ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករក​ស៊ីតូច​តាច​រង​ទុក្ខ​រ៉ាំរ៉ៃ ដោយសារ​វិបត្តិ​ជាង​ពេល​មុន​ៗ

4 ខែ មុន

អ្នកជំនាញ​កម្ពុជា​បាន​អះអាង​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​និង ផលវិបាក​ដែល​កំពុង​តែ​កើត​មាននៅ​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​សព្វ​ថ្ងៃនេះ មាន​សភាព​រ៉ាំរ៉ៃ​ហើយ​ផលរប​ស់វា​ហាក់​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ដែល​បាន​ជួប​កាលពី​ឆ្នាំ ១៩៩៧ និង ឆ្នាំ​២០០៨ ។ មិន​ថា​តែ​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​ប្រទេស​ជិតខាង…

អ្នកជំនាញ​កម្ពុជា​បាន​អះអាង​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​និង ផលវិបាក​ដែល​កំពុង​តែ​កើត​មាននៅ​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​សព្វ​ថ្ងៃនេះ មាន​សភាព​រ៉ាំរ៉ៃ​ហើយ​ផលរប​ស់វា​ហាក់​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ដែល​បាន​ជួប​កាលពី​ឆ្នាំ ១៩៩៧ និង ឆ្នាំ​២០០៨ ។

មិន​ថា​តែ​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​ទទួល​រង​នូវ​វិបាក​នៃ​ការ​លក់រាយ​របស់​ក្រុម​អាជីវករ ទល់​និង​ក្រុម​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការ​ហៀរ​ចូល​ដោយ​ទំនិញ​តម្លៃ​ថោក​ពី​ប្រទេស​ចិន​ថែម​ទៀត​នោះ ធ្វើ​អោយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ជួប​ប្រទះ​បញ្ហា​។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​ថ្លែង​ថា ផលវិបាក​នៃ​សេដ្ឋកិច្ច​កម្ពុជា កើត​ចេញពី​កម្រិត​ជាតិ តំបន់ និង​សកល ហើយ ឥទ្ធិពល​នេះ​បាន​រាលដាល​បន្តបន្ទាប់​គ្នា ចាប់ផ្តើម​ពី​កម្រិត​ជាតិ រហូត​ដល់​កម្រិត​អាជីវករ និង​កម្រិត​ប្រជាជន​។

លោក​បណ្ឌិត បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​និយាយ​ជា​រួម​កម្រិត​ប្រជាជន ផល​ប៉ះពាល់​ទាំងអស់ គឺ​កើតឡើង​ប្រសិនជា បញ្ហា​សេដ្ឋកិច្ច​សព្វថ្ងៃ ដែល​យើង​ឃើញ​អតិផរណា​ជា​មូលហេតុ​ធំ ហើយ​បុព្វហេតុ​ដែល​ធ្វើ​អោយ​មាន​អតិផរណា គឺ​យើង​ឃើញ​លំ​អាន​ជា​បន្តបន្ទាប់​ហើយ គឺ​ចាប់ពី​ភាព​តានតឹង សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ហើយ​បន្ត​មក​គឺ​មាន​កូ​វី​ដ​១៩ បន្ទាប់​មក​ទៀត គឺ​សង្គ្រាម​រុ​ស្សី​និង​អ៊ុយ​ក្រែ​ន បន្ទាប់​មក​ទៀត​សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​ហា​ម៉ាស់ »​។

លោក​បណ្ឌិត ហុង វណ្ណៈ បន្ត​ថា បញ្ហា​ទាំង​អស់នេះ​ធ្វើ​អោយ​ច្រ​វ៉ា​ក់​ការ​ផ្គត់ផ្គង់​សកល​ប្រែប្រួល បែងចែក​ជា​បក្សពួក ដែល​នៅ​ជា​ពហុ​ប៉ូ​ល​ដដែល គ្រាន់តែ​ពុះ​ពិភពលោក​ជា​ចំរៀក​ៗ​។ បញ្ហា​នេះ​ធ្វើ​អោយ​ប្រទេស​តូច​ៗ​ពិបាក​ក្នុង​ការ​រត់​តាម និង​ហត់នឿយ​និង​រឿង​ទាំងអស់​ដែល​ក្រុម​ប្រទេស​មហាអំណាច​ធ្វើ និង​កំពុង​ធ្វើ​។

អ្នកជំនាញ​សេដ្ឋកិច្ច បន្ត​ថា «​បញ្ហា​សេដ្ឋកិច្ច​ក៏​ដូច​គ្នា​ដែរ ប្រទេស​ធំ ដែល​យើង​ដឹង​ហើយ​ថា ប្រទេស​ចិន​ជា​រោងចក្រ​ពិភពលោក ដូច្នេះ​ឥទ្ធិពល​នៃ​ការ​រីក ការ​លក់ដូរ នាំ​ចេញ​នូវ​ទំនិញ​សព្វសារពើរ ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​ផលិត​ខ្លាំង ផលិតកម្ម​ខ្ពស់​។ ឥទ្ធិពល​ទាំងនោះ​បាន​ចូល​ទៅ​វាយលុក​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​មាន​ឧស្សាហកម្ម​ធុន​មធ្យម ឬ​ក៏​ក្រោម​មធ្យម​ឲ្យ មានការ​ពិបាក​ផលិត ដោយសារ​តែ​ថ្លៃដើម​ខ្ពស់ រីឯ​ប្រទេស​ចិន​មាន​ថ្លៃដើម​ទាប ដែល​ធ្វើ​អោយ​អ្នក​ប្រើប្រាស់រ​ត់ទៅ​រក​ទំនិញ​ដែល​មាន​ថ្លៃដើម​ទាប ហើយ​ប្រើ​ការ​បាន​»​។

អ្នកជំនាញ​រូប​នេះ បន្ត​ថា បើ​និយាយ​ពី​សកល​ភា​វូ​នី​យ​កម្ម យើង​មិន​អាច​ហាមឃាត់​ចរន្ត ឬ​លំហូរ​ទំនិញ​ទាំងនោះ​បាន​នោះ​ទេ ប៉ុន្តែ​ប្រទេស​នីមួយ​ៗ​សុទ្ធតែ​មាន​របាំង​សម្រាប់​ប្រទេស​នីមួយ​ៗ ដោយសារ​តែ​ប្រទេស​ទាំងនោះ​ក៏​ជា​អ្នក​ផលិត​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​តំរូវការ​ផ្ទាល់​របស់​ប្រជាជន​។

លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែម​ថា «​វិ​បិត្ត​របស់​ប្រជាជន​ថ្នាក់​ក្រោម​វា​ធំធេង ទាក់ទង​ជាមួយ​កម្លាំង​ផលិត​វិញ​គឺ​SMEs នេះឯង​ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដូច​ខ្ញុំ​បាន​ជម្រាប កម្លាំងផលិតកម្ម វា​ឡើងថ្លៃ​វា​ថ្លៃ​ខ្ពស់ ដែល​មិន​អាច​លក់​នៅ​លើ​ទីផ្សារ​បាន​ត្រូវ​តែ​បង្ខំចិត្ត​បិទទ្វារ​។ ខុស​ពី​វិ​បិត្ត​សេដ្ឋកិច្ច វិបត្តិ​វិនិយោគ​ធំ​ៗ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ឥទ្ធិពល​ទាំងអស់ ដូច​ខ្ញុំ​បញ្ជាក់​ខាង​ដើម​” ។

លោក​បាន​បន្ត​ថា វិ​បិត្ត​សេដ្ឋកិច្ច​៩៧​ក៏​ដូច​ជា​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ វា​ជះ​ឥទ្ធិពល​បន្តបន្ទាប់​គ្នា គ្រាន់តែ​ប្រភេទ​នៃ​វិបត្តិ​ខុស​ៗ​គ្នា ហើយ​វិ​បត្ត​នា​ពេល​បច្ចុប្បន្ន​នេះ វា​ស្ទើរតែ​វិបត្តិ​សេដ្ឋកិច្ច​រ៉ាំ​រៃ ជាង​វិបត្តិ​សេដ្ឋកិច្ច​២០០៨ និង វិបត្តិ​ហិ​រញ្ញា​វត្ថុ​ឆ្នាំ​១៩៩៩៧​។

អ្នកជំនាញ​សេដ្ឋកិច្ច បន្ថែម​ថា បញ្ហា​ទាំង​អស់នេះ​អាច​ដោះស្រាយ​បាន ដោយ​ក្នុង​ប្រទេស​ធំ​ៗ​រដ្ឋាភិបាល​មាន​សាច់ប្រាក់​ចាក់​ចូល​ទៅ​ក្នុង​ការ​វិនិយោគសាធារណៈ ឬ​ការ​បំពេញបន្ថែម​លើ SMEs ឬ​ជំរុញ​ក្នុង​កម្ចី​ផ្សេង​ៗ ដើម្បី​រុញ​អោយ​ដំណើរការ​លើ​ឧស្សាហកម្ម SMEs មួយ​ចំនួន​ច្បាស់លាស់ ឬ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​មួយ​ចំនួន​លើ​មន្ត្រីរាជការ ដែល​ត្រូវ​មាន​កញ្ចប់​ពិសេស​។

លោក​បណ្ឌិត ហុង វណ្ណៈ បន្ត​ថា «​ការ​វិនិយោគសាធារណៈ​ច្រើន ការ​ទាក់ទាញ​វិនិយោគ​គិ​ន​បរទេស​តាម​រយៈ​ការ​ផ្តល់​សម្បទាន ឬ​ក៏​សេវា​ល្អ​ៗ​ពី​រដ្ឋាភិបាល​ទៅ​អោយ​វិនិយោគ​គិ​ន ធ្វើ​យ៉ាងម៉េច​ទាក់ទាញ​អោយ​វិនិយោគ​គិ​ន​មក យក​លុយ​មក​ដាក់ ហើយ​វិស័យ​ទេសចរណ៍​ដូច​គ្នា​ដែរ កាលណា​យើង​ធ្វើ​គោលនយោបាយ​ទាក់ទាញ​គេ បញ្ចុះតម្លៃ​ពិសេស​យ៉ាងម៉េច ដើម្បី​ពួក​គេ​មក​ទស្សនា​នៅ​ប្រទេស​យើង​តាម​គ្រប់​រូបភាព តាម​គ្រប់​មធ្យោបាយ​»​។

លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បានអោយ​កម្មវិធី​លុយ ដឹង​ដែរ​ថា វិបាក​សេដ្ឋកិច្ច​បច្ចុប្បន្ន​ប៉ះពាល់​ភាគច្រើន​លើ​សហគ្រាស​ធន​តូច​និង​មធ្យម របស់​កម្ពុជា​ជា​ពិសេស​ប៉ះពាល់​ខ្លាំង​លើ​ជីវភាព​របស់​ប្រជាជន​ជា​ទូទៅ រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​មាន​សញ្ញា ងើបឡើង​វិញ​ទាក់ទង​និង​SMEs ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​យ៉ាងណា​ក៏​ដោយ​។

លោក​បណ្ឌិត ជ័យ តិច បន្ថែម​ថា «​ដើម្បី​អោយ​SMEs មានការ​ងើបឡើង​មក​វិញ ដើម្បី​លើក​ស្ទួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​នោះ ខ្ញុំ​យល់​ឃើញ​ថា​រាជរដ្ឋា​ភិបាល​ត្រូវធ្វើ​កំណែទម្រង់​និង​គាំទ្រ បន្ថែម​ទៀត ទៅ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ជា​ពិសេស​គឺ​ការ​ទទួល​បាន​នូវ​ហិ​រញ្ញា​វត្ថុ ប្រាក់​កម្ចី​និង​ដើមទុន​ដែល​មាន​អត្រា​ការ​ប្រាក់​អនុគ្រោះ ការ​ផ្តល់​នូវ​ចំណេះ ជំនាញ បច្ចេកវិទ្យា ទាក់ទង​បច្ចេកវិទ្យា​ការ​ផលិត បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដល់​សហគ្រាស​ទាំងនោះ​»​។

លោក​បណ្ឌិត ជ័យ តិច បន្ត​ថា រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា ដើម្បី​អោយ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​តម្លៃ​ថ្លៃដើម​ទាប តាម​រយៈ​ការ​លើកលែង​ពន្ធ ឬ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​សំខាន់​ៗ ជា​ពិសេស​តម្លៃ​អគ្គី​ស​នី​ដែល​ជា​ប្រភព​ថាមពល​សំខាន់​ក្នុង​ការ​ផលិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ