ខេត្តបន្ទាយមានជ័យ ៖ ទឹកស្ទឹងមង្គលបូរីបានហក់ឡើងខ្លាំង ហើយបើទឹកនៅតែបន្តឡើងបែបនេះ គឺអាចប្រឈមប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ដែលរស់នៅតាមដង់ស្ទឹងហើយ គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក ជា ទី មេឃុំសឿបានប្រាប់ថា ទឹកជំនន់ដែលធ្លាក់ផ្នែកខាងលើ អាចលិចផ្លូវចំណុចស្ពានសំណង់និងទឹកប្រៀបប្រឡាយព្រែករ ហូតពេលនេះទឹកអាចគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផលស្រូវ ហើយបើសិនទឹកនៅបន្តជន់ឡើងគឺអាចនឹងប្រឈមការប៉ះពាល់ ។
លោក ចៅ ម៉ី មេឃុំចំណោមបានប្រាប់ថា នៅដងស្ទឹងចំណោមទឹកជំនន់បានហក់ឡើងខ្លាំង១យប់១ថ្ងៃអាចឡើងដល់៣តឹក តែមិនទាន់កម្រិតប្រកាសអាសន្ននៅឡើយទេ ព្រោះនៅត្រឹមគំនូសលេខ១ បើប្រកាសអាសន្នគឺនៅគំនូសលេខ៧ និងទឹកនៅប្រឡាយព្រែកបានហក់ឡើងខ្លាំងត្រង់ចំណុចសំណង់បង្ហៀរទឹកហូរខ្លាំង មិនអាចត្រាក់ទ័រ ឬគោយន្តឆ្លងកាត់បានអ្នកដំណើរតាមម៉ូតូអាចធ្វើដំណើរតាមស្ពានឈើទៅមកបាន ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ពេលនេះលោកបានដឹកនាំមន្ត្រីនិងកម្លាំងចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក នៅពេលទឹកជំនន់ធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង មកស្រុកមង្គលបូរី ដែលប្រឈមឃុំមួយចំនួនជាប់ដងស្ទឹង ។ បើសិនជាទឹកជំនន់នៅតែបន្តហក់ឡើងខ្លាំងអាចប៉ះពាល់តែពេលនេះមិនទាន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ និងផលដំណាំកសិកម្មផ្លូវថ្នល់នៅឡើយទេ។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ងថា ទឹកស្ទឹងមង្គលបូរីនៅផ្នែកខាងលើសំណង់ពោធិ៍២ដើម កម្រិតទឹកមានត្រឹមតែ៤ម៉ែត្រ បើប្រកាសអាសន្នកម្រិត៦ម៉ែត្រ តែពេលនេះទឹកស្ទឹងនៅតែបន្តហក់ឡើងខ្លាំង១ថ្ងៃកម្រិតទឹកឡើង៣តឹក ហើយពេលនេះសំណង់ពោធិ៍២ដើមក្នុងចំណោមទ្វារទឹក៣ ត្រូវបានបើកចំនួនទ្វារទឹក១ ហើយទឹកធ្លាក់ទៅតាមដងស្ទឹងផ្នែកខាងក្រោយ និងទ្វាទឹក២ដែលបិទដើម្បីបញ្ចាល់ទឹកទៅឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ ។
ហើយពេលនេះ ទឹកទន្លេជនឡើងពីផ្នែកខាងក្រោមដូចគ្នាឆ្នាំនេះទឹកទន្លេក៏ឡើងរុញមកលើ និងទឹកខាងឡើងរុញទៅក្រោម តែពេលនេះមិនទាន់ប៉ះពាល់នៅឡើយទេ ។
ចែករំលែកព័តមាននេះ