ទីក្រុងប៉េកាំង៖ មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ហើយ ហើយ៣៥នាក់ទៀតបាត់ខ្លួន មិនដឹងថាស្លាប់ ឬរស់នៅឡើយទេបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិនភាគអាគ្នេយ៍ដោយសារខ្យល់ព្យុះត្រូពិច។ នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋ។ ចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះអាចរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/dd0de3d97d648cff6a14b2eb7543fa17.jpg)
មុនដំបូង គេឮថាស្លាប់៤នាក់នៅភូមិហ្ស៊ីស៊ីង (Zixing) ខេត្តហ៊ូណាន។ ក្រោយមកមានហេតុការណ៍បាក់ដីស្លាប់មនុស្ស១៥នាក់ថែមទៀតនៅទីតាំងមួយទៀតនៃខេត្តហ៊ូណានដដែល ហើយបង្កឡើងដោយសារការធ្លាក់ភ្លៀងដដែល។ កាលពីដើមសប្ដាហ៍, ទូរទស្សន៍ស៊ីស៊ីធីវី (CCTV) បង្ហាញរូបឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដឹកជញ្ជូនជំនួយចូលទៅក្នុងតំបន់ដែលរងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀងនៅខេត្តហ្ស៊ីស៊ីង។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/52fd2906273220a28bdfb046c08938fc.jpg)
គិតត្រឹមពាក់កណ្ដាលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ភ្លើងអគ្គិសនី និងបណ្ដាញទូរគមនាគមន៍អាចតភ្ជាប់ឡើងវិញភាគច្រើននៅទីក្រុងដដែលនេះ។ នាយករដ្ឋមន្ត្រីចិន លោកលីឆៀង បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅភូមិមួយចំនួននៃទីក្រុងហ្ស៊ីស៊ីង និងបានជំរុញឱ្យអាជ្ញាធរខិតខំឱ្យអស់ពីសមត្ថភាពតាមគ្រប់មធ្យោបាយដើម្បីស្វែងរកអ្នកបាត់ខ្លួន។ នៅពេលនេះ ក្រុមការងារកំពុងតែចុះស្វែងរកយ៉ាងប្រញឹកដៃ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/4b6ab7300b3eb0a7ce0582aed07fba98.jpg)
ភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃជាប់ៗគ្នានេះកើតឡើងដោយសារឥទ្ធិពលខ្យល់ព្យុះហ្គេមី (Gaemi) ដែលបោកបក់ទៅដល់តំបន់មាត់សមុទ្រប្រទេសចិន ហើយចាប់ផ្ដើមបង្កើនកម្លាំងរបស់វាក្លាយជាខ្យល់ព្យុះទីហ្វុងកាលពីចុងសប្ដាហ៍មុន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។ រហូតមកដល់ពេលនេះ គេទទួលដំណឹងថាចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៨នាក់ហើយគិតតែនៅក្នុងខេត្តហ៊ូណាន (Hunan) មួយប៉ុណ្ណោះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/2d39617bfa65b58616d5f3398e9a5e60.jpg)
ដោយឡែក សាកសពជនរងគ្រោះបីនាក់ទៀតមិនទាន់រាប់បញ្ចូលទេ។ ពួកគេស្លាប់ដោយសារការបាក់ដី ហើយត្រូវគេប្រទះឃើញសាកសពនៅទីក្រុងឈឹនចូវ (Chenzhou)។ ខ្យល់ព្យុះហ្គេមីក៏ពាំនាំទៅជាមួយនូវភ្លៀងយ៉ាងខ្លាំងក្លានៅតំបន់ឦសានប្រទេសចិន និងធ្លាយដល់ទឹកដីកូរ៉េខាងជើងថែមទៀត ជាហេតុធ្វើឱ្យទឹកទន្លេយ៉ាលូ (Yalu) ឡើងប្រៀបច្រាំង។ ទន្លេនេះជាព្រំដែនសីមាខណ្ឌចែកប្រទេសចិន និងប្រទេសកូរ៉េខាងជើង។ បើគេក្រឡេកទៅមើលព្រំដែនចិន និងកូរ៉េខាងជើងនៅត្រង់ម្ដុំទីក្រុងដាន់ដុង (Dandong) ក៏មានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអេភី (AP)៕
ចែករំលែកព័តមាននេះ