ខេត្តតាកែវ ៖ អគ្គិភ័យឆេះផ្ទះថៅកែលក់ដូរគ្រឿងបន្លាស់រថយន្ត និងម៉ូតូ បណ្តាលឱ្យខូចខាតអស់ទ្រព្យសម្បត្តិយ៉ាងច្រើន កើតឡើងកាលពីវេលាម៉ោងជាង១៩យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលក់សម្ភារគ្រឿងបន្លាស់រថយន្ត និងម៉ូតូ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ករណីនេះដែរ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនិងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងថា ព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ពិតជាមានអគ្គិភ័យកើតឡើងចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្តម៉ូតូខូចខាត់សម្ភារអស់មួយចំនួនធំ មានឆេះផ្ទះអស់៥ល្វែង និងផ្ទះវីឡាកម្ពស់២ជាន់មួយខ្នង ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
លោកស្នងការរងបញ្ជាក់ថា កម្លាំងខាងស្នងការដ្ឋាននគរបាលបានប្រើប្រាស់ឡានទឹកសរុប១៤រថយន្ត គឺស្នងការដ្ឋានខេត្តតាកែវ១១រថយន្ត និងខាងស្នងការនគរបាលរាជធានីភ្នំពេញ៣រថយន្ត បានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយបានប្រើប្រាស់ទឹកអស់ចំនួន៧១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គីភ័យនេះបានទាំងស្រុង ។
ចំពោះមូលហេតុនៃអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ លោកវរ:សេនីយ៍ឯកឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវបានអោយដឹងថាជនរងគ្រោះទាំង២គ្រួសារដែលរងការត្រូវអគ្គីភ័យឆេះបំផ្លាញផ្ទះអស់ទាំងស្រុងនេះ ទី១-ឈ្មោះង៉ែត ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ នឹងប្រពន្ធឈ្មោះហ៊ុយ មាណ អាយុ៥១ឆ្នាំ ជាផ្ទះធ្វើម៉ូតូ លក់ម៉ូតូនឹងលក់គ្រឿងបន្លាស់ម៉ូតូ ហើយម៉ូតូជាង១០គ្រឿង ក៏ត្រូវភ្លើងឆេះបំផ្លាញនិងសម្ភារផ្សេងៗត្រូវភ្លើងឆាបឆេះទាំងស្រុង ។
ទី២-ឈ្មោះហេង ធារ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះគួច គឹមឆេង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ត្រូវភ្លើងឆាបឆេះទាំងស្រុង នៅសល់តែសសរដែក និងស័ង្កសីផ្ទះ៣ល្វែង ប្រក់ស័ង្កសីនឹងផ្ទះថ្មកំពស់២ជាន់ ទំហំ៩ម គុណ២០មនឹងគ្រឿងបន្លាស់រថយន្ត ម៉ូតូ រួមជាមួយសំភារ:ផ្សេងៗទៀតត្រូវភ្លើងឆេះទាំងស្រុង ។
លោកអធិការនគរបាលក្រុងដូនកែវបានបញ្ជាក់ថា មុនពេលកើតហេតុគឺផ្ទះគួច ទ្រី បាននាំគ្នាអង្គុយលេងមុខផ្ទះស្រាប់តែលឺសំលេងផ្ទុះឡើងក្នុងផ្ទះ នៅពេលនាំគ្នាចូលមើលត្រូវអណ្តាតភ្លើងឆាបឆេះឡើងខ្លាំងទៅហើយទើបមានការឆោឡោឡើងធ្វើអោយភ្ញាក់ផ្អើលមនុស្សម្នា និងឡានទឹកមកជួយអន្តរាគមន៍តែដោយសារផ្ទះជនរងគ្រោះទាំង២ខាងលើ លក់គ្រឿងបន្លាស់រថយន្ត និងម៉ូតូសុតតែគ្រឿងជ័ទើបមិនអាចជួយសង្គ្រោះបានឡើយ ហើយបើគិតពីទំហំទឹកប្រាក់រាប់សែនដុល្លារឯណោះ ៕
ចែករំលែកព័តមាននេះ