រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះផ្ទះលក់វែនតានៅក្រោយវត្តលង្កា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ចំនុចផ្ទះលក់វែនតាយីហោ អី អ៊ុបទិច(E-OPTICS) ក្រោយវត្តលង្កា ផ្លូវ៦៣កែងផ្លូវ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានអ្នកខ្លះចូលសម្រាន្ត និងអ្នកខ្លះទៀតមិនទាន់សម្រាន្ត ស្រាប់តែធុំក្លិនឈ្ងៀម និងមានហ៊ុយផ្សែងខ្មៅចេញពីក្នុងហាងខាងលើ ហើយណាមួយដោយសារតែម្ចាស់ចាក់សោទៀត មិនអាចចូលទៅមើលជាក់ស្ដែងឡើយ បានតែត្រឹមតែរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន អោយចុះទៅពិនិត្យតែប៉ុណ្ណោះ ។

តាមប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ក៍បានសម្រចវាយបំបែកកញ្ចក់ទ្វារនិងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់តែមិនអាចទប់ទល់នឹងអណ្តែតភ្លើងបាន ទើបរាយការណ៍បន្តដើម្បីសុំជំនួយរថយន្ដបង្ការនិងពន្លត់អគ្គីភ័យរបស់ការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ដធ្វើអោយភ្លើងរលត់ទៅទាំងស្រុងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែល ។
ពាក់ព័ន្ធនិងករណីនេះផងដែរ សមត្ថកិច្ចបានអោយដឹងថា មិនមានការរាលដាលដល់ផ្ទះសំដែងរបស់បងប្អូនប្រជាពលរដ្ឋផ្សេងៗណានោះទេ ហើយក៍គ្មានមនុស្សរងរបួសនោះដែរគឺគ្រាន់តែខូចខាតសំភារៈអស់មួយចំនួនតែប៉ុណ្ណោះ ចំពោះមូលហេតុវិញសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្ត ៕







ចែករំលែកព័តមាននេះ