គុណធម៌ សីលធម៌ សុជីវធម៌ ជារឿងសំខាន់សម្រាប់បុគ្គលម្នាក់ៗជាពិសេសគ្រូបង្រៀន និងសិស្សានុសិស្ស ។ ជាការពិត កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើកអ្នកគ្រូមួយរូបយកកៅស៊ូចងសក់សិស្ស ដោយវិធីសាស្ត្របែបត្រជាក់ៗ តែមានប្រសិទ្ធិភាពខ្ពស់ចំពោះសិស្សានុសិស្ស ក្រោយមិនអនុវត្តវិធីសាស្ត្រយកកន្ត្រៃកាត់សក់សិស្ស ។

ជាមួយគ្នានេះ តាមរយៈគណនី Tik Tok មួយឈ្មោះ មាន ស្រីពៅ៨ (Mean. Sreypov8) បានបង្ហោះរូបភាពចងសក់សិស្ស ដោយសំណេរថា « គ្រូកាចសិស្សស្អប់ គ្រូស្លូតសិស្សខ្ជិល អស់ស្លូតត្រឹមគ្រូម្នាក់នេះហើយ ហាមមិនស្តាប់ចឹង មានតែចងអោយតែម្តង ចងហើយឡើងគួរអោយស្រឡាញ់ដែរតើ» ។
ក្រោយអ្នកគ្រូធ្វើដូច្នេះ មានមហាជនខ្លះលើកឡើងថា « សក់ឡើងស្អាតហើយលោកគ្រូធ្វើបែបនេះ បានជាសិក្សស្អប់អត់ចង់ចូលរៀន» ។
មហាជនខ្លះទៀតលើកឡើងថា « ក្មួយៗត្រូវកាត់សក់អោយខ្លីៗបានសាកសមជាសិស្សល្អ ចំណែកក្មួយសិស្សស្រីៗចងកៀបអោយស្អាតៗ ជាសិស្សល្អ កូនល្អ» ។ ចំណែកមហាជនខ្លះទៀតលើកឡើងថា ខ្ញុំគិតថា កូនសិស្សគួរតែកាត់សក់ព្រោះសក់ឆូសខ្លីៗស្អាត ហើយក៏ពេញនិយមផងដែរក្នុងសម័យនេះ ។ និងខ្លះទៀតលើកឡើងថា « បើកូនខ្ញុំវិញ អោយទៅកាត់សក់កាត់ម៉ូតអី កុំអោយបាំងភ្នែកពេលកាត់ហើយមកវិញដដែល កូនថា កាត់ហើយៗ តែម៉ូតនៅតែបាំងភ្នែកដដែល» ។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព អ្នកគ្រូជនបទ មាន ស្រីពៅ ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុនសែន បាត់ដឹង និយាយថា មូលហេតុដែលអ្នកគ្រូមិនកាត់សក់សិស្សនោះ គឺជាវិធីសាស្ត្រមួយ ដែលយល់ថា ល្អ ព្រោះក្រោយធ្វើបែបនេះ គឺសិស្សស្តាប់អ្នកគ្រូជាជាងកាត់សក់គាត់ ។
អ្នកគ្រូ មាន ស្រីពៅ ដែលជាគ្រូបង្រៀនកម្រិតឧត្តមថ្នាក់ទី ១០ ១១ និង១២បន្តថា ការដែលជាយកកៅស៊ូយកមកចងសក់សិស្ស ជារឿងត្រជាក់ ហើយអ្នកគ្រូគិតថា វាកំប្លែងធ្វើអោយសិស្សចង់រៀន មិនខ្លាចគ្រូ ហើយក៏ជាវិធីសាស្ត្រថ្មីមួយដោយមិនចាំបាច់កាត់សក់សិស្សទាំងអ្នកគ្រូមិនមែនជាគ្រូវិន័យ ដែលមិនសមស្របនឹងស្ថានភាពនោះ ។

អ្នកគ្រូចិត្តត្រជាក់រូបនេះបន្តទៀតថា ក្រោយអនុវត្តបែបនេះ គឺសិស្សស្តាប់អ្នកគ្រូច្រើន តែផ្ទុយវិញ ប្រសិនបើសិស្សមិនស្តាប់បង្គប់ទេ អ្នកគ្រូនឹងបញ្ចូនទៅជួបលោកនាយក ឬធ្វើកិច្ចសន្យាជាមួយអាព្យាបាលផ្សេង ប្រសិនក្នុងករណីសិស្សមិនអនុវត្ត ឬធ្វើតាមវិន័យ ។ ត្រង់ចំណុចនេះ គឺអ្នកគ្រូចង់អោយសិស្សប្រុសស្លៀកពាក់ កាត់សក់អោយស្អាតសមសួន រីឯសិស្សនារីគួរតែចងសក់ ស្លៀកពាក់អោយល្អដូចគ្នាដែរ ។
អ្នកគ្រូ មាន ស្រីពៅ ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុនសែន បាត់ដឹង ស្ថិតក្នុងភូមិបាត់ដឹង ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បន្តទៀតថា សិស្សអ្នកគ្រូដែលរៀនថ្នាក់ទី១០នេះ មានសិស្ស ៦៨នាក់ ស្រី៣៦នាក់ ក្នុងមានសិស្សប្រមាណជាជិត១០នាក់ ដែលទុកសក់វែង ។ ជាមួយគ្នានេះ អ្នកគ្រូរូបស្រស់ថា អ្នកគ្រូគ្មានសិទ្ធកាត់សក់សិស្សទេ ដោយបានត្រឹមស្តីប្រដៅ ទូន្មានប៉ុណ្ណោះ ។
ជាចុងក្រោយ អ្នកគ្រូ ស្រីពៅ សូមសំណូមពរអោយសិស្សខំរៀនសូត្រ អោយចប់ចុងចប់ដើម ព្រោះមានតែចំណេះហើយអោយសិស្សគ្រប់រូបមានការងារធ្វើ មិនលំបាកទៅថ្ងៃមុន ។

គួរបញ្ជាក់ដែរថា ការអនុវត្តវិធីសាស្ត្រត្រជាក់បែបនេះ អាចថាជាទង្វើមួយដែលប្រពៃ ព្រោះកាលពីកន្លងទៅ ឃើញថា តាមបណ្តាលសាលាមួយចំនួនតែងតែអនុវត្តវិធីសាស្ត្រកាត់សក់ ដូច្នេះត្រង់ចំណុចនេះ ប្រសិនបើអនុវត្តតាមអ្នកគ្រូក៏ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពផង
                        
			         
				
ចែករំលែកព័តមាននេះ