រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃជាទង្វើមានបំណងនយោបាយដែលនឹងបង្កការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជា និងថៃ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងការបទេស សូមសម្តែងនូវគារវកិច្ចចំពោះស្ថានទូតថៃ នៅទីក្រុងភ្នំពេញ និងមានកិត្តិយស សូមជម្រាបជូនភាគីថៃដូចខាងក្រោម ៖
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ដូចឃើញចុះផ្សាយក្នុងសារព័ត៌មានថៃថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ថា វា គឺជាការអនុវត្តទៅតាមស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី ។
គោលបំណងនៃការកត់ត្រាបែបនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ ។
ក្រសួងការបទេសបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជា និងថៃ» ។
ក្រសួងបានលើកឡើងទៀតថា ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈនឹងធ្វើឱ្យខូចដល់គោលការណ៍សមភាពអធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជំរុញឱ្យរាជរដ្ឋាភិបាលថៃចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍដ៏គួរឱ្យសោកស្ដាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមឆ្លៀតឱកាសនេះ ដើម្បីសម្តែងគារវកិច្ចដ៏ខ្ពស់ខ្ពស់សារជាថ្មីចំពោះស្ថានទូតថៃប្រចាំនៅភ្នំពេញ៕
ចែករំលែកព័តមាននេះ