ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បង្ហាញ​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​សាង​លើ​ព្រែក​ចាស់​ប្រវែង​១៣៥​គីឡូម៉ែត្រ

1 ខែ មុន
  • ភ្នំពេញ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ បាន​បង្ហាញ​នូវ​គន្លង និង​ទីតាំង​ត្រួស​ៗ​នៃ​គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា កន្លង​ទៅ​ថ្មី​ៗ​។…

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ បាន​បង្ហាញ​នូវ​គន្លង និង​ទីតាំង​ត្រួស​ៗ​នៃ​គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា កន្លង​ទៅ​ថ្មី​ៗ​។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ត្រូវ​ត​.​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ទទឹង​មុខកាត់​ផ្នែក​ខាងលើ ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម ប្រមាណ​​៨០​ម៉ែត្រ ជម្រៅ​ទឹក ប្រមាណ​៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍ ចំនួន​២​គន្លង​។

ប្រភព​ដដែល បាន​បន្ត​ថា ផ្លូវទឹក​នេះ ចាប់ផ្តើម​ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​ពោធិ៍ នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដោយ​នឹង​ត្រូវ​សាងសង់​ស្ទើរ​ទាំងស្រុង​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ ដែល​បាន​បន្សល់​ទុក​ស្រាប់​តាំងពី​សម័យ​អាណាចក្រ​ហ្វូ​ណ​ន មក​ម្ល៉េះ ។

ក្នុង​នោះ ផ្លូវទឹក​ធម្មជាតិ ដែល​មាន​ស្រាប់ មាន​ប្រវែង​ប្រមាណ​១៣៥​គីឡូម៉ែត្រ ផ្លូវទឹក​ត្រូវ​ជីក​តម្រង់​កុំឱ្យ​កោង​ពេក មាន​ប្រវែង​ប្រមាណ​៣៨​គីឡូម៉ែត្រ និង​ផ្លូវទឹក​ជីក​ថ្មី មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ដើម្បី​កាត់​បន្ថយ​កំណោង និង​កាត់​បន្ថយ​ចម្ងាយ​ត​.​ភ្ជាប់​ទៅ​កាន់​សមុទ្រ​។

ប្រភព​ដដែល បាន​បន្ត​ថា គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវទឹក ចំនួន​៣​កន្លែង ស្ថិត​នៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដែល​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ ទៅ​ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ និង​អត្រា​នៃ​រំហូរ​ទឹកសាប ដែល​ត្រូវ​ហូរ​ចេញ​ទៅ​សមុទ្រ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

គម្រោង​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់ ប្រមាណ​៤៨​ខែ និង​គ្រោង​បញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៨ ខាង​មុខ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ទុន​វិនិយោគ​របស់​សហគ្រាស​សាធារណៈ និង​ក្រុមហ៊ុន​ក្នុងស្រុក មាន​ចំនួន​៥១% និង​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) មាន​ចំនួន​៤៩% ដោយ​ការ​វិនិយោគ​នេះ នឹង​ត្រូវ​អនុវត្ត​ក្រោម​រូបភាព​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ (BOT)៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ