ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​លោកចៅហ្វាយខេត្តរងម្នាក់ បុ.កសិស្សសាលាស្លា.,ប់ជិត១អាទិត្យហើយ មន្ត្រីចរា​ចរណ៍រកមុខតៃកុងមិនឃើញ

3 អាទិត្យ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង៖ លោក មូល ធន អភិបាលរងខេត្តបាត់ដំបងត្រូវគេសង្ស័យថា បានបើករថយន្តទៅបុកម៉ូតូសិស្សសាលាម្នាក់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ប៉ុន្តែមន្រ្តីចរាចរណ៍បានបដិសេធ ហើយអះអាងថា…

​ខេត្តបាត់ដំបង៖ លោក មូល ធន អភិបាលរងខេត្តបាត់ដំបងត្រូវគេសង្ស័យថា បានបើករថយន្តទៅបុកម៉ូតូសិស្សសាលាម្នាក់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ប៉ុន្តែមន្រ្តីចរាចរណ៍បានបដិសេធ ហើយអះអាងថា «លោក មូល ធន មិនមែនជាអ្នកបើកទេ គឺ គាត់មានតៃកុងបើកជូនដំណើរ ហើយតៃកុងបានរត់គេចខ្លួនបាត់ ថែមទាំងបិទទូរស័ព្ទទាក់ទងមិនបានទៀតផង»។

បើគិតត្រិមថ្ងៃទី២២ សីហា នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តលោកអភិ​បាលរងខេត្ត បុកសិស្សសាលារហូតដល់ស្លាប់ខាងលើនេះ បានកើតឡើងជិតមួយសប្ដាហ៍ហើយ ។ ប៉ុន្តែមន្រ្តីចរាចរណ៍​នៅតែមិនអាចរកមុខអ្នកបើកឲ្យមកទទូលទោសតាមច្បាប់នៅឡើយ ។ ចំណែកឯលោក មូល ធន ដែលអះអាងប្រាប់សមត្ថកិច្ចថា លោកមិនមែនជាអ្នកបើកបរផ្ទាល់ គឺលោកមានតៃកុងបើកជំនួស តែលោក​ចៅហ្វាយខេត្តរងរូបនេះ បែរជាមិនព្រមប្រគល់តៃកុងរថយន្តរបស់ខ្លួនឲ្យទៅសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ទេ។

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍​ដែលបង្កឡើងដោយរថយន្តរបស់លោក មូល ធន អភិបាលរងខេត្ត ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី១៦ សីហា នៅលើកំណាត់​ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។ រថយន្តបង្កហេតុរបស់លោក មូល ធន ម៉ាកឡិចស៊ីស៤៧០ពណ៌បៃតង ពាក់ស្លាកលេខ 2N-9459 ។ រថយន្តនេះ បានបុកជាមួយម៉ូតូជនរងគ្រោះឈ្មោះ លូត វិសាល ប្រុសអាយុ១៦ឆ្នាំ ជាយុវសិស្ស រស់នៅភូមិទូលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខណៈពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ។

បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តលោកអភិ​បាលរងខេត្ត ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅខាងកើត ក្នុងល្បឿនលឿនគួសមដែរ។ សាក្សីបន្តទៀតថា ពេលដល់ចំណុចកើតហេតុ គេឃើញរថយន្តបង្កនេះ បានបន្ថែមល្បឿនប្រឹងឡើងជែងរថយន្តដឹកកក ដែលធ្វើដំណើរស្របទិសគ្នា។

ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពេញទំហឹងទៅលើម៉ូតូកូនសិស្ស ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យយុវសិស្សរូបនេះ ស្លាប់ភ្លាមៗតែម្ដង ។ ក្រោយពេលបុកម៉ូតូ រថយន្តលោកអភិបាលរងខេត្ត បានព្យាយាមបើកទៅឈប់នៅខាងស្ដាំដៃខ្លួនយ៉ាងប្រថុចញ៉ុច ធ្វើឲ្យរថយន្តដឹកទឹកកក ដែលលោកទើបបើកឡើងជែង ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តលោកពីក្រោយថែមទៀត ។

​បានន័យថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង០២តង់ផ្ទូនៗ រវាងរថយន្តលោកអភិ​បាលរងខេត្ត បុកជាមួយម៉ូតូកូនសិស្ស រីឯរថយន្តដឹកទឹកកក ជ្រុលទៅបុកគូទរថយន្តលោកអភិបាលរងខេត្ត។ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍​ដែលបង្កឡើងរថយន្តលោក មូល ធន អភិបាលរងខេត្តខាងលើនេះ មានការអះអាងផ្ទុយគ្នា ចំពោះអ្នកបើកបររថយន្តលោកមូល ធន ដែលបុកយុវសិស្សស្លាប់ ។

​សាក្សីនៅកន្លែងកើតហេតុ ដែលសុំមិនប្រាប់ឈ្មោះ បានទម្លាយថា គេបានឃើញអ្នកជិះក្នុងរថ​យន្តនោះចំនួន០២នាក់ គឺប្រុសម្នាក់ ស្រ្តីម្នាក់។ បុរសនោះ ពាក់ឯកសណ្ឋានរាជការ ដែលគេស្គាល់ច្បាស់ថា គឺ លោក មូល ធន តែគេមិនស្គាល់ស្រ្តីម្នាក់ ដែលរួមដំណើជាមួយគាត់ទេ។ ហើយគេក៏មិនឃើញមានអ្នកបើបររថយន្តនោះ ក្រៅពីលោកមូល ធន ដែរ។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតហេតុ លោក មូល ធន បានចុះពីរថយន្ត តែគាត់មិនរត់ទៅណាទេ លុះបន្តិចក្រោយមក ទើបគេឃើញមន្រ្តីចរាចរណ៍ស្រុកសង្កែមកដល់ ។

ដំបូង សមត្ថកិច្ចបានព្យាយាមឃាត់ខ្លួនលោកមូល ធន តែមិនបានមួយដង្ហើមចង្រិត ស្រាប់តែមានលោកធំទូរស័ព្ទអន្តរាគមន៍ឲ្យដោះលែងលោកមូល ធន វិញ ដោយបញ្ជាឲ្យមន្រ្តីជំនាញនាំយកតែ​វត្ថុតាងពាក់ព័ន្ធទាំងអស់យកទៅកន្លែងសមត្ថកិច្ចដើម្បីដោះស្រាយ ។

ជុំវិញការលើកឡើងខាងលើនេះ កោះសន្តិភាព មិនទាន់អាចស្វែងរកសុំការបំភ្លឺពីលោក មូល ធន អភិ​បាលរងខេត្ត ដែលជាម្ចាស់រថយន្តបង្កហេតុបានទេ គិតត្រិមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ២២ សីហា នេះ។ ប៉ុន្តែលោក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានប្រាប់តាមទូរស័ព្ទថា លោក មូល ធន មានបេសកកម្មចុះទៅបំពេញការងារនៅស្រុកមោងប្ញស្សី ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលលោកធ្វើដំណើរដល់ចំណុចខាងលើ ។

​លោក ចាន់ សុធី បានបដិសេធ ដែលគេនិយាយថា លោក មូល ធន ជាអ្នកបើកបររថយន្តបុកអ្នកជិះម៉ូតូស្លាប់ ដោយលោកបានបកស្រាយដូច្នេះថា «លោកមូល ធន មិនមែនជាអ្នកបើករថយន្តទេ គឺគាត់មានតៃកុងគាត់ជាអ្នកបើកជូនដំណើរគាត់ទៅបំពេញការងារ»។ សំណួរ៖ តើពេលនេះតៃកុងរថយន្តលោកមូល ធន ត្រូវបានឃាត់ខ្លួនដែរឬទេ ? លោក ចាន់ សុធី បានផ្ដល់ចម្លើយវិញថា «តៃកុងរថយន្តគាត់បានរត់គេចខ្លួន ហើយថែមទាំងបិទទូរស័ព្ទ មិនឲ្យទាក់ទងបានទៀត»។

លោកបន្ថែមថា ពេលនេះភាគីទាំង០២កំពុងជួបចចារគ្នា ដោះស្រាយសំណងហើយ តែមិនទាន់ត្រូវគ្នាទេ។ ការលើកឡើងរបស់លោកនាយការិយាល័យជំនាញខាងលើនេះ ហាក់មិនស៊ីសង្វាក់​គ្នានឹងសាក្សីដែលបានឃើញហេតុការណ៍នេះទេ ។

ហើយកាន់តែធ្វើឲ្យមហាជនមានចម្ងល់ថែមទៀតរហូតលើកជាសំណួរ ដោយសំដៅលោកចៅ​ហ្វាយរងខេត្តថា បើលោក មូល ធន មានតៃកុងបើកជូនដំណើរមែន ហើយបុកមនុស្សស្លាប់បែបនេះ ចុះ​ហេតុអ្វីលោកចៅហ្វាយខេត្តរងរូបនេះ មិនព្រមបញ្ជូនតៃកុងរថយន្តរបស់ខ្លួន ឲ្យទៅសមត្ថ​កិច្ចចាត់ការតាមនីតិវិធី ? ព្រោះលោកជាមន្រ្តីរាជការ ស្គាល់ច្បាប់ទម្លាប់ច្បាស់ហើយតើ ? ឬ​លោកឃុមឃិត សមគំនិតបង្គាប់ឲ្យតៃកុងរត់គេចខ្លួន រួចចាំរត់ការដោះស្រាយតាមក្រោយ ?

ឬ​មួយលោកជាអ្នកបើកបរខ្លួនឯងផ្ទាល់ទេដឹង លុះជួយគ្រោះថ្នាក់ បែរជាបង្កើតរឿងបែបនេះ ដើម្បីដោះបន្ទុក ? ប៉ុន្តែយ៉ាងណាក៏ដោយ មតិមហាជន បានលើកឡើងថា បើលោកអភិបាលរងខេត្តរូបនេះ មានអ្នកបើករថយន្តជូនដំណើរលោកមែន លោកគូរតែអញ្ជើញតៃកុងឡានរបស់លោក ឲ្យចូលខ្លួនទៅកាន់សមត្ថកិច្ច ដើម្បីបំភ្លឺ និង ទទូលខុសត្រូវចំពោះមុខច្បាប់ ឲ្យស្មើភាពគ្នាជាមួយ
នឹងប្រជាពលរដ្ឋដទៃៗទៀតដែរ ដែលបង្កគ្រោះថ្នាក់ហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់។

ព្រោះលោកជាថ្នាក់ដឹកនាំមួយរូបនៅក្នុងរដ្ឋបាលខេត្ត ត្រូវតែគោរពច្បាប់ មិនគូរលាក់បាំងតៃកុងរថយន្តខ្លួននោះទេ។ ប៉ុន្តែមហាជននៅតែមានមន្ទិលសង្ស័យ ទៅលើលោក មូល ធន ថា ចៅហ្វាយខេត្តរងរូបនេះ អាចជាបើករថយន្តនោះខ្លួនឯងផ្ទាល់ គ្មានតៃកុងណាបើកជូនដំណើរគាត់ទេ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ