មក​ជំនុំជម្រះ ក្នុង​រយៈពេល ៤ ខែ បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើបសួរ ។

៥-​ការ​ជំនុំជម្រះ​.​សវនាការ ៖
-​នៅ​ក្នុង​ដំណាក់កាល​ជំនុំ​ជ​ម្រៈ ប្រសិនបើ​អ្នក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ ឬ​អ្នកជា​អនីតិជន អ្នក​ត្រូវ​មាន​ជំនួយ​របស់​មេធាវី​ដា​ចុ​ខាត ។ ក្នុងអំឡុងពេល​សវនាការ អ្នក​នឹង​ត្រូវ​សាកសួរ​ដោយ​ចៅក្រម ព្រះរាជអាជ្ញា នឹង​មេធាវី ។ អ្នក​ត្រូវ​បាន​សន្មត់​ថា​គ្មា​ន​ទោស រហូត​ដល់​តុលាការ​សម្រេច​ថា​មាន​ពិរុទ្ធ ។ អ្នក​អាច​ទទួលយក​ការ​ចោទប្រកាន់ ឬ​មិន​ទទួលយក​ការ​ចោទប្រកាន់​របស់​តុលាការ ។ បើ​អ្នក​គ្មាន​លទ្ធភាព​ជ្រើសរើស​មេធាវី អ្នក​នឹង​ត្រូវ​ផ្តល់​ជំនួយ​មេធាវី​ដោយ​ឥត​គិត​កម្រៃ ។ អ្នក​នឹង​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​និយាយ​សំដី​ចុង​ក្រោយ ។ នៅ​ចុងបញ្ចប់​សវនាការ ប្រសិនបើ​ចៅក្រម​ពិនិត្យ​ឃើញ​ថា អ្នក​គ្មាន​ពិរុទ្ធ អ្នក​នឹង​ត្រូវ​បាន​ដោះ​លែង តែបើ​ពិនិត្យ​ឃើញ​ថា​អ្នកមាន​ពិរុទ្ធ អ្នក​នឹង​​ត្រូវ​បាន​ផ្តន្ទាទោស​តាម​ច្បាប់​កំណត់ ។

៦-ការ​ផ្តន្ទាទោស ៖
-បន្ទាប់​ពី​សវនាការ ប្រសិនបើ​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិ​រុទ្ធ ការ​ផ្តន្ទាទោស ត្រូវ​តែ​សមាមាត្រ​ទៅ​នឹង​បទល្មើស​ដែល​អ្នក​បាន​ប្រព្រឹត្ត ។ តុលាការ ក៏​អាច​នឹង​ពិចារណា​អំពី​ស្ថាន​សម្រាល ទៅ​តាម​កាលៈទេសៈ​ដែល​អ្នក​ប្រព្រឹត្ត​បទល្មើស នឹង​ស្ថានភាព​ផ្ទាល់ខ្លួន​ជាក់ស្តែង​របស់​អ្នក​នៅ​ពេល​នោះ ។ តុលាការ នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​សវនាការ​សាធារណៈ ហើយ​ត្រូវ​អាន​ប្រធាន​សវនាការ នៅ​ថ្ងៃ​សវនាការ​នោះ ឬ​អាច​លើក​ពេល​ប្រកាស​ទៅ​ពេល​ក្រោយ ។

៧-​បណ្តឹងឧទ្ធរណ៍ ៖
-​ប្រសិនបើ​អ្នក​មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ទេ អ្នកមាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ផ្តន្ទាទោស នឹង / ឬ ការ​រក​ឃើញ​ពិរុទ្ធភាព​របស់​អ្នក ក្នុង​រយៈពេល​១​ខែ គិត​ពី​ថ្ងៃ​ប្រកាស​សាលក្រម ។ អ្នក​អាច​ធ្វើ​បណ្តឹងឧទ្ធរណ៍​ដោយ​ខ្លួនឯង ឬ​តាម​រយៈ​ប្រធាន​ពន្ធនាគារ ឬ​តាម​រយៈ​មេធាវី​របស់​អ្នក ។ ប្រសិនបើ​អ្នក​ប្តឹង​ឧទ្ធរណ៍ អ្នក​ប្រហែលជា​អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់ នៅ​សវនាការ​សាលាឧទ្ធរណ៍ ឬ​ទោស​របស់​អ្នក​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ ។ ព្រះរាជអាជ្ញា ក៏​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​រយៈពេល ១ ខែ ដូច​គ្នា ។

ក្នុង​ករណី​ដែល​ព្រះរាជអាជ្ញា​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​អ្នក អ្នក​នឹង​ត្រូវ​បន្ត​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ថ្ងៃ​សាលាឧទ្ធរណ៍​សម្រេច ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក រហូត​ដល់​សវនាការ​សាលាឧទ្ធរណ៍ ។ ករណី​នេះ ទោស​របស់​អ្នក អាច​នឹង​ត្រូវ​បន្ថែម​លើស​ពី​មុន ។

ប្រសិនបើ​អ្នក ឬ​ព្រះរាជអាជ្ញា នៅ​តែ​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ ភាគី​ទាំង​ពីរ​មាន​សិទ្ធិ​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ