ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក Nguyen Phu Trong​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះរា ជា ណា ចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះរា ជា ណា ចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤​ នេះ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីនៃ​ព្រឹទ្ធសភាធ្វើ​ដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​។

បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​ ហើយ​បាន​បក​ប្រែជា​ភាសា​ខ្មែរ​បាន​លើក​ឡើង​ថា​ គណ​បក្សកុម្មុយនិស្ត​នៃ​ប្រទេស​វៀត​ណា​ម​បាន​ប្រកាស​ថា អគ្គលេខាធិការ​បក្ស​លោក Nguyen Phu Trong បាន​ទទួលមរណភាព​ហើយ នៅ​អាយុ​៨០​ឆ្នាំ ដោយសារ​រោគាពាធ​។

ដំណឹង​មរណភាព​ខាងលើ​ ធ្វើ​ឡើង​បន្ទាប់​ពី​បក្សកុម្មុយនិស្ត​វៀតណាម លោក To Lam ដែល​ជា​ប្រធា​នា​ធិបតី​វៀតណាម ត្រូវ​បាន​ផ្តល់​តួនាទី​ឱ្យ​ឡើងជា​មេដឹកនាំ​ស្តីទី ដើម្បី​ទទួល​បន្ទុក​ដឹកនាំ​កិច្ច​ការងារ​រដ្ឋ​ទាំងឡាយ ជា​បណ្តោះអាសន្ន ស្រប​ពេល​ដែល​លោក Trong សម្រាក​ពី​ការងារ​មួយ​រយៈ ដើម្បី​ផ្តោត​លើ​ការ​ពិនិត្យ​តាមដាន និង​ព្យាបាល​ជំងឺ​។

នៅ​ក្នុង​ប្រទេស​វៀតណាម អគ្គលេខាធិការ​បក្សកុម្មុយនីស្ត គឺជា​តំណែង​ដែល​មាន​អំណាច​ជាងគេ​បង្អស់ ខណៈ​តំណែង​ប្រធានាធិបតី មិនសូវ​ជា​មាន​ឥទ្ធិពល​នោះ​ទេ​។ រីឯ​តំណែង​ពីរ​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​សសរស្តម្ភ​ទាំង​៤ នៃ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​របស់​វៀតណាម គឺ​នាយក​រដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា​ ។

លោក Nguyen Phu Trong កើត​នៅ​ឆ្នាំ​១៩៤៤ ក្នុង​ត្រកូល​គ្រួសារ​កសិករ​ក្រីក្រ​មួយ​រស់នៅ​ក្នុង​ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុង​ហាណូយ​។ លោក​គឺជា​សាស្ត្រាចារ្យ ម្នាក់​ដែល​ទទួល​បាន​សញ្ញាប័ត្រ បណ្ឌិត​ផ្នែក​នយោបាយ​។ លោក​បាន​ក្លាយជា​សមាជិក​បក្ស​ក​ម្មុ​យ​និ​ស្ដ​វៀតណាម ដោយ​បម្រើ​ការ​ឱ្យ​ទស្សនាវដ្ដី​របស់​បក្ស គឺ Communist Review ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៩៦ ហើយ​បាន​ក្លាយជា​និពន្ធ​នាយក​ទស្សនាវដ្ដី​នេះ​ក្នុង​ឆ្នាំ​១៩៩៧​។

លោក​បាន​ក្លាយជា​លេខា​រង​នៃ​គណៈកម្មាធិការ​បក្ស​ប្រចាំ​ទីក្រុង​ហាណូយ នៅ​ខែសីហា ឆ្នាំ​១៩៩៦ ដល់​ខែកុម្ភៈ ឆ្នាំ​១៩៩៨​។ ពី​ខែកុម្ភៈ ឆ្នាំ​១៩៩៨ ដល់​ខែមករា ឆ្នាំ​២០០០ លោក Nguyen Phu Trong ដែល​មាន​ជឿ​ស៊ប់​លើ​មនោគមន៍​វិ​ជា្ជ ម៉ាក​-​ឡេ​នី​ន (Marxism-Leninism) បាន​ទទួល​បន្ទុក​លើ​កិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​របស់​គណ​បក្សកុម្មុយនិស្ដ​វៀតណាម​។ ចាប់ពី​ខែមករា ឆ្នាំ​២០០០ ដល់​ខែមិថុនា ឆ្នាំ​២០០៦ លោក​បាន​បម្រើ​ការ​ជា​លេខា​នៃ​គណៈកម្មាធិការ បក្ស​ប្រចាំ​ទីក្រុង​ហាណូយ​។ នៅ​ចន្លោះ​ពី​ខែមីនា ឆ្នាំ​១៩៩៨ ដល់​ខែសីហា ឆ្នាំ​២០០៦ លោក​បាន​កាន់​តំណែង​ជា​អនុប្រធាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ទ្រឹស្ដី នៃ​គណៈកម្មាធិការ​មជ្ឈិម​គណ​បក្សកុម្មុយនិស្ដ​វៀតណាម​។

លោក Nguyen Phu Trong បាន​ក្លាយជា​ប្រធាន​សភា​វៀតណាម​ពី​ខែមិថុនា ឆ្នាំ​២០០៦ ដល់​ខែកក្កដា ឆ្នាំ​២០១១ ហើយ​នៅ​ចន្លោះ​ពី​ខែមករា ឆ្នាំ​២០១១ ដល់​ខែមករា ឆ្នាំ​២០១៦ លោក​បាន​ក្លាយជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុ​យ​និ​ស្ដ​វៀតណាម​នីតិកាល​ទី​១១ និង​ជា​លេខា​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​។

ក្រោយមក លោក Trong បាន​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​នីតិកាល​ទី​១២ និង​លេខា​គណៈកម្មការ​យោធា​មជ្ឈិម​ពី​ខែមករា ឆ្នាំ​២០១៦ ដល់​ខែតុលា ឆ្នាំ​២០១៨​។ លោក Trong បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស ប្រធានាធិបតី និង​លេខា​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​នៅ​ចន្លោះ​ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែមេសា ឆ្នាំ​២០២១​។

ចាប់តាំងពី​ឆ្នាំ​២០២១ មក​ទល់​នឹង​លោក​ទទួលមរណភាព លោក Trong បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​នីតិកាល​ទី​១៣ និង​ជា​លេខា​គណៈកម្មការ​យោធា​មជ្ឈិម​។ លោក Trong ក៏​ធ្លាប់​ជា​សមាជិក​ការិយាល័យ​នយោបាយ​ទី​៨ រហូត​ដល់ទី​១៣ របស់​បក្ស​ក​ម្មុ​យ​និ​ស្ដ​វៀតណាម​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ