ទីក្រុងប៉េកាំង ៖ ប្រទេសចិនកំពុងស៊ើបអង្កេតពាក់ព័ន្ធរឿងថា តើបណ្តាក្រុមហ៊ុនផលិតផលទឹកដោះគោរបស់សហភាពអឺរ៉ុប ទទួលបានការឧបត្ថម្ភធនអយុត្តិធម៌ពីរដ្ឋាភិបាលពួកគេដែរឬទេ? ដែលនេះគឺជាការកត់សម្គាល់ចុងក្រោយបង្អស់ នៅក្នុងជម្លោះពាណិជ្ជកម្មដែលកំពុងតែពុះកញ្ជ្រោលឡើងកាន់តែខ្លាំង។ នេះបើយោងតាមប្រភពសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ អះអាងថា បណ្តាក្រុមហ៊ុនផលិតផលទឹកដោះគោនៅក្នុងស្រុកបានស្នើសុំការស៊ើបអង្កេត ដោយលើកឡើងអំពីកម្មវិធីឧបត្ថម្ភធនអយុត្តិធម៌២០ករណីផ្សេងៗគ្នា ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទឹកដោះគោរបស់សហភាពអឺរ៉ុប។ ការស៊ើបអង្កេតរាប់ចាប់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ឧបករណ៍កសិកម្ម និងប្រាក់ចំណូលបន្ថែមសម្រាប់កសិករវ័យក្មេង រហូតដល់ការឧបត្ថម្ភ ផ្នែកបរិស្ថាន និងរដ្ឋបាលផងដែរ។ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ការពិនិត្យឡើងវិញជាបឋមនៃភស្តុតាងបានរកឃើញហេតុផលគ្រប់គ្រាន់ សម្រាប់ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនអយុត្តិធម៌ ហើយការស៊ើបអង្កេតអាចចំណាយពេលរហូតដល់១៨ខែ។

បើតាមទិន្នន័យរបស់គណៈកម្មការអឺរ៉ុបបានបង្ហាញថា សហភាពអឺរ៉ុប គឺជាអ្នកនាំចេញទឹកដោះគោដ៏ធំបំផុតរបស់ពិភពលោក ហើយប្រទេសចិនគឺជាគោលដៅធំទីពីរ សម្រាប់ទឹកដោះគោស្រស់ និងម្សៅទឹកដោះគោស្រស់។ ហើយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គឺជាអ្នកទិញបឺ នឹងឈីសកំពូលទាំងពីររបស់សហភាពអឺរ៉ុប ដោយប្រទេសចិនឈរនៅលេខរៀងទី៣ សម្រាប់ប៊ឺ និងលេខរៀងទី៨ សម្រាប់ឈីស។
ការប្រកាសពីក្រសួងពាណិជ្ជកម្មចិន កើតឡើង១ថ្ងៃ បន្ទាប់ពីសហភាពអឺរ៉ុបបានបញ្ជាក់ពីជំហរនឹងបន្តកិច្ចការទៅមុខជាមួយនឹងការដំឡើងអត្រាពន្ធលើរថយន្តអគ្គិសនីភាគច្រើនដែលនាំចូលពីប្រទេសចិន។

ចិន-សហភាពអឺរ៉ុប បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងជម្លោះពាណិជ្ជកម្មទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតលើការគាំទ្រដោយអយុត្តិធម៌ពីរដ្ឋាភិបាលចិន ចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កាលពីខែកញ្ញាឆ្នាំមុន។
លើសពីនេះ សហភាពអឺរ៉ុបក៏កំពុងស៊ើបអង្កេតលើការគាំទ្រដោយអយុត្តិធម៌របស់រដ្ឋាភិបាលចិន សម្រាប់បណ្តាក្រុមហ៊ុនទួរប៊ីនខ្យល់ផងដែរ។ ដើម្បីជាការឆ្លើយតប ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការបង្ក្រាបការលក់បង្ខូចថ្លៃលើបណ្តាផលិតផលម៉ាកយីហោជាច្រើន រួមទាំងបណ្តាក្រុមហ៊ុនផលិតសាច់ជ្រូកពីសហភាពអឺរ៉ុបផងដែរ។
លោក Olof Gill អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រតិបត្តិរបស់សហភាពអឺរ៉ុបនឹងតាមដានការស៊ើបអង្កេតរបស់ប្រទេសចិនយ៉ាងជិតស្និទ្ធ និងអន្តរាគមន៍តាមការសមស្រប ដើម្បីធានាថា ការស៊ើបអង្កេតអនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ គណៈកម្មការអឺរ៉ុបនឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍នៃឧស្សាហកម្មទឹកដោះគោរបស់សហភាពអឺរ៉ុប និងគោលនយោបាយកសិកម្មរួម ដោយសំដៅលើកម្មវិធីផ្លូវការរបស់ប្លុកពាណិជ្ជកម្មដ៏ធំមួយនេះ សម្រាប់ការគាំទ្រដល់កសិករ៕ (ប្រភព ៖ CNN)
ចែករំលែកព័តមាននេះ