វណ្ណដា សន្យាបន្តប្រឹងប្រែងនាំតន្ត្រីខ្មែរកាន់តែល្បីលើឆាកអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងរ៉េប លោក វណ្ណដា បានសន្យាថា រូបលោក និងក្រុមការងារនឹងបន្តខិតខំប្រឹងប្រែង ដើម្បីនាំយកសំឡេងតន្ត្រីខ្មែរឲ្យកាន់តែល្បីនៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកទទួលបានជោគជ័យនៅក្នុងការបង្ហាញខ្លួនជាប្រវត្តិសាស្ត្រច្រៀងនៅលើឆាកកម្មវិធីបិទកីឡាអូឡាំពិកនៅក្នុងប្រទេសបារាំង ។

ការបង្ហាញវត្តមានសម្តែងនៅក្នុងកម្មវិធីបិទកីឡាអូឡាំពិកនៅប្រទេសបារាំងរបស់តារាចម្រៀងលោកវណ្ណដា បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងបានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះតារារូបនេះដែលអាចមានឱកាសច្រៀងសម្តែងនៅលើឆាកអន្តរជាតិដ៏ធំមួយនេះ ។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ ថ្នាក់ដឹកនាំសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការអបអរសាទរ និងអរគុណដល់វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីស ប្រទេសបារាំង ដោយក្នុងនោះ សម្តេចបានចាត់ទុកការបង្ហាញវត្តមានរបស់តារាចម្រៀងរូបនេះ គឺជាការជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ ។

យ៉ាងណា ក្រោយឃើញមានការចូលរួមអបអរពីថ្នាក់ដឹកនាំ និងទស្សនិកជនខ្មែរយ៉ាងច្រើនកុះករ វណ្ណដា ក៏បានចេញមុខថ្លែងអំណរគុណ និងបានសន្យាប្រឹងប្រែងនៅក្នុងការបន្តនាំយកតន្ត្រីខ្មែរឲ្យកាន់តែល្បីនៅលើឆាកអន្តរជាតិ ។

វណ្ណដា បានបញ្ចេញសំណេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ជាដំបូងសូមគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាសិល្បករមួយរូបតំណាងឱ្យផលិតកម្ម បារមី និងក្រុមការងារទាំងអស់ ពួកយើងពិតជាមានមោទកភាពបំផុត ដែលត្រូវបានអញ្ជើញជាកិត្តិយសទៅសម្តែងតំណាងប្រទេសកម្ពុជានៅលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

លោកបញ្ជាក់ថា ពួកយើងនឹងបន្តខំប្រឹងប្រែង ដើម្បីនាំយកសំឡេងតន្ត្រីខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ គួរបញ្ជាក់ថា តារាចម្រៀងរ៉េបដ៏ល្បីលោក វណ្ណដា ត្រូវបានផ្តល់ឱកាសចូលរួមសម្តែងនៅលើឆាកនៃកម្មវិធីបិទព្រឹត្តការណ៍កីឡាអូឡាំពិក២០២៤ ដែលបានធ្វើឡើងនៅប្រទេសបារាំងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

ក្រោយការសម្តែងចប់តារាចម្រៀងរូបនេះបានវិលមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោមការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រិយមិត្តគាំទ្រជាច្រើនរូបនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ក្រោយការវិលត្រឡប់នេះ វណ្ណដា បានអះអាងប្រាប់បណ្តាញសារព័ត៌មានថា ខ្ញុំមានមោទនភាពដែលបានលើកទង់ជាតិខ្មែរ ច្រៀងជាភាសាខ្មែរទៅកាន់ពិភពលោកក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ ហើយនេះខ្ញុំអាចនិយាយបានថាជាឱកាសមានតែម្ដងគត់ក្នុងមួយជីវិតក៏ថាបាន ព្រោះមិនដឹងថា ពេលណាមានឱកាសល្អដូចនេះទៀតទេ។

លោកបានបញ្ជាក់ថា កាលដែលលោកបានលើកយកបទ “Time to rise” ច្រៀងនៅលើវេទិកាអន្ដរជាតិដ៏ធំមួយនេះ គឺលោកធ្វើដើម្បីឧទ្ទិសដល់លោកតាគង់ ណៃ ផង និងដើម្បីឲ្យអន្ដរជាតិស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យរបស់កម្ពុជា ខណៈពេលលោកចាត់ទុកថា នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាលោកតា គង់ ណៃ និងប្រជាជាតិកម្ពុជាទាំងមូល ៕


ចែករំលែកព័តមាននេះ