ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ស្ថានភាពទូទាំងប្រទេសកម្ពុជា រួមទាំងភ្នំពេញមិនមានប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា នៅ​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ស្ថានភាព​ទូទៅ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា រួម​ទាំង​រាជធានី​ភ្នំពេញ មិន​មាន​សកម្មភាព​ប្រមូលផ្តុំ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា នៅ​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ស្ថានភាព​ទូទៅ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា រួម​ទាំង​រាជធានី​ភ្នំពេញ មិន​មាន​សកម្មភាព​ប្រមូលផ្តុំ ឬ​ចលនា​ណាមួយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កើតឡើង​ដូច​ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នោះ​ឡើយ ។

នាយក​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា គ្មាន​ការ​ប្រមូលផ្តុំ​ប្រឆាំង​រាជរដ្ឋាភិបាល​ពី​ក្រុមប្រឆាំង​នោះ​ទេ​គឺ​ប្រជាពលរដ្ឋ​នៅ​តែ​ប្រកប​របរ និង​ការងារ​ជា​ធម្មតា ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ដែល​នៅ​តាម​ដងផ្លូវ និង​ទី​សាធារណៈ​នានា​មាន​សភាព​ស្ងប់ស្ងាត់ មិន​មាន​បាតុភាព​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ៖«​លទ្ធផល​នៅ​ថ្ងៃនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​បរាជ័យ​ដ៏​អាម៉ាស់​ជា​ថ្មី​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅប្រទេស​ដែល​តែង​មានគំនិត​ទុច្ចរិត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រៅ​គន្លង​ប្រជាធិបតេយ្យ​ដែល​នេះ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​បែប​រវើរវាយ​ប៉ុណ្ណោះ ហើយ​ក៏​បញ្ជាក់​ឱ្យ​ឃើញ​ដែរ​ថា ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​មានការ​យល់​ដឹង​ពុំ​បាន​ឆោតល្ងង់​ចូលរួម ឬ​សម្តែង​ការ​គាំទ្រ​ទាល់តែ​សោះ​ជាមួយនឹង​សកម្មភាព​របស់​ពួក​គេ​» ។

ឯកឧត្តម​បន្ត​ថា ទោះបីជា​មិន​មាន​បាតុភាព​ណាមួយ​បាន​កើតឡើង ដូច​អ្វី​ដែល​ក្រុម​ឧទ្ទាម​បាន​ខិតខំ​ញុះញង់​បំផុសបំផុល​ក៏​ដោយ ក៏​កម្លាំង​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​វិទ្ធង្សនា​ទាំងឡាយ ដែល​មាន​ចេតនា​ពិសពុល ក្នុង​ការ​បង្ក​ឱ្យ​មាន​ចលាចល​រំខាន​ដល់​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា ៖«​យើងខ្ញុំ​សូម​គាំទ្រ​នូវ​ចំណាត់ការ​របស់​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាប់ខ្លួន​មេខ្លោង និង​ជន​ទាំងឡាយ​ដែល​បំផុសបំផុល​ចលនា​ណាមួយ​ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ស្នើ​ឱ្យ​តុលាការ​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ហើយ​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​កុំឱ្យ​ចាញ់​ឧបាយកល ក្រុម​ឧទ្ទាម​រហូត​ចូលរួម​ក្នុង​សកម្មភាព​ណាមួយ​ដែល​នាំ​ឱ្យ​ខ្លួនឯង​ជាប់​ទោសទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនាគារ​បាត់បង់​អនាគត បែកបាក់​ពី​ក្រុម​គ្រួសារ​ជាដើម​» ។

ជាមួយ​គ្នា​នោះ​ដែរ នាយ​ឧត្តមសេនីយ៍​សូម​បងប្អូន​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន និង​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​កសាង​ប្រទេស​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ប្រែ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ