ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទេស​ចរណ៍​ឥណ្ឌា​បើក​ធ្លាក់​ទឹក​ស្ទឹង​នៅ​ណេ​ប៉ាល់​ស្លា.ប់​២៧​នាក់

1 ឆ្នាំ មុន

ទី​ក្រុង​កាត់​ត្មាន់​ឌូ៖ ​​រថ​យន្ត​១​គ្រឿង​ដឹក​អ្នក​ទេស​ចរ​ជន​ជាតិ​ឥណ្ឌា​៤៣​នាក់​កំពុង​បើក​បរ​នៅ​លើ​ដង​ផ្លូវ​សុខ​ៗ​ស្រាប់​តែ​ហោះ​បោះ​ពួយ​ធ្លាក់​​ចូល​ទៅ​​ក្នុង​ទឹក​ស្ទឹង​ដែល​ពេញ​ប្រៀប​ដោយ​ទឹក​ឡើង​ខែ​វស្សា​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ពាក់​កណ្ដាល​ដែរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប្រទស​ណេប៉ាល់​។ គេ​ដឹង​ថា​មនុស្ស​២៧​បាន​ស្លាប់​ហើយ​ ខណៈ​ដែល​​១៦​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ឧបទ្ទ​វ​ហេតុ​នោះ​។ អ្នក​ដំណើរ​៤១​នាក់​ រួម​ជា​មួយ​​​តៃ​កុង​ឡាន​ និង​ព្រូ​ឡាន​​២​នាក់​​សុទ្ធ​តែ​ជន​ជាតិ​ឥណ្ឌា​។ គោល​ដៅ​​របស់​ពួក​គេ​គឺ​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​ទេសចរណ៍​ភោ​ក​ខា​រ៉ា…

ទី​ក្រុង​កាត់​ត្មាន់​ឌូ៖ ​​រថ​យន្ត​១​គ្រឿង​ដឹក​អ្នក​ទេស​ចរ​ជន​ជាតិ​ឥណ្ឌា​៤៣​នាក់​កំពុង​បើក​បរ​នៅ​លើ​ដង​ផ្លូវ​សុខ​ៗ​ស្រាប់​តែ​ហោះ​បោះ​ពួយ​ធ្លាក់​​ចូល​ទៅ​​ក្នុង​ទឹក​ស្ទឹង​ដែល​ពេញ​ប្រៀប​ដោយ​ទឹក​ឡើង​ខែ​វស្សា​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ពាក់​កណ្ដាល​ដែរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប្រទស​ណេប៉ាល់​។ គេ​ដឹង​ថា​មនុស្ស​២៧​បាន​ស្លាប់​ហើយ​ ខណៈ​ដែល​​១៦​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ឧបទ្ទ​វ​ហេតុ​នោះ​។

អ្នក​ដំណើរ​៤១​នាក់​ រួម​ជា​មួយ​​​តៃ​កុង​ឡាន​ និង​ព្រូ​ឡាន​​២​នាក់​​សុទ្ធ​តែ​ជន​ជាតិ​ឥណ្ឌា​។ គោល​ដៅ​​របស់​ពួក​គេ​គឺ​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​ទេសចរណ៍​ភោ​ក​ខា​រ៉ា (Pokhara) សំដៅ​ទី​រដ្ឋ​ធានី​កាត់​ត្មាន់​ឌូ​របស់​ប្រទេស​ណេប៉ាល់​។ ស្ថាន​ភាព​ភូមិ​សាស្ត្រ​នៅ​ប្រទេស​ណេប៉ាល់​ពោរ​ពេញ​ដោយ​ភាព​​ស្រស់​ស្អាត​ណាស់​ដូច​​នៅ​លើ​ខ្នង​ភ្នំ​ហិមា​ល័យ​​។

ប៉ុន្តែ​ស្ថាន​ភាព​ផ្លូវ​ប្រភេទ​នេះ​ក៏​គ្រោះ​ថ្នាក់​សម្បើម​ណាស់​ដែរ​។ បើក​ឡាន​ស្រួល​ៗ​បោះ​ពួយ​ធ្លាក់​ទៅ​ជម្រាល​ភ្នំ​ក៏​មាន​។ ដូច​ករណីខាង​លើ​នេះ​អីចឹង​។ ដង​ផ្លូវ​ពោរ​ពេញ​ដោយ​ភាព​តូច​ចង្អៀត​ បត់​បែន​​ឆ្វេង​ស្ដាំ និង​ឡើង​ចុះ​ ពត់​ពេន​ដូច​អន្ទង់​អាំង​។ សម្រាប់​រថ​យន្ត​ខ្នាត​ធំ​ដូច​ជា​រថ​យន្ត​បឺស​ដែល​ដឹក​អ្នក​ទេស​ចរ​ខាង​លើ​នេះ​ពិត​ជា​ពិបាក​ណាស់​​​នៅ​ក្នុង​ស្ថាន​ភាព​ផ្លូវ​​បែប​​​នេះ​។ ​

ក្រោយ​ហេតុ​ការណ៍​នោះ អាជ្ញាធរ​បាន​ចាត់​កម្លាំង​ចុះហែល​ទឹក​ដើម្បី​ស្វែង​រក​អ្នក​បាត់​ខ្លួន​។ មិន​យូរ​ប៉ុន្មាន​ គេ​ស្រង់​បាន​​​ជន​រង​គ្រោះ​២២​នាក់​​ចេញ​ទឹក​ស្ទឹង​ម៉ាស់​ស៊ីយ៉ាងឌី​ (Marsyangdi) ស្ថិត​នៅ​ក្នុង​ស្រុក​ថាណា​ហាន់ (Tanahun) ចម្ងាយ​១១៨​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​កាត់​ត្មាន់​ឌូ​។ នៅ​ក្នុង​ចំណោម​​នោះ ១២​នាក់​រង​របួស​ធ្ងន់​ធ្ងរ​។ ដូច្នេះ គេ​ត្រូវ​ដឹក​តាម​​ឧទ្ធម្ភាគ​ចក្រ​ទៅ​កាត់​ត្មាន់​ឌូ​​​​ដើម្បី​សង្គ្រោះ​បន្ទាន់​។​

អ្នក​នាំ​ពាក្យ​ណេប៉ាល់​ប្រាប់​ថា​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​១២​នាក់​នោះ យ៉ាង​ហោច​ណាស់​៦​នាក់​បាន​​ផុត​ដង្ហើម​ហើយ​​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​​។ នៅ​ក្នុង​បេសក​កម្ម​ជួយ​សង្គ្រោះ​លើក​នេះ ទាហាន​ និង​នគរ​បាល​ត្រូវ​ដាក់​ជណ្ដើរ​ពី​លើ​​ជ្រលង​ភ្នំ​ដើម្បី​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​ទឹក​ស្ទឹង។ ក្រោយ​មក​នៅ​ពេល​រក​ឃើញ​ជន​រង​គ្រោះ​រួច​ហើយ​ គេ​ត្រូវ​ចង​ដង​ខ្លួន​របស់​អ្នក​នៅ​រស់​ និង​អ្នក​ស្លាប់​ដើម្បី​ទាញតាម​ខ្សែ​ពួរ​ឡើង​ទៅ​លើ​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​ត​គ្នា​ គេ​ឃើញ​ថា​ស្ត្រី​ និង​កូន​តូច​ៗ​របស់​ពួក​គេ​ដែល​អាការៈ​​ហេវ​ហត់​​យ៉ាង​ខ្លាំង។ ​​ទៅ​មុខ​លែង​រួច​ត​ទៅ​ទៀត​ហើយ​។ មាន​តែ​​ដេក​សំដិល​ខ្លួន​នៅ​លើ​កម្ទេច​កម្ទី​បាក់​បែក​ដែល​នៅ​រាយ​ប៉ាយ​តាម​មាត់​ស្ទឹង​ដ៏​ល្ហ​ល្ហាច​ក្រោម​ឥទ្ធិ​ពល​នៃ​ការ​ហក់​ឡើង​យ៉ាង​គំហុក​នៃ​ទឹក​ជំនន់​ខែ​វស្សា​។ អាជ្ញាធរនៅ​ខេត្ត​អ៊ុត​តា​ប្រាដេស (ឬ​ឧត្ដរ​ប្រទេស​) ​​ត្រៀម​ចាត់​មន្ត្រី​ផ្លូវ​ការ​របស់​ខ្លួន​ដើម្បី​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​​​​នេះ​​ព្រោះ​រដ្ឋ​នេះ​ជា​ទី​កន្លែង​ចេញ​ដំណើរ​នៃ​រថ​យ​ន្ត​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ដែល​រង​គ្រោះ​។ ​​នេះ​​បើ​តាម​ការ​​ផ្សាយ​របស់​ទូរ​ទស្សន៍​ឥណ្ឌា​អេ​អឹន​អាយ (ANI)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ