រាជធានីភ្នំពេញ ៖ មុខសញ្ញាកាច់សោ.កម៉ូតូ ចំនួន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ស្រាវជ្រាវ និងបង្ក្រាប បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាច់សោម៉ូតូ លួចបានចំនួន០៣គ្រឿង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង១០នាទីព្រឹក នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចោរ១ក្រុម បានលួចកាច់សោម៉ូតូ អស់ចំនួន០៣គ្រឿង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
ម៉ូតូទាំង៣គ្រឿង ដែលចោរកាច់ក លួចទៅនោះ ជារបស់ជនរងគ្រោះ ៖
១. ឈ្មោះ សួង គង់គារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2024 ពាក់ស្លាកលេខ ភ្នំពេញ 1KV-2592 ។
២. ឈ្មោះ កែវ ឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ កំពង់ចាម 1AE-1104 ។
៣. ឈ្មោះ អោប សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ម៉ូតូ១គ្រឿង ម៉ាក HONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 1S-3586 ។
លោកវរសេនីយ៍ឯក អេង សោភា បន្តថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៊ី ជាជំនួយការឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ បានចុះដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០ ២៤ វេលាម៉ោង៦ល្ងាច ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ នៅចំណុចតាមផ្លូវ ជិតផ្សារសែនសុខ ភូមិបន្លាស្អិត សង្កា ត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងដកហូតបានវត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ដែលជារបស់ជនរងគ្រោះទាំង ៣នាក់ ។
ជនសង្ស័យដែលចាប់ខ្លួននោះមាន ៖
១. ឈ្មោះ សុខ ជា ហៅ តឹង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ នឹងស្នាក់នៅ មិនពិតប្រាកដ (ជនដៃដល់) ។
២. ឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួលលេខ៣១ ផ្លូវលេខ២២៧ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (សហចារី) ។
៣. ឈ្មោះ កែវ ភារុណ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួលលេខ២៦ ផ្លូវបេតុង ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (សហចារី) ។
ពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ដែលជារបស់ជនរងគ្រោះនោះមកវិញ ប៉ុន្តែស្លាកលេខម៉ូតូ១គ្រឿង ត្រូវបានក្រុមចោរកាច់បោះចោលក្នុងប្រឡាយទឹកស្អុយ ។ តែទោះជាយ៉ាងណាក្តី ម៉ូតូទាំង៣គ្រឿងនោះ សមត្តកិច្ចបានប្រគល់ឲ្យទៅម្ចាស់វិញ ចំណែកជនសង្ស័យជាមុខសញ្ញាលួចកាច់សោម៉ូតូ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ