ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំងបា.ក់កៀកមកដល់! ផ្ទះពលរដ្ឋ៣ខ្នងនៅទន្លេបិទ ត្រូវបានរុះរើទៅកន្លែងសុវត្ថិភាព

1 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ «គិតរហូតមកដល់ល្ងាចថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៤ ច្រាំងទន្លេនៅចំណុចទួលគរ ក្នុងឃុំ

ខេត្ត​ត្បូងឃ្មុំ ៖ «គិតរហូតមកដល់ល្ងាចថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៤ ច្រាំងទន្លេនៅចំណុចទួលគរ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលប៉ះពាល់លំនៅឋានពលរដ្ឋ៣ខ្នងស្មើនឹង៣ម្ចាស់ ត្រូវបានរុះ​រើទៅកាន់កន្លែងសុវត្ថិភាព ជាមួយនោះមិនមានលំនៅឋានពលរដ្ឋផ្សេងទៀតត្រូវបានយាយីដោយការបាក់ច្រាំងនោះទេ» ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកភិន ឈុន មេឃុំទន្លេបិទ។

ផ្ទះចំនួន៣ខ្នងខាងលើ​ដែលត្រូវរុះរើចេញនោះ រួមមាន ៖

១-ឈ្មោះ អេង វណ្ណដា អាយុ​៤១​ឆ្នាំ និង​ប្រពន្ធឈ្មោះ អាន ស្រីពៅ អាយុ​៣៨​ឆ្នាំ មានសមាជិកគ្រួសារ៦នាក់ ជាម្ចាស់ផ្ទះឈើប្រក់ដែក ទំហំ៥ម៉ែត្រ​គុណ​៧ ម៉ែត្រ ។​
២-ឈ្មោះ ចែម សុខឃឿន អាយុ៥៤ឆ្នាំ មានសមាជិកគ្រួសារ​ចំនួន៥​នាក់ ជាម្ចាស់ផ្ទះឈើប្រក់ដែក មានទំហំ៤ម៉ែត្រគុណ​៥​ម៉ែត្រ ។
និងទី៣-ឈ្មោះ កើត មឿន ភេទស្រី អាយុ​៦៦​ឆ្នាំ មានសមាជិកគ្រួសារ​៦​នាក់ ជាម្ចាស់ផ្ទះឈើប្រក់ដែក មានទំហំ៤ម៉ែត្រ​គុណ​៥​ម៉ែត្រ ។

ជាមួយនោះ អាជ្ញាធរឃុំទន្លេបិទបានឲ្យមេភូមិទួលគរនិងទួលខ្សាច់បន្តតាមដានមើលស្ថានភាពទឹកទន្លេ បើទឹកបន្តហក់ឡើងធ្វើឲ្យច្រាំងបាក់ច្រើននោះ ត្រូវរាយការណ៍មកឃុំ ដើម្បីសុំ​ការ​អន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត ក្នុងករណីប៉ះពាល់ដល់​លំនៅដ្ឋានប្រជា​ពលរដ្ឋ។

​គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ច្រាំងទន្លេបានបាក់ស្រុតចូលទន្លេជាបន្តបន្ទាប់ ដោយគ្រួសារខ្លះបានបង្ខំចិត្តរុះរើលំនៅដ្ឋានចេញ ទៅរស់នៅកន្លែងផ្សេង ខណៈឆ្នាំនេះច្រាំងនៅតែបន្តបាក់ ធ្វើឳ្យមានផ្ទះចំនួន ៣ខ្នងបន្ថែមទៀតត្រូវរុះរើចេញដើម្បីកុំឳ្យមានគ្រោះថ្នាក់ ។

ដោយឡែក ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកឡេីង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាឳ្យ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ជួយរុះរើជូនប្រជាពលរដ្ឋភ្លាមៗ យកទៅសាងសង់នៅកន្លែងថ្មីឆ្ងាយពីច្រាំងទន្លេនិងមានសុវត្ថិភាព។

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះទៅសួរសុទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនេះ ។

ជាមួយនឹងការចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ខាងលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានណែ​នាំដល់អភិបាលស្រុកត្បូងឃ្មុំ ពិនិត្យលទ្ធភាពជួយដោះស្រាយ ដោយធ្វើយ៉ាងជួយសម្រាល់ទុក្ខលំបាក់ពួកគាត់បានក្នុងគ្រាមានអាសន្ននេះផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះ​ថ្នាក់​ជាយថាហេតុណាមួយ​ ក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ