រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ នេះបានប្រកាសសាលក្រមកំបាំងមុខ ផ្តន្ទាទោសលើឈ្មួញគ្រឿងញៀនម្នាក់ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង មានទីលំនៅខេត្តកំពង់ចាម ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៤០ លានរៀល និងចេញដីកាឲ្យតាមចាប់ខ្លួនជននេះ ដើម្បីយកមកអនុវត្តទោសតាមសាលក្រមដែលបានកំណត់ ពាក់ពន្ធពីបទ រក្សទុក ដឹកជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជិត២ គីឡូក្រាម ប្រព្រឹត្តកាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។ សាលក្រមបានប្រកាសជាសាធារណៈ ដោយទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
សូមជម្រាបថា ៖ សំណុំរឿងគ្រឿងញៀនមួយនេះ ដំបូងឡើយសមត្តកិច្ចបានធ្វើការចាប់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន៣ នាក់ រួមមាន ១-ឈ្មោះ អុឹម ឈួន អតីតស្នងការរងនគរបាលខេត្តកំពត ២-ឈ្មោះ កែវ ទិត្យមេសា និង៣-ឈ្មោះ ហុង គា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅម្តុំបឹងកក់ ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ខណៈជនសង្ស័ យទាំង៣ នាក់ដើរចេញពីរផ្សារទំនើប”ខាលែនឌែនម៉ល”បំណងឡើងជិះរថយន្ត ។
ពេលចាប់ខ្លួនសមត្តកិច្ចបានឆែកឆេរ រកឃើញវត្ថុតាងថ្នាំញៀននៅក្នុងរថយន្តជិត២ គីឡូក្រាម តែជនសង្ស័យទាំង៣ នាក់បានបដិសេធថា អត់ដឹង និងបានឆ្លើយដាក់ទៅលើឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង ជាម្ចាស់ថ្នាំញៀននោះ ព្រោះ សេក មិត្ត ហៅ កាយ ម៉េង បានយករថយន្តនេះទៅជិះប៉ុន្មានថ្ងៃ ហើយ ហើយមកដល់តាមផ្លូវមុនសមត្តកិច្ចចាប់ខ្លួនពួកគេទាំង៣ នាក់ ឈ្មោះ សេក មិត្ត បានចុះគេចខ្លួនបាត់ទៅ ។
តែទោះជាយ៉ាងណាក្តី សំណុំរឿងនេះត្រូវបានសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង៣ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី បន្ទាប់ មកតំណាងអយ្យការក៏បានធ្វើការចោទប្រកាន់ និងបានចាត់បញ្ជូ នទៅចៅក្រមស៊ើបសួរ ចៅក្រមស៊ើបសួរក៏បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ការឃុំខ្លួនបានធ្វើឡើយមួយរយៈខ្លី ជនសង្ស័យទាំង៣ នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ ។
បន្ទាប់មកទៀតតុលាការបានបើកការស៊ើបអង្កេត ទំនងរកមិនឃើញបទល្មើសជាក់ស្តែងដូចការចោទប្រកាន់នោះ ទើបបំបែកសំណុំរឿងជនសង្ស័យទាំង៣ នាក់ ចេញពីសំណុំរឿងគ្រឿងញៀននេះ ។ តុលាការសម្រេចផ្តន្ទាទោសកំបាំងមុខតែឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង ម្នាក់គត់ ដាក់ពន្ធនាគារកំណត់២៥ ឆ្នាំ ករណីរក្សាទុក ដឹកជញ្ជូន នឹងជួញដូរគ្រឿងញៀនជិត២គីឡូក្រាមដោយខុសច្បាប់ ៕
ចែករំលែកព័តមាននេះ