ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Korean Air ប្រកាស​ឈប់​បម្រើ​មី​កំប៉ុង​ដល់​អ្នក ដំណើរ Economy Class ព្រោះ​ហេតុផល​នេះ

5 ខែ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង Korean Air នឹង​បញ្ឈប់​ការ​បម្រើ​មី​កំប៉ុង ដែល​ជា​អាហារ​សម្រន់​ដ៏​ពេញ​និយម​បំផុត​នៅ​កូរ៉េ​ខាងត្បូង ដល់​អ្នកដំណើរ​ជិះ​យន្តហោះ​កៅអី​ធម្មតា ឬ Economy…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង Korean Air នឹង​បញ្ឈប់​ការ​បម្រើ​មី​កំប៉ុង ដែល​ជា​អាហារ​សម្រន់​ដ៏​ពេញ​និយម​បំផុត​នៅ​កូរ៉េ​ខាងត្បូង ដល់​អ្នកដំណើរ​ជិះ​យន្តហោះ​កៅអី​ធម្មតា ឬ Economy Class អំឡុង​ពេល​ហោះហើរ​ផ្លូវ​ឆ្ងាយ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​កើត​មាន​បណ្តាល​មក​ពី​ទឹក​ក្តៅ​ពុះ​ក្នុង​កំប៉ុង​មី នៅ​ពេល​ជួប​ឧបទ្ទវហេតុ​ខ្យល់​កន្ត្រាក់​រលាក់​ចុះ ឡើង​លើ​អាកាស ដែល​ភាសា​បច្ចេកទេស​ហៅ​ថា «Turbulence»​។

ការ​ព្រួយបារម្ភ​ពី​ឧបទ្ទវហេតុ​ខ្យល់​កន្ត្រាក់​លើ​អាកាស​បាន​កើនឡើង ចាប់តាំងពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន Singapore Airlines ពី​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស កាលពី​ខែឧសភា​កន្លង​ទៅ ដោយ​ជួប​ឧបទ្ទវហេតុ​ខ្យល់​កន្ត្រាក់​រលាក់​ចុះឡើង​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​រាប់​សិប​នាក់​ផ្សេង​ទៀត​។

ក្រុមហ៊ុន Korean Air បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា «​ការ​សម្រេចចិត្ត​នេះ គឺជា​ផ្នែក​មួយ នៃ​វិធានការ​សុវត្ថិភាព​សកម្ម​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង ការ​កើន ឡើង​ករណី​ខ្យល់​កន្ត្រាក់​លើ​អាកាស ហើយ​ក៏​នៅ​ក្នុង​គោលបំណង​ការពារ​ការ​រលាក ដោយសារ​ទឹក​ក្តៅ​ពុះ​ផង​ដែរ​»​។

មី​កំប៉ុង គឺជា​អាហារ​ដ៏​ពេញ​និយម​បំផុត សម្រាប់​បម្រើ​ដល់​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង​។ ប៉ុន្តែ​ដោយសារ​តែ​ការ​កើនឡើង​ករណី កាលពី​ថ្មី​ៗ​នេះ ក្រុមហ៊ុន Korean Air កាលពី​ខែកក្កដា​កន្លង​ទៅ បាន​សម្រេច​បម្រើ​មី​កំប៉ុង​ដល់​អ្នកដំណើរ​លើ​យន្តហោះ​ប្រភេទ Economy Class ដែល​ហោះហើរ​ផ្លូវ​ឆ្ងាយ និង​មធ្យម ២០​នាទី​មុន​ហោះហើរ និង​បញ្ចប់​ការ​បម្រើ​អាហារ​នៅ​៤០​នាទី មុន​ពេល​ចុះ​ចត​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន Korean Air បាន​បញ្ជាក់​ថា ការ​បម្រើ​មី​កំប៉ុង​ទឹក​ក្តៅ​ដល់​អ្នកដំណើរ សម្រាប់​យន្តហោះ​កៅអី​ធម្មតា ឬ Economy Class នឹង​បញ្ឈប់​ចាប់ពី​ថ្ងៃ​ទី​១៥ ខែសីហា តទៅ​។ ហើយ​អាហារ​សម្រន់​នឹង​រួម​បញ្ចូល​ជាមួយ​សាំង​វិច សាច់ក្រក​បំពង​ម្យៅ (Corn Dog) និង​នំ Hot Pockets​។

គួរ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Korean Air គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​២១​ផ្សេង​ទៀត ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ផ្លាស់​ប្តូរ​ទិន្នន័យ​ពេលវេលា​ជាក់ស្តែង​ស្តី​ពី «Turbulence» ដែល​បាន​ចាប់ផ្តើម​ដោយ​ស្ថាប័ន​អាកាសចរណ៍​សកលលោក International Air Transport Association (IATA) នៅ​ក្នុង​ឆ្នាំ ២០២០៕ (​ប្រភព ៖ Reuters)

FILE PHOTO: A man walks next to the logo of Korean Air airlines during an organised media tour, at the company’s Cabin Crew Training Center in Seoul, South Korea, June 27, 2024. REUTERS/Kim Soo-hyeon/File Photo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ