រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោក ហើយបានបើកបរម៉ូតូកង់បី១គ្រឿងក្នុងស្ថានភាពរេពេញផ្លូវ បន្ទាប់មកក៏ជ្រុលចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយមួយកន្លែង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ពេលនោះបើកុំតែបានអ្នកដំណើរតាមផ្លូវវខាងលើជួយទាន់ កុំអីគាត់ត្រូវឈ្លក់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មកក្រុមគ្រួសារបាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះទាំងយប់តែម្ដង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅក្នុងប្រឡាយទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាអ្នកបើកបរកង់បីខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ ឬ ទីលំនៅរបស់គាត់នោះឡើយ គាត់ស្រវឹងជោកជាំ ហើយបើកបរម៉ូតូកង់បី១គ្រឿងពណ៍ និងពុំដឹងថាពាក់ស្លាកលេខប៉ុន្មាននោះដែរ ព្រោះវាបានលិចទៅក្នុងទឹកមើលមិនឃើញស្លាកលេខនោះទេ ។
តាមប្រភពពីបុរសម្នាក់ជាអ្នកដំណើរបាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ជញ្ជូនអីវ៉ាន់ដើម្បីយកទៅលក់នៅមុខរោងចក្រនៅខាងមុខរោងចក្រនោះ បានឃើញបុរសខាងលើបើកបរម៉ូតូកង់បី១គ្រឿងធ្វើដំណើរតាមផ្លូវបេតុងដែលជាផ្លូវរណបផ្លូវជាតិលេខ៤ ។ ក្នុងទិសដៅពីលិចទៅកើត ក្នុងស្ថានភាពរេពេញផ្លូវ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយទាំងកំរោល បណ្ដាលឲ្យបុរនោះរងរបួសធ្ងន់ ។
តាមប្រភពដដែលបាននិយាយបន្តទៀតថា ពេលនោះអ្នកដំណើរតាមផ្លូវបាននាំគ្នាលើកគាត់ចេញពីក្នុងទឹកទាន់ទើបមិនឈ្លក់ទឹកស្លាប់ ប៉ុន្តែគាត់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់ ។ ចំណែកម៉ូតូកង់បីនោះបានស្ថិតនៅក្នុងទឹកប្រឡាយទឹកស្អុយនោះ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែល ទើបនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានដឹង ហើយឲ្យម្ចាស់ទាញយកចេញយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ