ទីក្រុងកៀវ៖ ថ្មីៗនេះ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានដោះដូរឈ្លើយសឹកគ្នាទៅវិញទៅមកជាងមួយរយនាក់ម្ខាងៗ។ ពិធីដូរឈ្លើយសឹកនេះធ្វើឡើងចំពេលដែលអ៊ុយក្រែនរំលឹកទិវាឯករាជ្យជាតិពីសហភាពសូវៀត និងក៏ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនវាយឆ្មក់ចូលតំបន់ខឺស និងចាប់បានឈ្លើយសឹករុស្ស៊ីមួយចំនួន។ ដូច្នេះ ពួកគេចង់ជម្រះបញ្ជីគ្នាឱ្យបានជ្រះស្រឡះម្ដង។

អ៊ុយក្រែនអះអាងថាទាហានរបស់ខ្លួន១១៥នាក់ដែលត្រូវរុស្ស៊ីដោះលែងនោះជាទាហានដែលទើបតែជ្រើសរើសថ្មីៗ។ ពួកគេភាគច្រើនត្រូវរុស្ស៊ីចាប់បានតាំងពីពេលដែលសង្គ្រាមទើបតែផ្ទុះឡើងថ្មីៗបានប៉ុន្មានខែ។ នៅក្នុងចំណោមនោះ ឈ្លើយសឹកជិត៥០នាក់ជាទាហានដែលធ្លាប់តស៊ូនៅរោងចក្រស្លដែកអាហ្សូសស្ទែល (Azovstal) នៃទីក្រុងម៉ារីយ៉ូប៉ូល (Mariupol)។

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាឈ្លើយសឹកទាំង១១៥នាក់នោះចាប់បាននៅតំបន់ខឺស (Kursk) ដែលជាទីកន្លែងដែលអ៊ុយក្រែនបើកការវាយលុកចូលកាលពីថ្ងៃទី៦ ខែសីហា។ ក្រសួងថ្លែងបន្តទៀតថាទាហានទាំងនេះកំពុងស្ថិតនៅប្រទេសបេឡារូស។ ជាបឋមរុស្ស៊ីចង់យកទាហានរបស់ខ្លួនទាំងនេះទៅពិនិត្យសុខភាព និងស្ដារសម្បទារបស់ពួកគេឡើងវិញ។

លោកហ្សេឡិនស្គីបង្ហោះសារនយោបាយនៅលើបណ្ដាញអ៊ិចថាសហភាពអារ៉ាប់រួម អេមីរ៉ាត (Emirates) ជាអ្នកចេញមុខជួយខ្នះខ្នែងនៅក្នុងដំណើរការចរចា និងសម្រុះសម្រួលរហូតដល់និយាយត្រូវរ៉ូវគ្នា។ នេះជាការចរចាគ្នាដូរឈ្លើយសឹកលើកទី៥៥ហើយចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅលើបណ្ដាញអ៊ិច លោកហ្សេឡិនស្គីបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញឈ្លើយសឹកដែលដោះលែងទាំងនោះកោរសក់ និងឃ្លុំទង់ជាតិអ៊ុយក្រែនព័ទ្ធជុំវិញខ្លួន។

លោកថ្លែងថាយើងនៅតែមិនភ្លេចគុណូបការៈរបស់ពួកគេទេ (ក្នុងការការពារជាតិមាតុភូមិ)។ យើងបន្តស្រាវជ្រាវរកអ្នកដទៃទៀត ហើយនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីនាំយកពួកគេត្រឡប់មកវិញ។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងរុស្ស៊ីអាចជួបមុខគ្នាតែនៅក្នុងឱកាសសំខាន់ៗបំផុតតែប៉ុណ្ណោះ។ ឧទាហរណ៍ដូចជានៅពេលដូរឈ្លើយសឹក ឬទទួលសាកសពអតីតយុទ្ធជនដែលបានពលីជីវិត។

ទម្រាំអាចធ្វើបែបនេះបានក៏មិនមែនងាយស្រួលនោះឡើយ។ ប្រទេសទាំងពីរត្រូវឆ្លងកាត់ការធ្វើនយោបាយការទូតដ៏ខ្លាំងក្លា និងដ៏យូរអង្វែង។ ប្រទេសទាំង២ពុំដែលប្រកាសជាចំហថាខ្លួននៅសល់ឈ្លើយសឹកប៉ុន្មាននាក់ដែលស្ថិតនៅក្នុងដៃរបស់ភាគីបដិបក្ខទេ ហើយក៏ពុំដែលប្រកាសជាចំហថាខ្លួនចាប់បានឈ្លើយសឹករបស់គូបដិបក្ខម្ខាងទៀតបានប៉ុន្មាននាក់នោះដែរ៕

ចែករំលែកព័តមាននេះ