ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមអះអាង​ថា ​ពេញចិត្ត​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនីដល់​កម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ វៀតណាមបាន​អះអាង​ថា ភាគី​វៀតណាម​ពេញចិត្ត​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី ដល់​កម្ពុជា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ឧស្សាហកម្ម 4.0​។​នេះ​បើ​តាមលោក ផា​ម មិ​ញ​ជិ​ញ…

រាជធានី​ភ្នំពេញ ​៖ វៀតណាមបាន​អះអាង​ថា ភាគី​វៀតណាម​ពេញចិត្ត​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី ដល់​កម្ពុជា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ឧស្សាហកម្ម 4.0​។​នេះ​បើ​តាមលោក ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ផា​ម មិ​ញ​ជិ​ញ ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​ទឹកដី​វៀតណាម​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ចោ​នៅ​ក្នុង​ជំនួប​នេះ ភាគី​មិត្ត​វៀតណាម បាន​បង្ហាញ​នៅ​ក្ដី​រំភើប និង​លើកទឹកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​មនោសញ្ចេតនា ដ៏​ជ្រាលជ្រៅ​បំផុត​របស់​សម្ដេច​តេ​ជោ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ដោយ​ផ្ទាល់ ទាំង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​បន្ត​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព លោក ង្វៀ​ន ហ្វូ​ជុង នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ហើយ​ប្រទេស​ទាំង​ពីរ បាន​បន្ត​នូវ​ប្រពៃណី​យ៉ាង​ល្អ ជា​ពិសេស ការ​បន្ត​វប្បធម៌​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជ្រាលជ្រៅ រវាង​សម្ដេច​តេ​ជោ និង​លោ​កម ង្វៀ​ន ហ្វូ​ជុង បាន​បន្សល់​ទុក​នូវ​មរតក​សម្រាប់​ថ្នាក់ដឹកនាំ ជា​នាយក​រដ្ឋមន្ត្រី , ថ្នាក់ដឹកនាំ​ជា​ប្រធានរដ្ឋសភា , ថ្នាក់ដឹកនាំ​ជា​ប្រធាន​ព្រឹទ្ធសភា ក៏​ដូច​ជា​ប្រធាន​គណបក្ស , អគ្គលេខា ធិការ​គណបក្ស ហើយ​មិន​ត្រឹមតែ​កម្ពុជា និង​វៀតណាម​ទេ ក៏​សម្ដែង​នូវ​មិត្ត​ភាពល្អ រវាង​កម្ពុជា វៀតណាម ឡាវ​ផង​ដែរ ។

ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់ អំពី​ប្រពៃណី​នៃ​ការ​ធ្វើការ​ជាមួយ​គ្នា ហើយ​ជា​ពិសេស ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា ដែល​បាន​គិតគូរ និង​សំដែង​ការ​សោកស្ដាយ ចំពោះ​ការ​បាត់បង់​ឧត្តមបុរស​ជាតិ របស់​មិត្ត​វៀតណាម ក៏​ដូច​ជា​ការ​បាត់បង់​ទាំង​កម្ពុជា​ផង​ដែរ ចំពោះ​អ្វី​ដែល លោក​អគ្គលេខាធិការ​បក្ស បាន​បន្សល់​ទុក​នូវ​ការ​ពូន​ជ្រុំ នៃ​កិច្ច​សហប្រតិបត្តិការ ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ និង​យូរអង្វែង និង​មិត្តភាព​ជា​បងប្អូន​ល្អ ជា​អ្នក​ជិតខាង​ល្អ ក្នុង​អាណត្តិ​ដែល​លោក​អគ្គលេខាធិការ បាន​ទទួល​ជា​មេដឹកនាំ ។

ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​គ្នា ដោយ​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ទំនុកចិត្ត គឺជា​ការ​លះបង់ និង​ការ​សាមគ្គី​គ្នា​គ្រប់​ដំណាក់កាល ដើម្បី​ដណ្ដើម​យក​ឯករាជ្យ​ភាព ក្នុង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល ទាំង​ពីរ​អាណានិគមនិយម និង​ចក្រ​ព័ទ្ធ​និយម , ដូច្នេះ​ហើយ​ភាគី​ទាំង​ពីរ នឹង​បន្ត​ពូន​ជ្រុំ នូវ​មិត្តភាព​នេះ ឲ្យ​បាន​យូរអង្វែង​បន្ត​ទៀត ជា​ពិសេស ថ្នាក់​នាយក​រដ្ឋមន្ត្រី តែងតែ​ជួប​គ្នា​គ្រប់ពេលវេលា ទាំង​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទាំង​នាយក​រដ្ឋមន្ត្រី​ឡាវ និង​លោក ផា​ម មិ​ញ​ជី​ញ នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​គ្រប់​ទីតាំង និង​គ្រប់​វេទិកា ។

ភាគី​ទាំង​ពីរ ក៏​បាន​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ធ្វើ​យ៉ាងណា ឱ្យ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ទាំងអស់ មានការ​កើនឡើង ជា​ពិសេស វៀតណាម នៅ​ឆ្នាំ​២០៣០ ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍ ហើយ​ក៏​ជូនពរ​ឱ្យ​ក្លាយទៅជា ប្រទេស​ដែល​ចូល​ទៅ​ក្នុង​កម្រិត​មហា​សេដ្ឋកិច្ច ទាំង​២០ របស់​ពិភពលោក ។ មិត្ត​វៀតណាម ក៏​បាន​ជូនពរ​ឱ្យ​កម្ពុជា ទទួល​បាន​ជោគជ័យ​ចំពោះ​ទស្សនៈវិស័យ របស់​សម្ដេច​តេ​ជោ និង​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​លើក​ស្ទួយ និង​លើកកម្ពស់ ចំពោះ​កា​រត​ភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​កា​រត​ភ្ជាប់​ខឿនសេដ្ឋកិច្ច ដើម្បី​ឯករាជ្យ ម្ចាស់​ការ ធ្វើ​ឱ្យ​មានការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ព្រោះ​អ្វី​ៗ​ទាំងអស់ នៃ​ការ​រីក​ចម្រើន គឺជា​ផលប្រយោជន៍​របស់​កម្ពុជា និង​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នៃ​កា​រត​ភ្ជាប់​នូវ​ទីផ្សារ​ទេសចរណ៍ និង​ហេដ្ឋា រចនាសម្ព័ន្ធ​ទាំងឡាយ ។

ភាគី​ទាំង​ពីរ ក៏​បាន​យល់​ស្រប​ចំពោះ​សំណើ នៃ​ការ​គិតគូរ​ក្នុង​ការ​យក​ប្រជាជន​ជា​ស្នូល ហើយ​ជា​ពិសេស គឺ​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​អគ្គិសនី ដោយ​ខាង​ភាគី​មិត្ត​វៀតណាម ទទួលយក​សំណើរ​របស់​សម្ដេច​តេ​ជោ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​បន្ត​ផ្គត់ផ្គង់​អគ្គិសនី ដល់​កម្ពុជា​២៥០​មេ​ហ្គា​វ៉ា​ត់ ដែល​បន្ត​កិច្ចសន្យា​ចាប់ពី​ឆ្នាំ​២០២៥ បន្ត​ទៀត​។​ហើយ​ភាគី​វៀតណាម គឺ​ពេញចិត្ត​ក្នុង​ការ​ផ្គត់ផ្គង់​ឱ្យ បាន​លើស​នឹង​បន្ថែម​ទៀត ហើយ​បើសិនជា​អាច គឺ​ភាគី​វៀតណាម បើក​ទូលាយ​ដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ ឬ​ក៏​លើស ៤០០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ឧស្សាហកម្ម 4.0 ។

ភាគី​ទាំង​ពីរ ក៏​បាន​ផ្ដល់​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង រវាង​គណបក្ស​ទាំង​ពីរ ក៏​ដូច​ជា​រាជរដ្ឋាភិបាល បាន​បង្ករ​ឲ្យ​មាន​លក្ខណៈ​នៃ​ការ​បណ្ដុះបណ្ដាល និង​ផ្លាស់​ប្ដូរ​យុវជន ដើម្បី​ស្គាល់គ្នា ទុកចិត្ត​គ្នា និង​ធ្វើការ​ដឹកនាំ​ប្រកបដោយ​សុ​ឆន្ទៈ ក្នុង​ន័យ​មិត្តភាព​យូរអង្វែង ដូច្នេះ​ហើយ​ភាគី​ទាំង​ពីរ ក៏​នៅ​តែ​ចង់​ចាំ​បំភ្លេច​ចំពោះ​គុណ​នូ​បក្ការៈ​របស់​លោក ង្វៀ​ន ហ្វូ​ជុង ដែល​បន្ត​ពូន​ជ្រុំ​នូវ​ការ​កសាង​ធនធានមនុស្ស សម្រាប់​គ្រប់​ជំនាន់​តទៅ ដើម្បី​កិច្ច​សហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ ឲ្យ​បាន​ឋិតថេរ និង​គង់វង្ស​យូរអង្វែង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ