(បារាំង)៖ អត្តពលិកលោតកម្ពស់ដ៏ល្បីរបស់អ៊ីតាលី លោក Gianmarco Tamberi បានសរសេរសារបង្ហោះសុំទោសប្រពន្ធរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីធ្វើបាត់ចិញ្ចៀនរៀបការ ធ្លាក់ចូលក្នុងទន្លេសែន ប្រទេសបារាំង ក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់គាត់ លោក Gianmarco Tamberi បានចែករំលែកថា ចិញ្ចៀននោះបានរអិលចេញពីម្រាមដៃរបស់គាត់ ខណៈពេលដែលលោកព្យាយាមលើកទង់ជាតិអ៊ីតាលីនៅលើទូករបស់គណៈប្រតិភូកីឡា។ ឧបទ្ទវហេតុដ៏កម្រនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មាន និងអ្នកគាំទ្រជុំវិញពិភពលោក។


អត្តពលិកលោតកម្ពស់ដ៏ល្បីរបស់អ៊ីតាលី លោក Gianmarco Tamberi ជាម្ចាស់មេដាយមាស នៅអូឡាំពិក ឆ្នាំ២០២០។ ហើយចាប់ពីថ្ងៃទី៧ ខែសីហា Tamberi ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងក្នុងវិញ្ញាសារលោតខ្ពស់ផ្នែកបុរស។
សូមរំលឹកថាទន្លេសែន ត្រូវបានគេរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទ្រីយ៉ាត្លុងបុរស និងស្ត្រីក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលពិធីបើកបានធ្វើឱ្យមានការព្រួយបារម្ភអំពីកម្រិតបំពុល និងគុណភាពទឹកមិនស្អាត មិនសុវត្ថិភាពសម្រាប់អត្តពលិកក្នុងការហែលទឹកប្រកួត៕ ប្រភព៖ ksdk.com



ចែករំលែកព័តមាននេះ