រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយកូន២ម្នាក់ ដែលជាជាងសំណង់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមក្បែរផ្លូវដែកមួយកន្លែង ដោយមានសភាពបែកក្បាលធ្ងន់ធ្ងរ និងត្រូវបានសង្ស័យថា រថភ្លើងបុក ។ ព្រោះមុនពេលស្លាប់ គាត់បានទិញស្រាបៀរទៅអង្គុយផឹកនៅលើផ្លូវដែកនោះ ហើយមុនពេលប្រទះឃើញសាកសពគាត់បន្តិចក៏មានរថភ្លើងមួយខ្សែបើកឆ្លងកាត់ទីនោះ លុះរថភ្លើងទៅបាត់ក៏ស្រាប់តែប្រទះឃើញសាកសពគាត់តែម្ដង ។

ហេតុការណ៍ខាងលើ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសដែលស្លាប់ខាងលើ ឈ្មោះសារឿន មាន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ គាត់ពោះម៉ាយមានកូនប្រុស១នាក់ និងស្រី១នាក់ និងមានទីលំនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិកើតហេតុខាងលើ ។

បើតាមបុរសម្នាក់ដែលជាអ្នកធ្វើការបានប្រាប់ឲ្យដឹងថា ឈ្មោះសារឿន មាន ទើបតែមកស្នាក់នៅធ្វើការសំណង់នៅក្នុងភូមិកើតហេតុនេះ បានរយៈពេល២អាទិត្យប៉ុណ្ណោះ ហើយនៅវេលាល្ងាចថ្ងៃទី១ ខែសីហា ។ ក្រោយពេលចេញពីធ្វើការសំណង់ បុរសនេះរួមជាមួយបុរសម្នាក់ទៀតដែលត្រូវជាប្អូនប្រុសជីដូនមួយបានជិះម៉ូតូ១គ្រឿងចេញពីករដ្ឋានសំណង់ទៅផឹកស៊ីនៅក្នុងភូមិនោះដែរ ។ ពួកគាត់បានផឹកមួយកន្លែងហើយមួយកន្លែងទៀតចំនួន៣កន្លែងរហូតដល់ស្រវឹងធ្លាក់ភ្នែក បន្ទាប់មកក៏បាននាំគ្នាទៅកោសជប់នៅម្ដុំជិតខ្លោងទ្វារវត្តស្ងួនពេជ្រ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ។
បុរសខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា លុះកោសជប់រួច មិនព្រមឈប់ចូលទៅរកកន្លែងដេកពួនសម្រាកយកកម្លាំង ដើម្បីធ្វើការបន្តនៅថ្ងៃស្អែកទៀតនោះទេ ពួកគាត់បានទិញស្រាបៀរ និងបុកល្ហុង រួចនាំគ្នាទៅអង្គុយផឹកស៊ីបន្តនៅលើផ្លូវដែកត្រង់ចំណុចកើតហេតុនោះទៀត ។

រហូតដល់វេលាម៉ោង១២យប់ថ្ងៃដដែល ប្អូនប្រុសជីដូនមួយបានបបួលទៅកន្លែងស្នាក់នៅវិញ ខណៈនោះបុរសខាងលើ ប្រាប់ថា«អាប្អូនឯងទៅមុនចុះ ចាំបងទៅតាមក្រោយ » បន្ទាប់មកប្អូនប្រុសជីដូនមួយនោះក៏ទៅមុនបាត់ទៅ ហើយគាត់បាននៅអង្គុយផឹកម្នាក់ឯងបន្តទៀត ។

ប្រភពមួយនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា លុះដល់វេលាម៉ោងប្រមាណ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា មានរថភ្លើង១ខ្សែបើកបរចេញពីភ្នំពេញទៅកាន់ខេត្តកំពតក្នុងទិសដៅពីជើងទៅត្បូង ។ ពេលនោះពុំមាននរណាបានដឹងថា បុរសនោះត្រូវរថភ្លើងបុក ឬ បែបណានោះទេ រហូតដល់វេលាម៉ោង១យប់រំលងអធ្រាត្រថ្ងៃដដែលក្រោយពេលរថភ្លើងទៅផុត ។ ស្រាប់តែប្រទះឃើញបុរសនោះដេកស្លាប់នៅក្នុងថ្លុកឈាមដោយបែកក្បាលធ្ងន់ធ្ងរ ហើយត្រូវបានសង្ស័យថារថភ្លើង១ខ្សែនោះបុកបណ្ដាលឲ្យប្រកាច់ធ្លាក់ពីលើផ្លូវរថភ្លើងស្លាប់ ។

ប្រភពដដែលបានប្រាប់ទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយក្រោយពេលកើតហេតុសាកសពបុរសខាងលើមិនត្រូវបានយកចេញពីកន្លែងកើតហេតុភ្លាមៗនោះទេ ។
រហូតដល់ព្រឹកថ្ងៃដដែល ក្រោយពីនគរបាលចុះទៅពិនិត្យធ្វើកំណត់ហេតុរួចរាល់ ទើបប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ចែករំលែកព័តមាននេះ