រាជធានីភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ឲ្យដឹងថា ស.ពអាកាសយានិកទាំងពីររូបបានបូជារួចហើយ តែមិនទាន់យកមកចេញមកដល់ទេ ដោយសារផ្លូវពិបាក ប៉ុន្តែទោះយ៉ាងណាក៏ត្រូវយកអដ្ឋិធាតុទៅភ្នំពេញ នៅថ្ងៃទី១ ខែសីហា ទោះបីជាយប់យ៉ាងណាក្តី ។
ប្រាប់ឲ្យភ្នាក់ងារកោះសន្តិភាពឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី១ សីហា ឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ ឥត សារ៉ាត់បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ស.ពបានបូជារួចហើយ ប៉ុន្តែការយកមកដល់ភ្នំពេញម៉ោងប៉ុន្មាននោះមិនទាន់ដឹងទេ ព្រោះថា ថ្វីត្បិតតែបូជារួចហើយ នៅកន្លែងហ្នឹងមែន ប៉ុន្តែការយកមកនេះវាក៏មិនងាយដែរ ។ កម្លាំងយើងដើរចេញមក៧ គីឡូម៉ែត្រ ដោយឆ្លងខ្នងភ្នំជ្រោះ… អីញ្ចឹងយើងមិនអាចកំណត់ពេលវេលាបានទេ តែថា ថ្ងៃនេះ គឺពុះពារយកអដ្ឋិធាតុឲ្យមកដល់ភ្នំពេញម៉ោង១២យប់ ឬម៉ោងប៉ុន្មានក៏មកដល់ដែរ» ។
សូមជម្រាបថា នាយទាហានទាំង២រូប ដែលជាអាកាសយានិកបានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ក្រោយបាត់ដំណឹងនេះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ទើបប្រទះឃើញឧទ្ធម្ភាចក្រនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលនាយទាហានទងពីរបានបាត់បង់ជីវិតទៅហើយ។
ក្រុមកងកំលាំងចម្រុះបានរកឃើញស.ពអាកាសយានិក ខេង ឆៃយុទ្ធ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ។ ចំណែកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ