ថៃ ៖ ភ្លៀងធ្លាក់ខ្លាំងមិនឈប់មិនឈរ ហាក់បីដូចជា ព្រះភិរុណកំពុងផ្ទុះកំហឹ.ង បង្កើតជាទឹកជំនន់ធ្លាក់ចុះពីព្រៃភ្នំមានទាំងទឹកដោយទាំងភក់ហូរបុកចូលទៅវា.យប្រហារយ៉ាងគំហុកយ៉ាងរហ័ស លើភូមិអ្នកស្រុក ក្នុងខេត្តម៉ែហងសន ភាគពាយ័ព្យរបស់ថៃ ជាខេត្តមួយដែលមានព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ដូចជា The Nation និង Thai PBS នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ភូមិ ឃុំ និងស្រុកជាច្រើនសឹងតែទូទាំងខេត្តម៉ែហងសន ត្រូវបានរាយការណ៍ថា ត្រូវបានលិចលង់ នៅក្រោមទឹកជំនន់ ដែលកើតមានយ៉ាងរហ័ស និងបណ្តាលឱ្យលិចផ្លូវ បាក់ស្ពាន បំផ្លាញផលដំណាំជនលិចតំបន់កសិកម្ម សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្រូវប្រចាំខេត្ត និងផ្ទះសម្បែងរាប់សិបខ្នង ហើយសត្វពាហនៈជាច្រើនក្បាល ព្រមទាំងរថយន្តជាច្រើនគ្រឿង ត្រូវបានទឹកជំនន់ហូររសាត់ផាត់ទៅឆ្ងាយ ។

ខណៈភ្ញៀវទេសចរជាច្រើននាក់ ដែលកំពុងកម្សាន្ត នៅតាមរមណីយដ្ឋានានាបានជាប់គាំង ហើយក្រោយមកត្រូវបានអាជ្ញាធរបញ្ចូនក្រុមសង្គ្រោះជម្លៀសបន្ទាន់ ទៅកាន់ទីទួលសុវត្ថិភាពនោះ អ្នកភូមិដែលជាឱពុកម្តាយក៏ដូចជា លោកគ្រូអ្នកគ្រូ នាំគ្នាប្រញាប់ប្រញាល់ស្វែងរកអាហារ និងទឹកផឹក ដោយតស៊ូប្រយុទ្ធជាមួយចរន្តទឹកហូរខ្លាំង ដើម្បីនាំយករបស់ទាំងនោះទៅផ្តល់ជូនកូនៗ និងសិស្សសាលារាប់រយនាក់ដែលជាប់គាំង ដោយសារទឹកជំនន់នៅត្រើយម្ខាងនៃទន្លេ ។
អភិបាលស្រុកប៉ាងម៉ាផា នៃខេត្តម៉ែហងសន បានបញ្ជាក់ប្រាប់អ្នកកាសែត នៅម៉ោង៧ព្រឹក ថ្ងៃទី១៣ សីហាថា របាយការណ៍បឋមបង្ហាញថា មានស្ត្រីវ័យចំណាស់ម្នាក់បានស្លា.ប់ ខណៈទំហំនៃខូចខាតអាជ្ញាធរកំពុងប្រមូលរបាយការណ៍ និងស្រង់ទិន្នន័យ ។ ប៉ុន្តែអ្វីដែលបញ្ហាចំពោះមុខនាពេលនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវបានព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះកម្ពស់ទឹកនៃទន្លេផៃ ដែលកំពុងបន្តហក់ឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍ថា នឹងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា ។

គិតត្រឹមថ្ងៃទី១២ សីហា កម្ពស់ទឹកក្នុងទន្លេ Pai បានហក់ឡើងលើសកម្រិតធ្ងន់ធ្ងររហូតដល់ទៅជាង៣ម៉ែត្រ ជំរុញឱ្យអាជ្ញាធរបានព្រមានប្រជាពលរដ្ឋនៅសងខាងទន្លេឱ្យត្រៀមខ្លួនសម្រាប់ទឹកជំនន់ ។ ស្នងការប៉ូលិសខេត្តម៉ែហងសន បានឲ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ គឺមានប្រជាពលរដ្ឋជិត៥០០០នាក់ ក្នុងស្រុកចំនួន៤ បានរងផលប៉ះពាល់ ។
អ្នកភូមិមួយចំនួន ដែលរស់តាមតំបន់ទំនាបជាប់នឹងមុខទឹកហូរបាននាំគ្នាភៀសខ្លួនទៅកាន់តំបន់ភ្នំខ្ពស់ៗ ខណៈសាលារៀន រូងភ្នំទេសចរណ៍ និងតំបន់ឧទ្យានជាតិ ត្រូវបានប្រកាសបិទទ្វារ ដើម្បីសម្អាត និងបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ។

គួរកត់សម្គាល់ថា តាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា ខេត្តម៉ែហងសន នឹងបន្តប្រឈមមុខទៅនឹងហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងជោគជាំក៏ដូចជា ទឹកជំនន់រហ័សអូសបន្លាយរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយសារតែខេត្តតំបន់ភ្នំមួយនេះ កំពុងរងឥទ្ធិពលនៃខ្យល់មូសុងបង្គួរ និងឥទ្ធិពលសម្ពាធទាប ៕ អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា










ចែករំលែកព័តមាននេះ