ទីក្រុងបាងកក៖ អ្នកជំនាញសុខាភិបាលព្រមានថាប្រទេសថៃត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះករណីផ្ទុះជំងឺអុតស្វាប្រភេទថ្មីដែលអាចនឹងផ្ទុះឡើង។ លើកនេះផ្ទុះឡើងក្លាយជាជំងឺឆ្លងជាសាកលតែម្ដង។ បណ្ឌិតយ៉ង ភូវ៉ូរ៉ាវ៉ាន់ជាអ្នកជំនាញខាងមេរោគឆ្លងបានថ្លែងថា «ករណីមេរោគអុតស្វាប្រភេទថ្មី ក្លេតវាន់ប៊ី (Clade 1b) អាចឆ្លងតាមតំណក់ទឹកតូចៗជារឿងគួរឱ្យព្រួយបារម្ភ។

លោកថ្លែងថាក្លេតវាន់ប៊ីដែលកំពុងផ្ទុះនៅប្រទេសកុងហ្គោមានចរិតកាចសាហាវជាងមេរោគក្លេតធូ(Clade 2) ដែលធ្លាប់កើតមាននៅប្រទេសថៃ។ មេរោគក្លេតវាន់ប៊ីនៅកុងហ្គោកើតឡើងចំពោះកុមារ និងមនុស្សពេញវ័យទាំងបុរស និងស្ត្រី។ ប៉ុន្តែអ្នកដែលរងគ្រោះខ្លាំងរហូតដល់ស្លាប់ភាគច្រើនជាកុមារ។ ក្លេតវាន់ច្រើនឆ្លងតាមរយៈការប៉ះពាល់គ្នាដោយផ្ទាល់ និងឆ្លងតាមរយៈតំណក់ទឹកតូចៗ។ ដូច្នេះ មេរោគនេះឆ្លងខ្លាំងជាងមេរោគក្លេតធូព្រោះក្លេតធូឆ្លងតាមរយៈការប៉ះពាល់គ្នាតែប៉ុណ្ណោះ។

បណ្ឌិតរូបនេះពន្យល់ថាមេរោគក្លេតវាន់ និងក្លេតធូ និងមេរោគក្លាយពូជពីមេរោគទាំង២នេះអាចឆ្លងទៅកុមារ និងមនុស្សពេញវ័យទាំងបុរស និងស្ត្រី។ ប៉ុន្តែមេរោគក្លេតធូប៊ី៩៨%ច្រើនកើតមានចំពោះបុរស ជាពិសេសបុរសដែលស្រឡាញ់បុរសដូចគ្នា។ ទន្ទឹមនឹងនោះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៅប្រទេសថៃទើបតែចេញសេចក្ដីប្រកាសនៅថ្ងៃចន្ទដើម្បីបញ្ជាក់ពីស្ថានភាពជំងឺអុតស្វាបន្ទាប់ពីគេរកឃើញអ្នកឆ្លងមេរោគក្លេតធូប៊ី (Clade 2b) កើនឡើងដល់មួយរយនាក់នៅប្រទេសថៃ។

នាយកដ្ឋានខាងលើនេះបានបញ្ជាឱ្យមន្ទីរពេទ្យ និងស្ថាប័នពាក់ព័ន្ធដទៃទៀតអនុវត្តឱ្យបានហ្មត់ចត់ទៅតាមគោលការណ៍ណែនាំនៅពេលបំពេញការងារនៅក្នុងទីតាំងដែលងាយប្រឈមនឹងជំងឺអុតស្វា។ នាយកដ្ឋានក៏បានបញ្ជាឱ្យប៉ុស្តិ៍ឆែកឆេរនៅតាមច្រកព្រំដែនអន្តរជាតិត្រូវតែពិនិត្យតាមដានអ្នកដំណើរដែលមកពីទ្វីបអាហ្វ្រិក។ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិដនមឿង, សុវណ្ណភូមិ និងកំពង់ផែឡែមឆាបាង។

នាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលថៃត្រូវធានាថាខ្លួនត្រៀមបម្រុងគ្រប់គ្រាន់ទាំងផ្នែកមន្ទីរពិសោធ និងគ្រឿងបរិក្ខារពេទ្យដើម្បីត្រៀមទប់ទល់ករណីផ្ទុះជំងឺនេះនៅក្នុងទ្រង់ទ្រាយធំ។ អង្គការសុខភាពពិភពលោកទើបតែប្រកាសអាសន្នផ្នែកសុខាភិបាលបន្ទាប់ពីគេរកឃើញប្រទេសកាន់តែច្រើនឡើងៗផ្ទុះជំងឺអុតស្វានេះ។

ជាអាទិ៍៖ ប្រទេសកុងហ្គោ, ប៊ូរូនឌី (Burundi), កេនយ៉ា (Kenya), រ៉ូវ៉ាន់ដា (Rwanda) និងអ៊ូហ្កង់ដា (Uganda)។ ចាប់ពីឆ្នាំ២០២២-២០២៤ មនុស្ស១៤៥២០នាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺអុតស្វាប្រភេទវាន់ប៊ី (1b) បណ្ដាលឱ្យស្លាប់៤៥៦នាក់។ នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង៕
ចែករំលែកព័តមាននេះ