ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របង​ការពារ​បូរណភាព​ទឹកដី​ដ៏​រឹង​មាំ​របស់​កម្ពុជា

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​មន្ទិល​សង្ស័យ ឬ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន អំពី​ការ​បាត់បង់​ទឹកដី​ដោយសារ​តែ​កិច្ចព្រមព្រៀង CLV (​កម្ពុជា​-​ឡាវ​-​វៀតណាម​) នោះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​មន្ទិល​សង្ស័យ ឬ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន អំពី​ការ​បាត់បង់​ទឹកដី​ដោយសារ​តែ​កិច្ចព្រមព្រៀង CLV (​កម្ពុជា​-​ឡាវ​-​វៀតណាម​) នោះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ទ្បើ​ង នូវ​ការ​អះអាង​មួយ​ចំនួន ដែល​នឹង​បញ្ជាក់​ថា ជា​របង​ការពារ​បូរណភាព​ទឹកដី​ដ៏​រឹង​មាំ​របស់​កម្ពុជា ក្នុង​នោះ​រួម​មាន ៖

១. កម្ពុជា​មាន​បង្គោល​ព្រំដែន​ដ៏​រឹង​មាំ​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចរចា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​កសាង​របង​ផ្ទះ​ឱ្យ​បាន​ច្បាស់លាស់​និង​មាំទាំ​ក្នុង​គោលបំណង​ធានា​ឱ្យ​បាន​នូវ​បូរណភាព​ទឹកដី​របស់​ខ្លួន​ឱ្យ​បានជា​ដាច់ខាត​។

២. ផ្លូវ​ក្រវាត់​ព្រំដែន​ត្រូវ​បាន​កសាង​ឡើង​ភ្លាម​ៗ​ក្រោយ​ពី​បង្គោល​ព្រំដែន​ត្រូវ​បាន​បោះ​រួច​ដើម្បី​ធ្វើ​ជា​ខ្សែក្រវាត់​ទី​២​បន្ទាប់​ពី​បង្គោល​ខ័​ណ្ឌ​សីមា​។ ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់​ពីព្រោះ​វា​មិន​គ្រាន់តែ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ងាយស្រួល​តាម​បណ្តោយ​ព្រំដែន​និង​អាច​ដឹក​ជញ្ជូន​កសិផល​នានា​ទៅ​កាន់​ទីផ្សារ​ដោយ​ងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ មាន​ផ្លូវ​គឺ​មានការ​អភិវឌ្ឍ​។ ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន គឺជា​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ ។

៣. ប៉ុស្តិ៍​នគរបាល​ត្រូវ​បាន​សាងសង់​ជា​ហូរហែ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់​ព្រំដែន​ដើម្បី​រក្សា​ការពារ​បូរណភាព​ទឹកដី​ផង និង​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ផង​។ នេះ​គឺជា​សក្ខីភាព​ដែល​បញ្ជាក់​ថា តំបន់​ជាប់​ព្រំដែន​មិន​ត្រូវ​បាន​បោះបង់​ចោល​ឡើយ​។ ផ្ទុយ​ទៅ​វិញ គឺជា​តំបន់​ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ ។

៤. ប្រជាពលរដ្ឋ​បាន​ទៅ​តាំងទី​លំនៅ​តាម​ផ្លូវ​ក្រវាត់​ព្រំដែន​កាន់តែ​ច្រើន​ឡើង​ដែល​ធ្វើ​ឱ្យ​តំបន់​ព្រំដែន​មាន​សកម្មភាព​រស់​រវើក ដូច​ជា​ការ​លក់ដូរ វត្ត​អារាម សាលារៀន ការ​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ៗ និង​ការ​នេសាទ​ត្រី​ជាដើម​។ ប្រជាពលរដ្ឋ​ទាំងនោះ​ហើយ​ដែល​ជា​ឆ្មាំ​ការពារ​បូរណភាព​ទឹកដី​ដ៏​រឹង​មាំ​។ រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​នៅ​គ្រប់​ទីកន្លែង​ ។

៥. កម្ពុជា​មាន​មេដឹកនាំ​ដែល​ប្តូរផ្តាច់​ការពារ​អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹកដី​។ ទាំង​សម្តេច​តេ​ជោ ទាំង​សម្តេច​ធិ​បតី បាន​បង្ហាញ​ច្បាស់​ពី​ជំហរ​ដ៏​ម៉ឺងម៉ាត់​និង​ដាច់ខាត​ចំពោះ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ បង្គោល​ព្រំដែន ផ្លូវ​ក្រវាត់​ព្រំដែន ប៉ុស្តិ៍​នគរបាល​ព្រំដែន និង​វត្តមាន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ព្រមទាំង​ការ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន រួម​ទាំង​វិធានការ​នានា ដូច​ជា ការ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​លក់​ឬ​ជួល​ដី​តាម​ព្រំដែន​ឱ្យ​ប្រទេស​ជិតខាង និង​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​មានកម្ម​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​ជាដើម គឺជា​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​និង​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ ។

៦. រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​តាម​ជាយ​ដែន​។ ចំណុច​ទាំងឡាយ​ដូច​បាន​លើក​ឡើង​ខាងលើ​សុទ្ធ​សឹង​ជា​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​និង​ជាក់លាក់​ក្នុង​ការ​រក្សា​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស​និង​ស្ថិតស្ថេរ​ចីរកាល​ជា​រៀង​រហូត​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ