ទីក្រុងញូដេលី៖ ក្រោយការបាក់ដីនៅរដ្ឋកេរ៉េឡា ប្រទេសឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុននោះ ក្ដីសង្ឃឹមកាន់តែរសាត់ឆ្ងាយទៅហើយថាអាចនឹងរកឃើញអ្នកដែលនៅរស់រានមានជីវិតត។ ប៉ុន្តែក្រុមអ្នកស្វែងរកចេះតែបន្តការងាររបស់ខ្លួនជានិច្ច។ ពួកគេខិតខំតស៊ូដើរកាត់ដីភក់ល្បាប់ និងគំនរបាក់បែកក្រោយការបាក់ដីដែលសម្លាប់មនុស្ស១៩៤នាក់។ នេះជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននៅរដ្ឋកេរ៉ាឡាចាប់តាំងពីឆ្នាំ២០១៨។ អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថាគេអាចជួយសង្គ្រោះមនុស្សជាង៥៥០០នាក់ចេញពីភូមិជាច្រើនកន្លែងនៅលើភ្នំ។
ក្រុមអ្នកជួយសង្គ្រោះជួបប្រទះនឹងឧបសគ្គជាច្រើនដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់រងគ្រោះ។ ថ្ងៃនេះ គេរកឃើញសាកសពជនរងគ្រោះជិត៤០នាក់បន្ថែមទៀតដែលរសាត់តាមខ្សែទឹកហូរចម្ងាយ៣០គីឡូម៉ែត្រពីកន្លែងបាក់ស្ពានឆ្លងកាត់ស្ទង និងកន្លែងបាក់ដី។ នៅក្នុងចំណោមនោះ សាកសពខ្លះដាច់ជាកំណាត់ៗ។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ មនុស្ស១៨៧នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ មិនទាន់ដឹងថាពួកគេស្លាប់ ឬរស់នៅឡើយទេ ខណៈដែលមនុស្ស១៨៦នាក់រងរបួស។
សារព័ត៌មានក្នុងស្រុកខ្លះផ្សាយថាជនរងគ្រោះភាគច្រើនបំផុតជាកម្មករធ្វើការនៅក្នុងចម្ការតែ។ នៅក្នុងការស្វែករកមនុស្សបាត់ខ្លួនលើកនេះ គេប្រើប្រាស់កម្លាំង១១០០នាក់ ឧទ្ធម្ភាគចក្រ និងគ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង។ តាមរយៈរូបភាពដែលគេបញ្ជូនមកពីកន្លែងកើតហេតុ គេឃើញថាក្រុមការងារខ្លះត្រូវដើរកាត់ដីភក់ និងទឹកជំនន់។ គេឃើញគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រខិតខំជីកកកាយគំនរបាក់បែក។
កាសែតឥណ្ឌាអ៊ិចប្រែស និងដឹថាមអូហ្វឥណ្ឌា (India Express & Times of India) ចុះផ្សាយថាជនរងគ្រោះដែលបានស្លាប់មានចំនួនសរុប២៧៦នាក់គិតចាប់តាំងពីពេលមានភ្លៀងធ្លាក់ខ្លាំង បាក់ដី រហូតដល់គ្រោះទឹកជំនន់។ កាលពីថ្ងៃអង្គារមានទឹកហូរលាយឡំជាមួយដីភក់កាត់ចម្ការតែ និងភូមិស្រុកជាច្រើនដែលនៅលើភ្នំ។ ស្ពានក៏បាក ផ្ទះជាច្រើនខ្នងក៏ត្រូវខូចខាត។
កងទ័ពប្រញាប់សាងសង់ស្ពានដែកមួយខ្សែសម្រាប់ប្រើប្រាស់ជាបណ្ដោះអាសន្នជំនួសស្ពានដែលបានបាក់។ ស្ពាននេះតភ្ជាប់ទៅតំបន់ដែលរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិលើកនេះដើម្បីជួយសម្រួលការដឹកជញ្ជូនគ្រឿងបរិក្ខារធុនធ្ងន់ឆ្លងកាត់ស្ទឹងចេញពីទីក្រុងដែលនៅក្បែរនោះ។ មនុស្សជាង៨៣០០នាក់ត្រូវគេដឹកជញ្ជូនទៅកាន់កន្លែងស្នាក់នៅបណ្ដោះអាសន្នដែលរៀបចំដោយអាជ្ញាធរចំនួន៨២កន្លែង។ រដ្ឋាភិបាលខិតខំផ្គត់ផ្គង់ពួកគេនូវចំណីអាហារ និងរបស់របរដទៃទៀត។
រដ្ឋកេរ៉េឡាដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌាក៏ជាតំបន់ងាយរងគ្រោះដោយសារការធ្លាក់ភ្លៀងខ្លាំង គ្រោះទឹកជំនន់ និងការបាក់ដី។ ពីដំបូងដៃ ក្រសួងឧតុនិយមព្យាករថាតំបន់រងគ្រោះអាចនឹងទទួលបានរបបទឹកភ្លៀងជាង២០០មិល្លីម៉ែត្រ។ ប៉ុន្តែជាក់ស្ដែងត្រឹមតែរយៈពេល៤៨ម៉ោង តំបន់នោះទទួលបានរបបទឹកភ្លៀង៥៧២មិល្លីម៉ែត្រ៕
ចែករំលែកព័តមាននេះ